ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ដ្រូ​ន និងកម្មវិធីទូរសព្ទ រួមចំណែក​យ៉ាង​សំខាន់​ ធ្វើ​ឲ្យបទល្មើស​ធនធានធម្មជាតិ​មាន​ថយ​ចុះ​ គួរឲ្យ​កត់សម្គាល់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារធម្មជាតិ បាន​និង​កំពុង​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន (Drone) ដើម្បី​តាមដាន និង​បង្ក្រាប​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ដ្រូ​ន និង​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារធម្មជាតិ បាន​និង​កំពុង​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន (Drone) ដើម្បី​តាមដាន និង​បង្ក្រាប​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ដ្រូ​ន និង​កម្មវិធី SMART Mobile បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​បទល្មើស​ធនធានធម្មជាតិ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។

លោក រស់ លី​ដា មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជាក់​ថា តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​បញ្ជូន​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ទៅ​តុលាការ​ជា​ច្រើន ដូច្នេះ​ដ្រូ​ន នឹង​ចូលរួម​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​ការពារ​ធម្មជាតិ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត តាម​រយៈ​ការ​កំណត់​ព័ត៌មាន ឬ​ទីតាំង​សង្ស័យ​មាន​បទល្មើស​ជា​មុន ។

មិន​ត្រឹម​ប៉ុណ្ណឹង​ទេ វា​ក៏​ចូលរួម​ប្រមូល​ទិន្នន័យ ជា​ពិសេស​ទាក់ទង​នឹង​ការ​បាត់បង់​ព្រៃឈើ ដើម្បី​បង្ហាញ​ទៅ​កាន់​ឱ្យ​រដ្ឋាភិបាល ឬ​អ្នកមាន​សមត្ថកិច្ច ក្នុង​ការ​សម្រេចចិត្ត​អន្តរាគមន៍ ឬ​ដំណោះស្រាយ​យ៉ាងណា ដើម្បី​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​។ លោក​បន្ត​ថា ដ្រូ​ន មាន​វិសាលភាព​ឃ្លាំមើល​ទីតាំង​បាន​ធំ​ទូលាយ​ល្អ ជា​ពិសេស​នៅ​ទីតាំង​តំបន់ ដែល​មានព្រៃ​ក្រាស តំបន់​ភ្នំ និង​អូរ​ជាដើម ខណៈ​នៅ​ខែ​ខ្លះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ចុះ​ទៅ​ល្បាត​នៅ​តាម​គោលដៅ​មួយ​ចំនួន​បាន​នោះ​ទេ ប៉ុន្តែ​ដ្រូ​ន​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ឃ្លាំមើល​បទល្មើស​ជាដើម ។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា បន្ទាប់​ពី​ក្រសួងបរិស្ថាន បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ្រូ​ន ទៅ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួច​មក​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​មានការ​ថយ​ចុះ ដែល​នេះ​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ក្នុង​កិច្ចការ​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ «​ជា​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​»​។

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា ការ​ប្រើប្រាស់​ដ្រូ​ន នៅ​ពេល​នេះ​ក៏​បង្ហាញ​ពី​កា​រវិ​វត្ត​ថ្មី​មួយ​របស់​កម្ពុជា ក្នុង​សម័យ​បច្ចេកវិទ្យា ព្រោះថា​សព្វថ្ងៃ ការ​ល្បាត​ព្រៃ​មិន​អាច​ពឹងផ្អែក​លើ​កម្លាំង​មនុស្ស​តែ​មួយ​មុខ​បាន​ទេ​។ កា​រវិ​វត្ត​បច្ចេកវិទ្យា​ទំនើប​នេះ ក៏​ជា​ផ្នែក​មួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​ការពារ​ធម្មជាតិ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

សូម​ជម្រាប​ថា នៅ​ឆ្នាំ​២០២៤-២០២៥ ក្រសួងបរិស្ថាន​បាន​ផ្ដល់​ផែនទី​តំបន់ការពារធម្មជាតិ និង​ផែនទី​ផ្កាយ​រណប​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បាន​ប្រគល់​ដ្រូ​ន​ចំនួន ៤៧​គ្រឿង ដល់​មន្ទីរ​បរិស្ថាន​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​តាមដាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ។

ក្រសួងបរិស្ថាន ក៏​បាន​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ្រូ​ន និង​កម្មវិធី SMART Mobile ដែល​ជាមួយ​ឧបករណ៍​ស្មា​ត​ហ្វូ​ន ឱ្យ​យល់​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ល្បាត និង​ការ​អង្កេត​តាមដាន​សកម្មភាព​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក វិទ្យា​ទំនើប​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ