ខេត្តបន្ទាយមានជ័យ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជិត៩០% នឹងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថានៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ Eximbank នៃសាធារណរដ្ឋកូរ៉េ។
បើតាមក្រសួង, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ និងស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមអនុវត្តក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ការងារសំខាន់ៗ រួមមាន៖ ទី១)សាងសង់អាងទឹកចំនួន ៣កន្លែង (អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលចំនួន ១កន្លែង(អាងទឹកអូរខៃដន) ទី២)សាងសង់ប្រឡាយមេខ្នាតធំចំនួន ៤ខ្សែ ប្រវែង ៩៥គីឡូម៉ែត្រ និង ទី៣)សាងសង់សំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ២៣៥កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៨,៣៦% លើផែនការ ៧៧,៨៦%។
សូមបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួចរាល់ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ២៨.៣៦៥ហិកតា និងរដូវប្រាំងប្រមាណ ១៣.៨២៧ហិកតា ព្រមទាំងមានប្រជាកសិករទទួលផលចំនួន ៤២.២១៣គ្រួសារ ស្ថិតក្នុងឃុំចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕
ចែករំលែកព័តមាននេះ