ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​ពូទីន​គួរ​ខិត​ខំ​បញ្ចប់​សង្គ្រាម​ជា​ជាង​បា.ញ់​សាកល្បង​មីស៊ីល​នុយ​ក្លេអ៊ែរ

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​គួរ​ណាស់​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ជាង​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ លោក​សូម​​​រំលឹក​​លោក​ពូទីន​ថា​ឥឡូវ​នេះ​អាមេរិក​បាន​បញ្ជូន​នាវា​មុជ​ទឹក​នុយ​ក្លេ​អ៊ែរ​ទៅ​កៀក​នឹង​ដែន​សមុទ្រ​រុស្ស៊ី​ហើយ​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ពូទីន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​រុស្ស៊ី​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​​ម៉ាក​បុរេ​វេស្នីក (Burevestnik) ដែល​​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ ហើយ​​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​ខែល​ការ​ពារ​ដែន​អាកាស​គ្រប់​ប្រភេទ​។ ​លោក​ពូទីន​ថា​នឹង​ដាក់​ពង្រាយ​មីស៊ីល​នេះ​នៅ​លើ​ទី​តាំង​យុទ្ធ​សាស្ត្រ​សំខាន់​ៗ​។ គ្រាប់​មីស៊ីល​នេះ​ត្រូវ​រុស្ស៊ីអះ​អាង​ថា​បាន​ហោះ​ចម្ងាយ​១៤០០០​គីឡូ​ម៉ែត្រ​​ ហើយ​ត្រូវ​អង្គ​ការ​ណាតូប្រសិទ្ធ​នាម​ថា​អែស​អែស​ស៊ី​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​គួរ​ណាស់​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ជាង​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ លោក​សូម​​​រំលឹក​​លោក​ពូទីន​ថា​ឥឡូវ​នេះ​អាមេរិក​បាន​បញ្ជូន​នាវា​មុជ​ទឹក​នុយ​ក្លេ​អ៊ែរ​ទៅ​កៀក​នឹង​ដែន​សមុទ្រ​រុស្ស៊ី​ហើយ​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ពូទីន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​រុស្ស៊ី​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​​ម៉ាក​បុរេ​វេស្នីក (Burevestnik) ដែល​​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ ហើយ​​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​ខែល​ការ​ពារ​ដែន​អាកាស​គ្រប់​ប្រភេទ​។ ​លោក​ពូទីន​ថា​នឹង​ដាក់​ពង្រាយ​មីស៊ីល​នេះ​នៅ​លើ​ទី​តាំង​យុទ្ធ​សាស្ត្រ​សំខាន់​ៗ​។

គ្រាប់​មីស៊ីល​នេះ​ត្រូវ​រុស្ស៊ីអះ​អាង​ថា​បាន​ហោះ​ចម្ងាយ​១៤០០០​គីឡូ​ម៉ែត្រ​​ ហើយ​ត្រូវ​អង្គ​ការ​ណាតូប្រសិទ្ធ​នាម​ថា​អែស​អែស​ស៊ី​ អ៊ិច​៩ ​ស្កាយ​ហ្វល (SSC-X-9 Skyfall)។ លោក​ត្រាំ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​លើ​យន្ត​ហោះ​អ៊ែ​ហ្វស់វាន់ (Air Force One) ថាបើ​សម្រាប់​អាមេរិក​វិញ​ អាមេរិក​មិន​ចាំ​បាច់​បញ្ជូន​គ្រាប់​មីស៊ីល​ហោះ​ឆ្ងាយ​ដល់​ម្លឹង​ទេ​ព្រោះ​អាមេរិក​ប្រើ​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​បើក​ចូ​លស្ងាត់​ៗ​ទៅ​សម្ងំ​លាក់​ខ្លួន​ពួន​អាត្មា​ក្បែរ​ឆ្នេរ​សមុទ្រ​ប្រទេស​រុស្ស៊ី​តែ​ម្ដង​។

ក្រោយ​មក ​សេត​វិមាន​បាន​ផ្សព្វ​ផ្សាយ​​សារ​ជា​សំឡេង​របស់​លោក​ត្រាំ​ថា​ពួក​គេ (រុស្ស៊ី)​ដឹង​ច្បាស់​ណាស់​ថា​យើង​មាន​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​ ហើយ​មាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ទៀត​ផង។​​ ឥឡូវ​នេះ​នាវា​ខ្លះ​បាន​បញ្ជូន​ទៅ​ក្បែរ​ឆ្នេរ​សមុទ្រ​របស់​ពួក​គេ​។ លោក​និយាយ​នេះ​ចង់​មាន​ន័យ​ថា​អាមេរិក​មិន​ចាំ​បាច់​បាញ់​មីស៊ីល​ហោះ​ចម្ងាយ​១៤០០០​គីឡូ​ម៉ែត្រ​ទេ​។

​លោក​គ្រាន់​តែ​បង្ហើប​ឱ្យ​ដឹង​ប៉ុណ្ណឹង​លោក​ពូទីន​អាច​យល់​បាន​ហើយ​ មិន​ចាំ​បាច់​ធ្វើ​អត្ថា​ធិប្បាយ​អ្វីវែង​ឆ្ងាយ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​លោក​ចង់​ឃើញ​លោក​ពូទីន​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​នៅ​ក្នុង​ពេល​នេះ​។ សង្គ្រាម​ដែល​គួរ​ណាស់​បិទ​បញ្ចប់​ត្រឹម​តែ​១​​សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះវា​បាន​អូស​បន្លាយ​ពេល​​ដល់​ជិត​៤​​ឆ្នាំ​ទៅ​ហើយ​។ នេះ​ជា​អ្វី​ដែល​លោក (ពូទីន) គួរ​ណាស់​ធ្វើ​ឱ្យ​បាន​​ជា​ជាង​បាញ់​សាក​ល្បង​មីស៊ីល​។

លោក​ត្រាំ​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​លោក​ចង់​​ឃើញ​​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​ឱ្យ​បាន​ឆាប់​ព្រោះ​វា​ជា​សង្គ្រាម​ដែល​ធំ​ និង​ផ្ដាច់​ផ្ដិល​អាយុ​ជីវិត​របស់​មនុស្ស​ច្រើន​មិន​ធ្លាប់​មាន​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។ ទន្ទឹម​នឹង​នោះ លោក​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ការ​ស្វែង​រក​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​ពិត​ជា​ពិបាក​​ណាស់។​​ ពោល​គឺ​ពិបាក​ជាង​ការ​ចរ​ចា​ឱ្យ​មាន​បទ​ឈប់​បាញ់​​នៅ​តំបន់​ហ្កា​ហ្សា​ និង​​ការ​បិទ​បញ្ចប់​ជម្លោះ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​​ទៅ​ទៀត​។​

ចាប់​តាំង​ពី​ប្រកាស​បើក​សម្ពោធ​មីស៊ីល​បុរេ​វេស្នីក​កាល​ពី​ឆ្នាំ​២០១៨ លោក​ពូទីន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​មីស៊ីល​នេះ​សម្បើម​ណាស់​។ លោក​​អះ​អាង​ថាមីស៊ីល​នេះ​ជា​​​​ការ​ឆ្លើយ​តប​ទៅ​អាមេរិក​ដែល​​កំពុង​កសាង​ខែល​ការ​ពារ​មីស៊ីល​បន្ទាប់​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​ដក​ខ្លួន​ថយ​ជា​ឯក​តោ​ភាគី​ «ពី​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៩៧២​ស្ដីពី​ការ​ហាម​ឃាត់​ការ​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​ផ្លោង»​ និង​ក៏​​ដើម្បី​ឆ្លើយ​តប​ទៅ​អង្គ​ការ​ណាតូ​ដែល​ចេះ​តែ​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន​ជិត​ដល់​របង​ផ្ទះ​របស់​រុស្ស៊ី​។

លោក​ត្រាំ​ថ្លែង​ថា​ពួក​គេ (រុស្ស៊ី) មិន​ចង់​លេង​ហ្គេម​ជា​មួយ​យើង​ទេ ហើយ​យើង​ក៏​មិន​ចង់​លេង​ហ្គេម​ជា​មួយ​ពួក​គេ​ដែរ​។ យើង​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ហូរ​ហែ​​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​បើ​​លោក​ពូទីន​នៅ​តែ​មិន​ព្រម​​បញ្ចប់​សង្គ្រាម​អ៊ុយ​​ក្រែន​ឱ្យ​បាន​ឆាប់​ទេ​ រដ្ឋាភិបាល​របស់​លោ​កត្រាំ​អាច​នឹង​ពិចារណា​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​។

ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​នោះ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ជា​បណ្ដើរ​ៗហើយ​។ ចំពោះ​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ដែល​ថា​រុស្ស៊ី​គួរ​គិត​គូរ​អំពី​ការ​បញ្ចប់​សង្គ្រាម​ជា​ជាង​បាញ់​សាក​ល្បង​មីស៊ីល អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ប៉េស្កូស ថ្លែង​ថា​​អ្វី​ដែល​រុស្ស៊ី​បាន និង​កំពុង​ធ្វើ​​នៅ​ពេល​នេះ​​គឺ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​។ លោក​ប៉េស្កូស​យល់​ថាការ​ធ្វើ​តេស្ត​មីស៊ីល​នេះ​មិន​គួរ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​រវាង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​នោះទេ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ