ឃុំខ្លួនអតីតផ្កាយ១ ឈឹម ឆែម ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សំណុំរឿងអតីតផ្កាយ១ គឺឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្តាលឲ្យមានរបួស តំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពីបញ្ចប់ការស៊ើបសួរសំណុំរឿងខាងលើនោះ តំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសលើអង្គហេតុទាំងមូល ។ បើយោងតាមការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានទៅ ១០លានរៀល ។
១-ដោយការគិតទុកជាមុន ។
២-ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ ។
៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅ លោកឧត្តមសេនីយ៍ត្រី អេងហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម មុខងារជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កអំពើហិង្សាលើស្ត្រីម្នាក់នៅខណ្ឌសែនសុខ បង្កដោយលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ ។
កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះស្របតាមទិសស្លោក
«ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាប» ។ កងរាជអាវុធហត្ថ បានធ្វើទំនាក់ទំនងជាមួយស្ត្រីរងគ្រោះ និងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនគាត់ដែលរងរបួសផងដែរ ។ កងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី ។ លុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀតដោយបញ្ជាក់ថា ៖
១-បន្ទាប់ពីទទួលបានព័ត៌មានពីករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខ
ណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឲ្យមកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ ។
២-មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវប្រមូលវត្ថុ
តាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះប្រាកដមែន ។៣-កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ