រាជធានីភ្នំពេញ ៖ កម្ពុជាមានគោលនយោបាយ ដោយកំណត់គោលដៅឆ្នាំ២០៣០ ខាងមុខ ធ្វើយ៉ាងចុះបញ្ជីយានយន្តអគ្គិសនីឲ្យបាន៣ម៉ឺនគ្រឿង បន្ទាប់ពីទីផ្សាររថយន្តអគ្គិសនីបច្ចុប្បន្នបានកំពុងមានការរីកចម្រើនខ្លាំង ។
ការកំណត់គោលដៅនេះ ខណៈដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ដំណើរការជាផ្លូវការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហ៍កម្ម ថាមពលថ្មី នៅនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានឲ្យដឹងថា ចំពោះវិស័យយានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ពិតជាបានតម្រង់ទិសការអភិវឌ្ឍឱ្យចំគោលដៅ និងធានាភាពធន់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលនៅកម្ពុជា ដែលបានគិតគូរដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ នៃធាតុផ្សំរួមមាន ៖ តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿង/បង្គុំ អេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត ដល់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយថាមពល ថាមពលកកើតឡើងវិញ ការតភ្ជាប់អន្តរវិស័យ ព្រមទាំងការបណ្តុះបណ្តាល យន្តការលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគ ការអភិវឌ្ឍន៍ ការស្រាវជ្រាវ ការច្នៃប្រឌិតនិងការប្រើប្រាស់រថយន្តអគ្គិសនី ។
ឯកឧត្តម បន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រ និងណែនាំលើការអភិវឌ្ឍន៍ក្របខ័ណ្ឌ បទប្បញ្ញត្តិ និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់រថយន្តអគ្គិសនី និងសមាសធាតុរថយន្តអគ្គិសនី ដើម្បីបង្កើតជាស្តង់ដារ និងបញ្ជាក់សមាសធាតុផលិតក្នុងស្រុកស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីជំរុញការបង្កើត បណ្តាញស្ថានីយ៍សាកថ្មសម្រាប់រថយន្តអគ្គិសនី អភិវឌ្ឍគោលដៅ គោលនយោបាយ និងរចនាសម្ព័ន្ធពន្ធដារ ក្នុងគោលបំណងលើកទឹកចិត្តដល់ការវិនិយោគថាមពលកកើតឡើងវិញ លើកកម្ពស់ការបង្កើតការងារ និងជំនាញយុវជនក្នុងវិស័យផលិតកម្ម តាមរយៈ គម្រោងឧស្សាហកម្មបៃតង និងការងារសមរម្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (EIPs) និងដើម្បីធ្វើពិពិធកម្មឧស្សាហកម្ម រួមទាំងផ្លូវឆ្ពោះទៅរកឧស្សាហកម្មធុនធ្ងន់ ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា គោលនយោបាយជាតិ គឺជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យ យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាព និងតាមបច្ចេកវិទ្យាយានយន្តអគ្គិសនី ដែលកំណត់គោលដៅ២០៣០ សម្រេចបានការចុះបញ្ជី រថយន្តប្រភេទ EV សុទ្ធ ចំនួន៣០.០០០គ្រឿង ក្នុងនោះរថយន្ត EV សុទ្ធ (private cars) ចំនួន ២៥.០០០ គ្រឿង និងរថយន្ត EV សុទ្ធ សម្រាប់ប្រើក្នុងសកម្មភាពអាជីវកម្ម (commercial cars) ចំនួន ៥.០០០ គ្រឿង ទោចក្រយានយន្ត EV សុទ្ធ ចំនួន ៧២០.០០០ គ្រឿង និងត្រីចក្រយានយន្ត EV សុទ្ធ ចំនួន ២០.០០០ គ្រឿង ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជា កំពុងការរីកចម្រើនយ៉ាងខ្លាំង និងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមានការកើនឡើង នៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ ។
ឯកឧត្តម បន្ថែមថា ក្រសួងបានគាំទ្រការបង្កើតគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (New Energy Vehicle and Industrial Technology Institute) នៅកម្ពុជា ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម «គោលនយោបាយជា តិអភិវឌ្ឍវិស័យរថយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០» ហើយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចម្រើនទៅអនាគត ។
តាមរយៈផែនការសកម្មភាពគាំទ្រ ទាំងគោលនយោបាយ យុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ ក្នុងការបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិន ដែលបច្ចុប្បន្នកម្ពុជាមានលទ្ធភាព ក្នុងការផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដែលក្នុងនោះ មានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុកដូចជា ៖ ខ្សែភ្លើង ដែលផលិតដោយក្រុមហ៊ុន DENSO, SUMITOMO, និង YAZAKI KYUNGSHIN ជាដើម និងក្រុមហ៊ុនដែលផលិតសំបកកង់ឡាន ដែលផលិតដោយក្រុមហ៊ុន CART TIRE, NEWBUSTAR និង GENERAL INTTELLIGENCE ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មដំឡើងរថយន្តនៅតាមប្រទេសក្នុងតំបន់ ដែលផ្អែកលើឧស្សាហកម្មនេះ កម្ពុជាអាចចាប់យកឱកាសដ៏សំខាន់ ក្នុងការតភ្ជាប់ខ្សែបណ្តាញដំឡើងរថយន្តអគ្គិសនីជាសាកល ដែលរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០៣០ ។
លោក សុខ ចន្ទ្រា តំណាងក្រុមហ៊ុន GTV MOTOR CAMBODIA បានឲ្យដឹងថា ដាក់ដំណើរការជាផ្លូវការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហ៍កម្ម ថាមពលថ្មី ចំពេលដែលពិភពលោកកំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តអគ្គិសនី GTV MOTOR កំពុងឆ្ពោះទៅមុខដោយការតាំងចិត្ត។ គិតត្រឹមដំណាច់ចុងឆ្នាំនេះយើងនឹងដាក់ឱ្យដំណើរការម៉ូដែលយានយន្តថាមពលថ្មីចំនួនប្រាំ(៥) រួមទាំងប្រភេទ Plug-in Hybrid និងអគ្គិសនីសុទ្ឋ ដែលអនុលោមតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជា ។
លោកបញ្ជាក់ថា យើងក៏ទទួលស្គាល់យ៉ាងច្បាស់ថា ក្នុងនាមជាម៉ាកយីហោរថយន្តជាតិដំបូងគេរបស់កម្ពុជា យើងមិនទាន់សម្រេចបាន នូវឯករាជ្យភាព ឧស្សាហកម្មពេញលេញនៅឡើយទេ។ នេះមិនមែនជាការខ្វះសមត្ថភាពនោះទេ តែជាការឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះ ឧស្សាហកម្ម ដែលកំពុងអភិវឌ្ឍរបស់កម្ពុជា ។
សូមជម្រាបថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុក ចំនួន០៨ (ប្រាំបី) រួមមាន ក្រុមហ៊ុន “Ford, Ssangyong, Hyundai, KIA, Isuzu, Toyota, BYD និង GTV Motor” ។
ក្រុមហ៊ុនតំឡើងម៉ូតូទូទៅ មានចំនួន ០២ Honda និង Suzuki, ក្រុមហ៊ុន ដំឡើង ម៉ូតូអគ្គិសនី ចំនួន ០១ គឺក្រុមហ៊ុន VW&C; និងក្រុមហ៊ុនដំឡើង កង់បីអគ្គិសនី មួយគឺ Onion Mobility ៕





ចែករំលែកព័តមាននេះ