ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និង​កូរ៉េខាងត្បូង ប្ដេជ្ញាពង្រឹង​កិច្ច​សហប្រតិបត្តិការ សំដៅបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​នានា

12 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Lee Jae-Myung ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៦-២៨ ខែតុលា ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នៃ​ជំនួប​ សម្ដេច​បវរ​ធិ​បតី​បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម Lee Jae-Myung ដែល​បាន ក្លាយជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​។ សម្តេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ ​នៅ​ឆ្នាំ​១៩៩៧ និង​ត្រូវ​បាន​ដំឡើង​កម្រិត​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០២៤ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​មាន​ភាពរឹងមាំ និង​ស៊ីជម្រៅ ហើយ​កិច្ច​សហប្រតិបត្តិការ​ក៏​កាន់តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ស្ទើរ​គ្រប់​វិស័យ ​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ពិសេស ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ចាត់​ទុក​ថា​វិស័យ​សន្តិសុខ​ក្លាយជា​វិស័យ​ដែល​មាន​ភាព​ប្រទាក់ក្រឡា និង​មាន​ចរិតលក្ខណៈ​ជា​តំបន់ និង​សកល ដែល​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ ។

ទន្ទឹម​នឹង​ការ​ទទួលស្គាល់​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ឆ្នាំ​កន្លង​មក រវាង​អាជ្ញាធរ ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​សម្រេច​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជា​ច្រើន​ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ដល់​ប្រជាជន ​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស ភ្ញៀវ​ទេសចរ វិនិយោគិន ក៏​ដូច​ជា​សហ​គម​កម្ពុជា ​ដែល​កំពុង​បម្រើ​ការងារ និង​ស្នាក់​នៅ​ប្រទេស​កូរ៉េ និង​សហ​គម​កូរ៉េ ដែល​កំពុង​បម្រើ​ការងារ និង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ។

ក្នុង​ន័យ​នេះ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​បង្ការ​ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​នានា​ ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា ឱ្យ​កាន់​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួម​ចំណែក​ថែរក្សា​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ លើ​ស​ពី​នេះ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ច្រើន ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ភាន់ច្រឡំ​ពី​សំណាក់​សាធារណជន ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​នានា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ការរស់នៅ​ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ​ក៏​បាន​ឯកភាព​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ចម្រុះ​កម្ពុជា​-​កូរ៉េ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​ព័ត៌មាន​អំពី​លទ្ធផល​វិជ្ជមាន​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​។

សម្ដេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គឺជា​អាទិភាព​របស់​រាជរដ្ឋាភិបាល តាំងពី​អាណត្តិ​កន្លង​ទៅ និង​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​កម្ពុជា​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ផ្ដល់​ជា​កម្លាំង​ដ៏​មុត​ស្រួច និង​មាន​ប្រសិទ្ធភាព ដែល​នឹង​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ