ខេត្តពោធិ៍សាត់៖ រថយន្តពេទ្យចំនួន02គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យចំនួន01គ្រឿង ជាអំណោយរបស់រដ្ឋបាលខេត្តGyoenggi-do នៃសាធារណរដ្ឋកូរ៉េ បានត្រូវលោក Park Woohee ប្រធានគណៈប្រតិភូ នាំយកមកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់បញ្ជូនអ្នកជំងឺក្នុងមន្ទីរពេទ្យ និងពន្លត់អគ្គីភ័យ។

ពិធីប្រគល់ទទួលធ្វើនៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី27ខែតុលាឆ្នាំ2025 ដោយមានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។ លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Park Woohee និងអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់ជំនួយ នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបគ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

លោក ខូយ រីដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជម្រុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដោយស្របតាមគោលនយោបាយ នៃប្រទេសទាំងពីរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។ លោកក៏សូមអរគុណដល់ រដ្ឋបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានជ្រើសរើសពលករ ដែលមានសមត្ថភាពក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការ ស្របតាមកិច្ចព្រមព្រៀម ដែលបានចុះហត្ថលេខានាពេលកន្លងមក។

បន្ទាពីប្រគល់-ទទួលរថយន្តរួចមក ក៍មានកម្មវិធីប្រគល់គ្រឿងឥស្សរិយយស លិខិតថ្លែងអំណរគុណ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់ដល់សប្បុរសជន ០៥រូប នៃសាធារណរដ្ឋកូរ៉េផងដែរ។ នេះជាចំណងសាមគ្គីភាពមួយទៀត រវាងខេត្តGyoenggi-do នៃសាធារណរដ្ឋកូរ៉េ ជាមួយខេត្តពោធិ៍សាត់ នៃព្រះរាណាចក្រកម្ពុជា



ចែករំលែកព័តមាននេះ