ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្នេហា​ប្រដាល់​ថៃ​ ទាមទារ​ឱ្យ​កីឡាករ Thiago ធ្វើ​រឿង​នេះ មុន​ពេល​ផ្សព្វផ្សាយពី​ «​គុន​ខ្មែរ​»

1 ឆ្នាំ មុន

ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ប្រេ​ស៊ី​ល Thiago Teixeira បច្ចុប្បន្ន​កំពុង​ក្លាយ​ជាទី​ពេញចិត្ត​សម្រាប់​

ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ប្រេ​ស៊ី​ល Thiago Teixeira បច្ចុប្បន្ន​កំពុង​ក្លាយ​ជាទី​ពេញចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​លើក​សរសើរ​អំពី​ប្រទេស​កម្ពុជា និង​ភាពរ​ស់រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ហើយ​ជា​ពិសេស​ជាមួយនឹង​ការ​បង្ហាញ​អំពី​ទំហំ​នៃ​ការ​ស្រលាញ់​របស់​ខ្លួន​ចំពោះ «​គុន​ខ្មែរ​» ដែល​ជា​ក្បាច់​ខ្មែរ​គុន​បន្សល់​ទុក​តាំងពី​យូរលុង​ណាស់​មក​ហើយ​។ ជាមួយ​ទំហំ​ចិត្ត​នៃ​ការ​ស្រលាញ់​នេះ Thiago ក៏​បាន​បង្ហាញ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ ព្រមទាំង​បង្ហាញ​បំណង​សម្រាប់​ថៃ​អនាគត ដើម្បី​បើក​ក្លិប​ប្រដាល់​នៅ​កម្ពុជា​ផង​ដែរ​។ គួររំលឹកថា ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ាន​យល់ព្រម​ចូលរួម​ប្រកួត «​គុន​ខ្មែរ​» ទោះបី​រង​ការ​ព្រមាន​ពី​ថៃ​ក្ដី

ស្រប​ពេល​ដែល​កីឡាករ Thiago Teixeira កំពុង​បង្ហាញ​សកម្មភាព​យ៉ាង​សកម្ម​របស់​ខ្លួន​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ និង​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​លើក​សរសើរ និង​បង្ហាញ​អំពី​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក​នោះ ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ផ្ទុះ​ការ​វែកញែក​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ថៃ ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​តែ​ម្តង ដោយ​ទាមទារ​ឱ្យ​កីឡាករ​ប្រដាល់​ប្រេ​ស៊ី​ល​រូប​នេះ លុប​សាក់​ដ៏​ធំ​ជា​ភាសា​អង់គ្លេស​ថា «MUAYTHAI» (​មួយ​ថៃ​) ចេញពី​ខ្នង​របស់​គេ​មុន​ពេល​បង្ហាញ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​ថៃ Sanook ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា កន្លង​ទៅ​។

មតិ​មហាជន​ថៃ​ខ្លះ​ថែម​ទាំង​បាន​លើក​ឡើង​ថា សម្រាប់ Thiago Teixeira ធ្លាប់​មក​រក​ប្រាក់​នៅ​ក្នុង​ប្រទេស​របស់​យើង​តាម​រយៈ​ការ​មក​ហ្វឹកហាត់​នៅ​ខេត្ត​ភូ​កេ​ត ហើយ​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​ប្រដាល់​ថៃ​ជា​ច្រើន​កន្លែង​ទាំង​ថ្នាក់​ស្រុក និង​ថ្នាក់​ជាតិ​ផង​ដែរ មិន​ថា Thai Fight, Boxing Channel 8 និង Muay Thai Fighter X នោះ​ទេ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ កីឡាករ​រូប​នេះ បែរជា​មាន​ឆន្ទៈ​ខ្ពស់​ចង់​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​ទៅ​វិញ​។

គួរ​រំលឹក​ជូន​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ មហាជន​ខ្មែរ និង​ថៃ មានការ​ប៉ះទង្គិច​មតិ​រវាង​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​កីឡាប្រដាល់ «​គុន​ខ្មែរ​» និង «​មួយ​ថៃ​» ពោល​គឺ​ចាប់តាំងពី​ការ​សម្រេច​ជា​ផ្លូវការ ដើម្បី​ប្តូរ​ឈ្មោះ​ពី​កីឡា «​មួយ​ថៃ​» មក​ជា «​គុន​ខ្មែរ​» នៅ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ខែឧសភា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​ការ​សម្រេច​នេះ បាន​ធ្វើ​ឱ្យ​ភាគី​ថៃ​បាន​សម្រេច​ចុង​ក្រោយ​មិន​ចូលរួម​ប្រកួត​វិញ្ញាសា «​គុន​ខ្មែរ​» ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ បន្ទាប់​ពី​ប្រធាន​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡាប្រដាល់​មួយ​ថៃ (IFMA) លោក Sakchye Tapsuwan បាន​លើក​ឡើង​ជុំវិញ​ហេតុផល​មិន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​មក​ចូលរួម​យ៉ាង​ដូច្នេះ​ថា «​យើង​មានការ​គោរព​ចំពោះ​គុន​ខ្មែរ ប៉ុន្តែ​គុន​ខ្មែរ​មិន​មាន​លក្ខណ​:​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​វិញ្ញាសា​កីឡា​ស៊ី​ហ្គេ​ម​ឡើយ​»​។

យ៉ាងណាមិញ​មក​ទល់​ពេល​នេះ យើង​បានឃើញ​ថា ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ដូច​ជា វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, មី​យ៉ា​ន់​ម៉ា និង​ឡាវ បាន​យល់ព្រម​ចូលរួម​ប្រកួត​វិញ្ញាសា​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ