ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម ២០២៥ មិន​មានការ​ចាក់​ភ្លេងជាតិ កីឡា​ករ U22 វៀតណាម និង​ឡាវ ច្រៀង​ផ្ទាល់មាត់

3 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ កំហុស​ដ៏​ហួសចិត្ត​មួយ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​បើក​ឆាក​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដែល​ប្រទេស​ថៃ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ (​វិញ្ញាសា​ប្រកួត​មុន​ថ្ងៃ​ពិធី​បើក​ព្រឹត្តិការណ៍​) ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២ ឆ្នាំ​របស់​វៀតណាម និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម…

ទីក្រុង​បាងកក ៖ កំហុស​ដ៏​ហួសចិត្ត​មួយ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​បើក​ឆាក​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដែល​ប្រទេស​ថៃ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ (​វិញ្ញាសា​ប្រកួត​មុន​ថ្ងៃ​ពិធី​បើក​ព្រឹត្តិការណ៍​) ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២ ឆ្នាំ​របស់​វៀតណាម និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២ ឆ្នាំ​របស់​ឡាវ នៅ​កីឡដ្ឋាន​ជាតិ Rajamangala នាទី​ក្រុង​បាងកក កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​។

កំហុស​បាន​កើតឡើង បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​បាន​ដើរ​ចូល​ទៅ​ក្នុង​ទីលាន ហើយ​ត្រៀមខ្លួន​គោរព​ភ្លេងជាតិ ស្រាប់តែ​ផ្នែក​ប្រព័ន្ធ​សំឡេង​នៅ​កីឡដ្ឋាន Rajamangala បាន​ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​ភ្លាម​ៗ​។ បញ្ហា​នេះ​បណ្តាល​ឱ្យ​មន្ត្រី​រៀបចំ​ការ​ប្រកួត​សម្រេចចិត្ត​មិន​ចាក់​ភ្លេងជាតិ ដែល​បង្ខំ​ឱ្យ​បណ្តា​កីឡាករ​ក្រុម​ទាំង​ពីរ​ច្រៀង​ផ្ទាល់មាត់ ដោយ​ច្រៀង​បណ្តើរ លួច​សើច​ហួសចិត្ត​បណ្ដើរ ហើយ​ភ្លាម​ៗ​បន្ទាប់​ពី​នោះ បណ្តា​អ្នកគាំទ្រ​នៅ ក៏​បាន​ចូលរួម​ស្រែកច្រៀង​រួម​គ្នា​ផង​ដែរ​។

កំហុស​នេះ បាន​ប្រែក្លាយ​ពេលវេលា​ដ៏​ឧឡា​រិ​ក​ទៅ​ជា​ពេលវេលា​ដ៏​ខុសឆ្គង និង​ហួសចិត្ត​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ​។ មិនតែប៉ុណ្ណោះ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​មិន​ពេញចិត្ត និង​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ និង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ព្រោះ​នេះ​ជា​រឿង​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​តំបន់​ដ៏​ធំ​ដូច​ជា កីឡា​ស៊ី​ហ្គេ​ម​ជាដើម​។

បើ​ទោះជា​មាន​បញ្ហា​បច្ចេកទេស​ក៏​ដោយ ក៏​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​តាម​ការ​គ្រោងទុក ដោយ​វៀតណាម​បាន​យកឈ្នះ​លើ​ឡាវ លទ្ធផល ២-១ ឈរ​កំពូល​តារាង​ពូ​ល B បណ្តោះអាសន្ន ដែល​មាន​ម៉ា​ឡេ​ស៊ី​រួម​ពូ​ល​។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ម្ចាស់ផ្ទះ​ថៃ ក៏​បាន​យកឈ្នះ​លើ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៦-១ ដើម្បី​កាន់កាប់​កំពូល​តារាង​ពូ​ល A បណ្តោះអាសន្ន ដែល​មាន​សិង្ហ​បុរី​រួម​ពូ​ល​។

យ៉ាងណាមិញ ក្រោយ​កើត​មាន​កំហុស​ដ៏​ហួសចិត្ត​ចំ​ថ្ងៃ​ប្រកួត​បើក​ឆាក​ហើយ អាជ្ញាធរ​កីឡា​ថៃ (SAT) និង​គណៈកម្មាធិការ​កីឡា​ស៊ី​ហ្គេ​ម​ថៃ បាន​ចេញ​លិខិត​សុំ​ទោស​ផ្លូវការ​ជា​បន្ទាន់​ទៅ​កាន់​គណៈ​កម្មាធិការ​អូ​ឡាំ​ពិ​ក​វៀតណាម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ទាប់​ពី​កំហុស​បច្ចេកទេស​ធ្ងន់ធ្ងរ​មួយ​បាន​រារាំង​ភ្លេងជាតិ​វៀតណាម និង​ឡាវ តាម​កាលវិភាគ​គ្រោងទុក​នៅ​កីឡដ្ឋាន​ជាតិ Rajamangala​។

ការ​សុំ​ទោស​ផ្លូវការ​ពី​អភិបាល​អាជ្ញាធរ​កីឡា​ថៃ (SAT) លោក​បណ្ឌិត គង់​សក្តិ យ៉​ត​ម៉ា​នី (Kongsak Yodmanee) បាន​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​ពេញលេញ ចំពោះ​កំហុស ដោយ​បាន​សម្តែង​ការ​សុំ​ទោស ចំពោះ​ភាព​រអាក់រអួល និង​ការ​ខកចិត្ត​ដែល​បង្ក​ឡើង​។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការ​កីឡា​ស៊ី​ហ្គេ​ម​ថៃ ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធានា​ថា បញ្ហា​បែប​នេះ នឹង​មិនកើត​ឡើង​ម្តងទៀត ព្រមទាំង​សន្យា​ថា​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ដំណើរការ​បច្ចេកទេស​ទាំងមូល និង​ជួសជុល​បញ្ហា​ទាំងស្រុង ដើម្បី​ជៀសវាង​ការ​កើតឡើង​វិញ​នៅ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​៕ ប្រភព ៖ Znews, Khaosod និង ASEAN FOOTBALL

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ