រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំផ្ញើដល់អត្ត
ពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ចូលរួមការប្រកួតជាធម្មតា ទោះបីពេលនេះថៃដែលជាម្ចាស់ផ្ទះកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកងកម្លាំងកម្ពុជាយ៉ាងណាក្ដី។
សារផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងស្របពេលប្រតិភូ និងកីឡាករ-កីឡាការិនី តាមប្រភេទកីឡាមួយចំនួន បានធ្វើដំណើរទៅប្រទេសថៃជាបណ្ដើរៗ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូ មានកីឡា៥ប្រភេទ ដែលត្រូវចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់២ឆ្នាំម្ដងខាងលើ រួមមានកីឡាតេក្វាន់ដូ WT, ហែលទឹក, ជឺជីតស៊ូ, បាល់ទាត់លើតុ និងកាយសម្ព័ន្ធ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់់មិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សនិ្តភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព ។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន ។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន»។
ចំពោះបេសកកម្មចូលរួមការប្រកួតកីឡាស៊ីហ្គេមដែលជាព្រឹត្តិការណ៍ប្រចាំតំបន់វិញ សម្ដេចបានផ្ដាំផ្ញើយ៉ាងដូច្នេះថា «សូមកីឡាករ-កីឡាការិនី ដែលទៅចូលការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចូលរួមការប្រកួតជាធម្មតា»។
គួរឱ្យដឹងផងដែរថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប១៣៧នាក់ លើ១២ប្រភេទកីឡា ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងនោះមានកីឡាអត្តពលកម្ម, ហែលទឹក,តេក្វាន់ដូ WT, ជឺជីតស៊ូ, បាល់ទាត់លើតុ, កាយសម្ព័ន្ធ, ជិះសេះ, គុនដាវ, ឃីកបុកស៊ីង,ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក៕


ចែករំលែកព័តមាននេះ