មោទនភាពសមិទ្ធផលនៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ
- ស្ទឹងត្រែង
ខេត្តសៀមរាប ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាពចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងល្បីល្បាញ រហូតក្លាយជាពិធីបុណ្យដ៏ធំមួយ ពិសេសកំណើនអ្នកចូលរួមដ៏ច្រើន ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦.០០០នាក់ចូលរួម។
លោកឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី
លៀងសាយភោជន៍ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ នៅប្រាសាទក្រវ៉ាន់ ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែធ្នូ នៅតំបន់អង្គរខេត្តសៀមរាប។ កម្មវិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីទូត និងតំណាងដៃគូសហការរៀបចំជាច្រើនផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «រយៈពេល៣០ឆ្នាំកន្លងមកចាប់ពីឆ្នាំ១៩៩៦ សមិទ្ធផលដ៏អស្ចារ្យ និងល្បីល្បាញនេះ ពិតជាបានកើតឡើងចេញពីការខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យព្រឹត្តិការណ៍កីឡាមហាជន និងកីឡាទេសចរណ៍មួយនេះ ក្លាយជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ ដែលមានទេសចរណ៍ជាតិ និងអន្ដរជាតិមកពីគ្រប់ទិសទីលើពិភពលោក រាប់ម៉ឺននាក់ មកជួបជុំគ្នា រត់ប្រណាំង ដើម្បីកម្សាន្ដសប្បាយផង និងទស្សនាប្រាង្គប្រាសាទអង្គរ ដែលជាបេតិកភណ្ឌរូបីនៃមនុស្សជាតិផង។ យើងពិតជាមានមោទនភាពចំពោះវឌ្ឍនភាពគួរជាទីកត់សម្គាល់ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំ ដែលចាប់ផ្ដើមដំបូងជាមួយអ្នករត់មិនលើសពី ៥០០នាក់ កាលពីឆ្នាំ១៩៩៦ រហូតមកដល់មានអ្នករត់កើនដល់១៦.០០០នាក់ ក្នុងឱកាសខួប៣០ឆ្នាំពេលនេះ ។ នេះជាការបញ្ជាក់ឲ្យឃើញពីឥទ្ធិពល និងថាមពល នៃកីឡាទេសចរណ៍ ក្នុងការជំរុញកំណើនទេសចរជាតិ និងអន្ដរជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
លោកឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា ភាពរីកចម្រើននេះ គឺជាសក្ខីភាពយ៉ាងជាក់
ស្ដែង បញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងការបន្ដដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យកម្លាំងថាមពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ក្រោមម្លប់នៃសុខសន្ដិភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់អង្គការបេះដូងមាស របស់ជប៉ុន ដែលបានជួយដំណើរការរៀបចំនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលបានពួតដៃគ្នាគាំទ្រ និងជំរុញឲ្យការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ ទទួលបានជោគជ័យ និងកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ រហូតទាក់ទាញអ្នករត់ជាតិ និងអន្ដរជាតិចូលរួមកាន់តែច្រើនឡើងៗផងដែរឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាព្រឹកថ្ងៃអាទិត្យនេះ មានអត្តពលិកជាតិ-អន្ដរជាតិចំនួន ១៦.០០០នាក់មកពី៨៦ប្រទេសចុះឈ្មោះចូលរួម ដែលនឹងត្រូវរត់លើវិញ្ញាសា ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ឯកឧត្តមថា នេះគឺជាកំណត់ត្រាអ្នករត់ច្រើនបំផុតក្នុងរយៈពេល៣០ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ៕

































ចែករំលែកព័តមាននេះ