ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ាន​យល់ព្រម​ចូលរួម​ប្រកួត​ «​គុន​ខ្មែរ​» ​ទោះបី​រង​ការ​ព្រមាន​ពី​ថៃ​ក្ដី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ាន​មាន​ដូច​ជា វៀតណាម​, ឥណ្ឌូណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វី​

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ាន​មាន​ដូច​ជា វៀតណាម​, ឥណ្ឌូណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, មី​យ៉ា​ន់​ម៉ា និងឡាវ បាន​យល់ព្រម​ចូលរួម​ប្រកួត​វិញ្ញាសា​គុនខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បើ​ទោះ​រង​ការ​ព្រមាន​ពីប្រទេស​ថៃ​ក្ដី ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​(KUN KHMER International Federation) កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ភាគី​ថៃ​ចុង​ក្រោយ​បាន​សម្រេច​មិន​ចូលរួមប្រកួត​វិញ្ញាសា​«​គុន​ខ្មែរ​»​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​ប្រធាន​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡាប្រដាល់​មួយ​ថៃ​(IFMA) លោក Sakchye Tapsuwan បាន​លើក​ឡើង​ជុំវិញ​ហេតុផល​មិន​បញ្ជូន​អត្ត​ព​លិ​ក​ថៃ​ចូលរួម​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ដូច្នេះ​ថា​៖«​យើង​មានការ​គោរព​ចំពោះ​គុន​ខ្មែរ ប៉ុន្តែ​«​គុន​ខ្មែរ​»
មិន​មាន​លក្ខណ​:​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចូលទៅ​ក្នុង​វិញ្ញាសា​កីឡា​ស៊ី​ហ្គេ​ម​ឡើយ​»​។

ព្រម​ពេលជាមួយ​គ្នា​នេះ លោក​ប្រធាន​សហព័ន្ធ​IFMA​រូប​នេះ​ថែម​ទាំង​ព្រមាន​ថា បើ​ប្រទេស​ណា​ចូល
រួម​ប្រកួត​កីឡា​គុន​ខ្មែរ​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់ ថ្ងៃ​ទី​១៧ ខែឧសភា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង Asian Indoor and Martial Arts Games នៅ​ប្រទេស​ថៃ​នៅ​ចុងឆ្នាំ​នេះ​ទេ​»​។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ហៅ​កាត់​ថា CAMSOC បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​ស៊ី​ហ្គេ​ម មិន​​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​ពី​ប្រទេស​ថៃ​រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះ​ទេ ដោយ​នោះ​គឺជា​សិទ្ធិ​របស់​គេ ហើយ​កម្ពុជា​ក៏​នឹង​ត្រៀម​រៀបចំ​ការ​ប្រកួត «​គុន​ខ្មែរ​» ឱ្យ​ខាង​តែ​បាន ។

ទោះជា​យ៉ាងនេះ​ក្តី មក​ដល់​ពេល​នេះ​ឯកឧត្តម​បាន​បញ្ជាក់​ដែរ​ថា មាន​ប្រទេស​ចំនួន ៦ ហើយ​បាន​សម្រេចចិត្ត​ចូលរួម​ប្រកួត​វិញ្ញាសា​គុន​ខ្មែរ ។ បន្ថែម​ពីលើនេះ ឯកឧត្តម​អគ្គលេខាធិការ CAMSOC ក៏​បង្ហើប​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ
កម្ពុជា​​ក៏​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត​វិញ្ញាសា «​មួយ​ថៃ​» ដូច​គ្នា​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កន្លង​ទៅ​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ​អន្តរជាតិក្នុង​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​​ធី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ ថៃ​និង​៦​ប្រទេស
ផ្សេង​ទៀត​នៅ​តំបន់​អាស៊ាន ដូច​ជា​វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, មី​យ៉ា​ន់​ម៉ា និង
ឡាវ បាន​គាំទ្រ និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ «​គុន​ខ្មែរ​» ដោយ​មិន​មានការ​កែប្រែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឡើយ​។ ប៉ុន្តែ​ពេល​នេះ​ប្រទេស​ថៃ​នៅ​តែ​ចេញ​ក្បូន​ក្រឡេចក្រ​ឡុ​ច​រឿង​«​គុន​ខ្មែរ​»​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដដែល​។

សូម​បញ្ជាក់​ថា ចំពោះ​កីឡា​«​គុន​ខ្មែរ​»​នឹង​ត្រូវដាក់​ប្រកួត​មាន​ចំនួន​១៩​វិញ្ញាសា ក្នុង​នោះ​មាន​១១​ប្រភេទ​ទម្ងន់​សម្រាប់​បុរស និង​៦​ប្រភេទ​ទម្ងន់​សម្រាប់​នារី បូក​រួម​ទាំង​វិញ្ញាសា​«​គុន​គ្រូ​បុរស​» និង​«​គុន​គ្រូ​នារី​»​ផង​ដែរ ។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ