ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ នៅ​ប្រទេស​ថៃ មាន​ភាព​ច្របូកច្របល់​ខ្លាំង មុន​ពិធី​បើកផ្លូវ​ការ

3 ម៉ោង មុន

ប្រទេស​ថៃ ៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ជិត​ឈាន​ដល់​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ​ហើយ ពោល​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ប៉ុន្តែ​ម្ចាស់ផ្ទះ​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​នៃ​ការ​រៀបចំ​របស់​ខ្លួន​។ បើ​ទោះបីជា​គណៈកម្មាធិការ​រៀបចំ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា អ្វី​ៗ​គឺ​រួចរាល់…

ប្រទេស​ថៃ ៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ជិត​ឈាន​ដល់​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ​ហើយ ពោល​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ប៉ុន្តែ​ម្ចាស់ផ្ទះ​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​នៃ​ការ​រៀបចំ​របស់​ខ្លួន​។ បើ​ទោះបីជា​គណៈកម្មាធិការ​រៀបចំ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា អ្វី​ៗ​គឺ​រួចរាល់ ១០០% យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ក្រឡេក​ទៅ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថៃ កំពុង​តែ​ស្ថិត​ក្នុង​ភាព​ចលាចល ដោយសារ​តែ​អារម្មណ៍​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់ និង​បរិយាកាស​ដ៏​គួរ​ឱ្យ​ធុញទ្រាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​បើ តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​ទៅ​។

នៅ​ពេល​ដែល​ថ្ងៃ​ពិធី​បើក​ខិត​ជិត​មក​ដល់ ប្រជាជន​ថៃ​ជា​ច្រើន​ទទួលស្គាល់​ថា ពួក​គេ​មិនដឹង​អំពី​កាលវិភាគ ទីតាំង និង​សូ​ម្បី​តែ​វិញ្ញាសា​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ​នោះ​ទេ​។ នេះ​ផ្ទុយ​ស្រឡះ​ពី​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ ១៩៩៥ ដោយនៅ​ពេល​នោះ បទ​ចម្រៀង “Win It In Your Heart” បាន​ល្បីល្បាញ​ទូ​ទាំង​ប្រទេស​។

លោក Atthakorn Sirilatthayakorn រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​ច្រាន​ចោលការ​ចោទប្រកាន់​ថា ខ្វះ​ការ​រៀបចំ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ថា ការ​ផ្សព្វផ្សាយ​ត្រូវ​តែ​បង្កើន​បន្ថែម​ទៀត​។
ដំបូង​ឡើយ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ២០២៥ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ខេត្ត​ឈុ​ន​បុរី និង​ខេត្ត​សុង​ក្លា​។ ទោះ​យ៉ាងណា​ក៏​ដោយ គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នៅ​ភាគ​ខាងត្បូង បាន​បង្ខំ​ឱ្យ​កីឡា ១០ ប្រភេទ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​ទីក្រុង​បាងកក និង​ខេត្ត​ឈុ​ន​បុរី​ជំនួស​វិញ ដើម្បី​ធានា​សុវត្ថិភាព​។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​កាន់តែ​ខ្លាំង​នោះ គឺ​គម្រោង​ដែល​មិន​ទាន់​បាន​បញ្ចប់​មួយ​ចំនួន ជា​ពិសេស​អាង​ហែល​ទឹក​ក្រោម​គម្រោង​របស់​អាជ្ញាធរ​កីឡា​ថៃ បណ្តាល​ឱ្យ​មតិ​សាធារណៈ​សួរ​អំពី​សមត្ថភាព​ក្នុង​ការ​បញ្ចប់​ទាន់​ពេលវេលា និង​ហានិភ័យ​នៃ​ការ​ចំណាយ​លើស​។

បញ្ហា​ធំ​បំផុត​មួយទៀត គឺ​ការ​មិន​ពេញចិត្ត​របស់​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​។ ការ​ប្រកួត​ស៊ី​ហ្គេ​ម​ត្រូវ​បាន​សន្មត់​ថា​ជា​កីឡា​ដ៏​ធំ​ក្នុង​តំបន់ ជា​កន្លែង​សម្រាប់​អបអរសាទរ​ទេព​កោសល្យ និង​ការ​ប្រកួតប្រជែង​ដ៏​អស្ចារ្យ​របស់​បណ្តា​អត្ត​ព​លិ​ក​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អត្ត​ព​លិ​ក​ថៃ​ខ្លួនឯង ដែល​គួរតែ​មានការ​លើកទឹកចិត្ត​ខ្ពស់ បែរជា​ខកចិត្ត​ខ្លាំង​ចំពោះ​ប្រាក់​ឧបត្ថម្ភ​ដែល​ត្រូវ​បាន​កាត់​បន្ថយ និង​ការ​ផ្តល់​ឱ្យ​យឺតយ៉ាវ​ទៅ​វិញ​។

ជាក់ស្តែង ករណី​របស់​កីឡាការិនី​វាយ​សី​ដ៏​ឆ្នើម​របស់​ថៃ Pornpawee Chochuwong ដែល​ស្ទើរតែ​បោះបង់​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ ព្រមទាំង​ករណី​បុគ្គលិក​គ្រូបង្វឹក​របស់​ក្រុមកីឡា​ប្រដាល់​ដែរ​ថា អត្ត​ព​លិ​ក​ត្រូវ​បាន​ជំពាក់​ប្រាក់​ឧបត្ថម្ភ​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ​នោះ បាន​ចោទ​ជា​សំណួរ​ដ៏​ចាក់​ស្រែះ​បំផុត​ថា តើ​ប្រទេស​ថៃ​ពិតជា​ផ្តល់​អាទិភាព​ដល់​អត្ត​ព​លិ​ក ឬ​គ្រាន់តែ​ផ្តោត​លើ​តែ​ទម្រង់​លេង​របស់​ពួក​គេ?

ស្ថានភាព​កាន់តែ​ស្មុគស្មាញ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត​នូវ​ប្រភេទ​កីឡា​មួយ​ចំនួន​ភ្លាម​ៗ ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព បន្ទាប់​ពី​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ ស្រប​ពេល​ប្រទេស​ចូលរួម​ដទៃ​ទៀត ត្រូវការ​ភាព​ច្បាស់លាស់​ដើម្បី​រៀបចំ​ក្រុមកីឡា​របស់​ខ្លួន ប៉ុន្តែ​ម្ចាស់ផ្ទះ​ថៃ​នៅ​តែ​បន្ត​អសកម្ម​ក្នុង​ការ​បញ្ចប់​ផែនការ​របស់​ខ្លួន​។ ទាំងនេះ គឺ​ផ្ទុយ​នឹង​សេចក្តីថ្លែងការណ៍​នៃ​ការ​ត្រៀមខ្លួន ១០០% របស់​ប្រទេស​ម្ចាស់ផ្ទះ​។

រឿង​ដ៏​ភ្ញាក់ផ្អើល​មួយទៀត​បាន​កើតឡើង​ពី​នៅ​ក្នុង​ប្រទេស​ម្ចាស់ផ្ទះ ដោយ​ក្នុង​ចំណោម​ភាព​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​នោះ លោក Rueangrith Suntisuk នាយក​ផ្នែក​សិល្បៈ​បាន​លាតត្រដាង​ថា ផែនការ​សិល្បៈ​សម្រាប់​ពិធី​បើក និង​បិទ​ដែល​លោក និង​ក្រុមការងារ​របស់​លោក​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល ៧ ខែ បែរជា​ត្រូវ​បាន​ជំនួស​វិញ ដោយ​ផែនការ​ត្រឹមតែ​ប៉ុន្មាន​ស​ប្តា​ហ៍ មុន​កីឡា​ស៊ី​ហ្គេ​ម​ចាប់ផ្តើម​។

លោក​បន្ត​ថា ក្រុម របស់​លោក​បាន​ទទួលយក​ភារកិច្ច​នេះ​នៅ​ក្នុង​ខែមីនា ហើយ​ត្រូវ​រក​មូលនិធិ​ដោយ​ខ្លួនឯង សម្រាប់​ការ​ផលិត​គំរូ​ឆាក គំនិត​សម្តែង ដោយ​ទទួល​បានការ​យល់ព្រម​ពី​ដំបូង​ផង​ដែរ​។ ប៉ុន្តែ​នៅ​ខែកក្កដា ដោយសារ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​កង្វះ​ថវិកា ទីតាំង​សម្តែង​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់​ប្តូរ​ពី​ទីលាន Sanam Luang ទៅ​កីឡដ្ឋាន​ជាតិ Rajamangala វិញ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ក្រុម​របស់​លោក​នៅ​តែ​ព្យាយាម​កែសម្រួល​ផែនការ​ទាំងមូល​ទៅ​តាម​នោះ​។

យ៉ាងណាមិញ នៅ​ខែកញ្ញា បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​ឡើង​កាន់​អំណាច ដំណើរការ​អនុម័ត​បាន​ចាប់ផ្តើម​ជាប់​គាំង​។ ដើមខែ​តុលា លោក Rueangrith ទទួល​បានការ​ហៅ​ទូរស័ព្ទ​ថា ក្រុម​ថ្មី​មួយ​បាន​មក​ដល់ ដើម្បី​ពិនិត្យ​កីឡដ្ឋាន និង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រីជាន់ខ្ពស់​។ បន្ទាប់​ពី​ការ​រង់ចាំ​ដោយ​គ្មាន​ផ្លែផ្កា​រយៈពេល​ពី​រស​ប្តា​ហ៍ ស្រាប់តែ​ក្រុម​របស់​លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​ឈប់​កណ្តាល​ទី​ទៅ​វិញ​។

ពិធី​បើកផ្លូវ​ការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ប៉ុន្តែ​វិញ្ញាសា​បាល់ទាត់​ផ្នែក់​បុរស​បាន​ចាប់ផ្តើម​រួច​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ កន្លង​ទៅ​។ រឿង​ដ៏​ហួសចិត្ត​ក៏​បាន​កើតឡើង នៅ​ក្នុង​ជំនួប​រវាង​ក្រុម U22 វៀតណាម និង​ក្រុម U22 ឡាវ នៅ​កីឡដ្ឋាន​ជាតិ Rajamangala ទីក្រុង​បាងកក​។ កំហុស​កើតឡើង បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ដើរ​ចូល​ទៅ​ក្នុង​ទីលាន ហើយ​ត្រៀមខ្លួន​គោរព​ភ្លេងជាតិ ស្រាប់តែ​ប្រព័ន្ធ​សំឡេង​នៅ​កីឡដ្ឋាន​ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​ភ្លាម​ៗ​។ បញ្ហា​នេះ​បណ្តាល​ឱ្យ​មន្ត្រី​រៀបចំ​សម្រេចចិត្ត​មិន​ចាក់​ភ្លេងជាតិ ដែល​បង្ខំ​ឱ្យ​បណ្តា​កីឡាករ​ក្រុម​ទាំង​ពីរ​ច្រៀង​ផ្ទាល់មាត់ ដោយ​ច្រៀង​បណ្តើរ លួច​សើច​ហួសចិត្ត​បណ្ដើរ ហើយ​ភ្លាម​ៗ​បន្ទាប់​ពី​នោះ បណ្តា​អ្នកគាំទ្រ​នៅ ក៏​បាន​ចូលរួម​ស្រែកច្រៀង​រួម​គ្នា​ផង​ដែរ​។

កំហុស​នេះ ប្រែក្លាយ​ពេលវេលា​ដ៏​ឧឡា​រិ​ក​ទៅ​ជា​ពេលវេលា​ដ៏​ខុសឆ្គង និង​ហួសចិត្ត​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ​។ មិនតែប៉ុណ្ណោះ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​មិន​ពេញចិត្ត និង​ជជែក​វែកញែក​យ៉ាង​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ និង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ព្រោះ​នេះ​ជា​រឿង​ដ៏​កម្រ​មួយ​ក្នុង​ការ​ប្រកួត​អន្តរជាតិ ពិសេស​ក្នុង​ព្រឹត្តិការណ៍​ក្នុង​តំបន់​ដ៏​ធំ​ដូច​ជា កីឡា​ស៊ី​ហ្គេ​ម ជាដើម​។

ប្រទេស​ថៃ​មាន​គោលបំណង​ឈរ​កំពូល​តារាង​មេដាយ​សរុប​ជា​លើក​ទី ៧ ប៉ុន្តែ​គោលដៅ​នៃ​សមិទ្ធផល​ស្ទើរតែ​មិន​អាច​លុប​បំបាត់​នូវ​ចំណុច​ខ្វះខាត​ក្នុង​ការងារ​រៀបចំ​របស់​ខ្លួន​ពី​ការ​រិះគន់​របស់​មហាជន​។ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ជា​យូរ​មក​ហើយ មិន​ត្រឹមតែ​ជា​ការ​ប្រកួតប្រជែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​រង្វាស់​នៃ​សមត្ថភាព​ប្រទេស​ម្ចាស់ផ្ទះ អង្គការ និង​រូបភាព​ជាតិ​ផង​ដែរ​៕ ប្រភព ៖ Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ