លោក ត្រាំ ទទួលបានពានរង្វាន់ «FIFA សន្តិភាព» អំឡុងពិធីចាប់ឆ្នោត World Cup 2026
9 ម៉ោង មុន
សហរដ្ឋអាមេរិក ៖ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន និងអេស្ប៉ាញ ដែលជាក្រុមត្រូវបានគេចាត់ទុកថា លេចធ្លោជាងគេប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦…
សហរដ្ឋអាមេរិក ៖ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន និងអេស្ប៉ាញ ដែលជាក្រុមត្រូវបានគេចាត់ទុកថា លេចធ្លោជាងគេប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ មិនស្ថិតក្នុងពូលតានតឹង នៅក្នុងពិធីចាប់ឆ្នោតដ៏អធិកអធមមួយ នៅឯទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានទទួលពានរង្វាន់ «FIFA សន្តិភាព» ដែលជាពានរង្វាន់បង្កើតថ្មីរបស់សហព័ន្ធបាល់ទាត់ពិភពលោក។
ការចាប់ឆ្នោតដែលរៀបចំនៅឯមជ្ឈមណ្ឌល Kennedy កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក៏បានចាប់ផ្តើមការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា ពោលនៅសល់រយៈពេល ៦ ខែទៀតប៉ុណ្ណោះ ហើយក៏ជាការប្រកួតមានក្រុមសរុបរហូតដល់ ៤៨ ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។
ខ្សែប្រយុទ្ធ Lionel Messi ប្រធានក្រុមពពកសអាហ្សង់ទីន នឹងចាប់ផ្តើមភារកិច្ចការពារតំណែងជើងឯកពានរង្វាន់ដែលពួកគេបានឈ្នះនៅក្នុងប្រទេសកាតាឆ្នាំ ២០២២ ដោយត្រូវតទល់ជាមួយនឹងអាល់ហ្សេរី អូទ្រីស នៅក្នុងពូល J រួមទាំងហ្ស៊កដានីជាក្រុមបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ផងដែរ។
គោជល់អេស្ប៉ាញ ក្រុមជើងឯកទ្វីបអឺរ៉ុប (Euro) ឆ្នាំ២០២៤ ដែលត្រូវបានគេចាត់ទុកថាក្រុមលេចធ្លោជាងគេប្រជែងជើងឯក World Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមយុទ្ធនាការតទល់នឹងកាប់វែរ ដែលជាក្រុមបង្ហាញខ្លួនជុំផ្តាច់ព្រ័ត្រលើកដំបូង ព្រមទាំងអ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីត នៅក្នុងពូល H។
ចែករំលែកព័តមាននេះ