ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក ២០២៤ ៖ អ៊ុយ​ក្រែ​ន​ព្រមាន​ធ្វើ​ពហិការ បើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​-​បេឡា​រុស​បាន​សិទ្ធិ​ចូលរួម

2 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស ដែល​ចេញផ្សាយ​

អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​កីឡា​ប្រទេស​អ៊ុយ​ក្រែ​ន លោក Vadym Guttsait បាន​ព្រមាន​ថា អ៊ុយ​ក្រែ​ន​នឹង​ពិចារណា​ធ្វើ​ពហិការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ បើ​អត្ត​ព​លិ​ក​របស់​រុ​ស្ស៊ី និង​បេឡា​រុស ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​។ គួររំលឹកថា IOC បើកទ្វារ​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នៅ​បារាំង និង​អ៊ី​តា​លី

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​ហៅ​កាត់​ថា IOC បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​២៥ ខែមករា ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ងារ​លើ​ផ្លូវ​មួយ ដែល​អាច​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស្ស អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​លក្ខណៈ​អព្យាក្រឹត នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ដែល​នេះ​គឺជា​ទ​ង្វើ​មួយ ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​រដ្ឋាភិបាល​អង់គ្លេស​។

IOC បាន​ផ្តល់​ដំបូន្មាន​ដល់​សហព័ន្ធ​កីឡា​អន្តរជាតិ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ ពោល​គឺ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់ផ្តើម​នៃ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដើម្បី​ដកសិទ្ធិ​អត្ត​ព​លិ​ក​រុ​ស្ស៊ី ចេញពី​ការ​ប្រកួត​របស់​ពួក​គេ ដោយ​គ្រានោះ ប្រធាន IOC លោក Thomas Bach បាន​ពណ៌នា​ថា ជា​វិធានការ​ដើម្បី​ការពារ​អត្ត​ព​លិ​ក​ទាំងនោះ​។

ប៉ុន្តែ​ពេល​នេះ IOC បាន​អំពាវនាវ​ឱ្យ​អត្ត​ព​លិ​ក​ទាំងអស់ ត្រូវ​តែ​ប្រកាន់​យក​ដោយ​ស្មើភាព​គ្នា ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​ទាំងអស់​មិន​ត្រូវ​សម្រេចចិត្ត​ថា តើ​អត្ត​ព​លិ​ក​ណា​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​មួយ​ណា និង​អត្ត​ព​លិ​ក​ណា​មិន​អាច​នោះ​ទេ​។

ជុំវិញ​បញ្ហា​នេះ លោក Vadym Guttsait រដ្ឋមន្ត្រី​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ករប​ស់អ៊ុយ​ក្រែ​ន​ផង​ដែរ​នោះ បាន​សង្កត់ធ្ងន់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ត្រូវ​តែ​ធ្វើ​ឡើង ដើម្បី​ប្រាកដ​ថា ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស្ស មិន​ត្រូវ​បាន​តំណាង​ដោយ​មធ្យោបាយ​ណាមួយ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពហុ​កីឡា​ដ៏​អស្ចារ្យ​នៅ​រដូវក្តៅ​ក្រោយ​។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សំ​ណេ​រ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ផ្នែក​មួយ​នៃ​សហព័ន្ធ​អន្តរជាតិ មានការ​ខឹងសម្បារ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ IOC ក្នុង​ការ​លើកកម្ពស់​ការ​វិល​ត្រឡប់​របស់​ជនជាតិ​រុ​ស្ស៊ី និង​បេឡា​រុស​។ យើង​បាន​ដោះស្រាយ ហើយនឹង​ដោះស្រាយ​ដល់​អង្គការ​អន្តរជាតិ​ទាំងអស់ ដែល​អាច​មាន​ឥទ្ធិពល​លើ​ស្ថានភាព និង​យោបល់​របស់​សមាជិក IOC ដែល​អាច​ស្តាប់​បាន​»​។

«​ជំហរ​របស់​យើង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ ដរាបណា​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស មិន​គួរ​ចូលរួម​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នោះ​ទេ​។ បច្ចុប្បន្ន​ការងារ​កំពុង​ដំណើរការ​លើ​ជំហាន ដែល​អាច​កើត​មាន​បន្ថែម​ទៀត​លើ​ជំហាន​ដំបូង ដើម្បី​បន្ត​ដាក់​ទណ្ឌកម្ម និង​រារាំង​ជនជាតិ​រុ​ស្ស៊ី និង​បេឡា​រុស​ពី​ការ​ប្រកួតប្រជែង​អន្តរជាតិ​។ ហើយ​ប្រសិនបើ​ការ​លើក​ឡើង​របស់​យើង​មិន​ត្រូវ​បាន​អើពើ ខ្ញុំ​មិន​បដិសេធ​ពី​លទ្ធភាព​ដែល​យើង​នឹង​ធ្វើ​ពហិការ និង​បដិសេធ​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឡើយ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Guttsait​។

ក្រៅពី​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នោះ ក្រុម​សិទ្ធិ​អត្ត​ព​លិ​ក​សកល Global Athlete ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ផង​ដែរ ដោយ​ថែម​ទាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ផែនការ​របស់ IOC ក្នុង​ការ​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នា​ពេល​ខាង​មុខ គឺ​គ្រាន់តែ​ពង្រឹង​ម៉ាស៊ីន​ឃោសនា​របស់​រុ​ស្ស៊ី តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ