ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC បើកទ្វារ​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នៅ​បារាំង និង​អ៊ី​តា​លី

1 ឆ្នាំ មុន

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​គូសបញ្ជាក់​អំពី​ផែនការ​ពហុ​ជំហាន​សម្រាប់​

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​គូសបញ្ជាក់​អំពី​ផែនការ​ពហុ​ជំហាន​សម្រាប់​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ ២០២៤ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង និង​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២៦ នៅ​ទីក្រុង​មី​ឡាន ប្រទេស​អ៊ី​តា​លី​។

នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​លើក​ឡើង​ថា អត្ត​ព​លិ​ក​រុ​ស្ស៊ី មិន​គួរ​មាន​កន្លែង​សម្រាប់​ការ​ប្រកួត Paris Games នោះ​ទេ​។ ប៉ុន្តែ​ជាក់ស្តែង សេចក្តីថ្លែងការណ៍​របស់ IOC កាលពី​ថ្ងៃ​ទី​២៥ ខែមករា អាច​ជម្រះ​ផ្លូវ សម្រាប់​ការ​ត្រឡប់​មក​វិញ របស់​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ដោយ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា «​មិន​មាន​អត្ត​ព​លិ​ក​ណា​ម្នាក់ គួរតែ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត ដោយសារ​តែ​លិខិតឆ្លងដែន​របស់​ពួក​គេ​នោះ​ទេ​»​។

IOC បន្ថែម​ថា ការ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង ដែល​រួម​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ជម្រុះ នឹង​តម្រូវ​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស​ចូលរួម​ក្នុង​នាម​អព្យាក្រឹត ដោយ​មិន​តំណាង​ឱ្យ​រដ្ឋ ឬ​អង្គការ​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​ពួក​គេ​ឡើយ​។ គ្មាន​ទង់ជាតិ ភ្លេងជាតិ ឬ​អត្តសញ្ញាណ​ផ្សេង​ទៀត​ណាមួយ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​កីឡា ឬ​កិច្ចប្រជុំ​ណាមួយ រួម​ទាំង​ទីកន្លែង​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​។ អត្ត​ព​លិ​ក​ក៏​មិន​ត្រូវធ្វើ​សកម្មភាព​ប្រឆាំង​ណាមួយ​នឹង​បេសកកម្ម​សន្តិភាព​របស់ IOC ដើម្បី​គាំទ្រ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

យ៉ាងណាមិញ IOC បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន ក្នុង​ការ​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល​របស់​រុ​ស្ស៊ី និង​បេឡា​រុស ហើយនឹង​ហាមឃាត់​ព្រឹត្តិការណ៍​កីឡា ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ស្ថាប័ន​កំពូល​នេះ បាន​បញ្ជាក់​ថា ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​បាន​ជួប​ប្រជុំ​រួច​ហើយ និង​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឡើង​វិញ អំពាវនាវ​ឱ្យ​មានការ​ពង្រឹង​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​។

បន្ថែម​ពី​នេះ​ទៀត IOC នឹង​ប្តេជ្ញា​ចិត្ត​ឡើង​វិញ ពង្រឹង​សាមគ្គីភាព​ជាមួយ​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន និង​សហគមន៍​អូ​ឡាំ​ពិ​ក​អ៊ុយ​ក្រែ​ន ហើយនឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការ​បង្កើត​ក្រុម​ខ្លាំង​មួយ​នៅ​ឯការ​ប្រកួត នៅ​ក្នុង​ទី​ក្រុងប៉ារីស និង​ទីក្រុង​មី​ឡាន​។

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នេះ IOC ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​រួម​ទាំង​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន និង​សមាគម​សិទ្ធិ​អត្ត​ព​លិ​ក​សកល​ផង​ដែរ ដោយ​លើក​ឡើង​ថា ការ​សម្រេចចិត្ត​នេះ បង្ហាញ​ថា IOC កំពុង​គាំទ្រ​សង្គ្រាម​របស់​រុ​ស្ស៊ី និង​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។

សេចក្តីថ្លែងការណ៍​រួម​ពី​ក្រុម​សិទ្ធិ​អត្ត​ព​លិ​ក​សកល Global Athlete និង​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន បាន​បង្ហាញ​ថា ផែនការ​របស់ IOC ក្នុង​ការ​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នា​ពេល​ខាង​មុខ គឺ​គ្រាន់តែ​ពង្រឹង​ម៉ាស៊ីន​ឃោសនា​របស់​រុ​ស្ស៊ី តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ