ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup 2022 ៖ ថៃ​រកបាន​ជិត​១​លាន​ដុល្លារ ក្រោយ​គ្រង​តំណែង​ជើងឯក

8 ខែ មុន

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ រកបាន​ជិត ៣៥​លាន​បាត ដែល​ស្មើនឹង ១,០៥​លាន​ដុល្លារ​អា​មេ​រិ​

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ រកបាន​ជិត ៣៥​លាន​បាត ដែល​ស្មើនឹង ១,០៥​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០២២ (AFF Mitsubishi Electric Cup 2022) កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Main Stand – International ដែល​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៧ ខែមករា កន្លង​ទៅ​។ គួររំលឹកថា AFF Championship 2022 ៖ ថៃ​បង្កើន​កំណត់​ត្រា​ឈ្នះ​ជើងឯក ក្រោយ​ផ្តួល​វៀតណាម

ក្រុម​ដំរី​សឹក​ថៃ ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល លោក Alexandre Polking បានការ​ពារ​តំណែង​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន​ដោយ​ជោគជ័យ ក្រោយ​យកឈ្នះ​លើ​ក្រុម​អ្នក​ចម្បាំង​ផ្កាយ​មាស​វៀតណាម នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅ​ឯ​កីឡដ្ឋាន Thammasat ដោយ​លទ្ធផល ១-០ ហើយដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង ថៃ​ឈ្នះ​ក្នុង​លទ្ធផល ៣-២​។ សម្រាប់​ថៃ នេះ​គឺជា​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់ AFF Cup ជា​លើក​ទី​៧ និង​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​ផង​ដែរ​។

ដោយ​បាន​ប្រកាស​រួច​ហើយ លោកស្រី Nualphan Lamsam ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា Madame Pang ដែល​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ នឹង​ផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​ចំនួន ១០​លាន​បាត សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ AFF Cup 2022​។ ប៉ុន្តែ​ទោះ​យ៉ាងណា ស្ត្រី​អ្នក​ជំនួយ​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​អះអាង​នៅ​ក្នុង​បទ​សម្ភាសន៍​ក្រោយ​បញ្ចប់​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​១៦ ខែមករា កន្លង​ទៅ ថា លោកស្រី​នឹង​ផ្តល់​ប្រាក់សុទ្ធ​ទ្វេ​ដង​ចំនួន ២០​លាន​បាត ដល់​ក្រុម​ជម្រើសជាតិ​ថៃ ដែល​ប្រឹងប្រែង​រហូត​ឈ្នះ​តំណែង​ជើងឯក​។ បន្ថែម​ពីលើ​ប្រាក់​រង្វាន់​ផ្ទាល់​ពី​សំណាក់ Madame Pang ប្រធាន​សមាគម​បាល់ទាត់​ថៃ លោក Somyot Poompanmoung ក៏​នឹង​ផ្តល់​ប្រាក់​បន្ថែមចំនួន ៥​លាន​បាត​ផង​ដែរ​។

បន្ទាប់​ពី​បន្ថែម​២៥​លាន​បាត ចូល​ទៅ​ក្នុង​ប្រាក់​រង្វាន់​របស់​ពី AFF ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ប្រហែល ១០​លាន​បាត ដូច្នេះ​តម្លៃ​សរុប​គឺ​ប្រហែល ៣៥​លាន​បាត ដែល​ស្មើនឹង​ប្រហែល ១,០៥​លាន​ដុល្លារ ខណៈ​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រាក់​ទាំង​អស់នេះ នឹង​ត្រូវ​បែងចែក​ដល់​កីឡាករ និង​បុគ្គលិក​របស់​ក្រុម​ជម្រើសជាតិ​ថៃ​យ៉ាងណា​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Cup ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​តម្រូវ​ធ្វើការ​ប្រកួត​២​ឆ្នាំ​ម្តង​។ ចាប់ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ ២០២២ ពានរង្វាន់​នេះ បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ចំនួន​៣​ដង ដែល​រួម​មាន Tiger Cup, AFF Suzuki Cup និង​ចុង​ក្រោយ AFF Mitsubishi Electric Cup ដែល​ទើបតែ​ត្រូវ​បាន​ប្តូរ​នៅ​ក្នុង​ឆ្នាំ ២០២២​។ រយៈពេល​២៧​ឆ្នាំ​កន្លង​មកនេះ ថៃ គឺ​ក្រុម​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ ពោល​គឺ ៧​ដង ចំណែក​សិង្ហ​បុរី​ឈ្នះ ៤​ដង វៀតណាម​ឈ្នះ ២​ដង និង​ម៉ា​ឡេ​ស៊ី​ល​ឈ្នះ ១​ដង ខណៈ​ដែល​ឥណ្ឌូ​ណេ​ស៊ី ជា​ក្រុម​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ជាងគេ ពោល ៦​ដង ប៉ុន្តែ​ពុំដែល​ឈ្នះ​ជើងឯក​ឡើយ​៕