Mbappé បំបែកកំណត់ត្រា Ronaldo តែមិនអាចជួយ Real ឈ្នះពាន Copa del Rey
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappé បានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo នៅ Real…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappé បានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo នៅ Real…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappé បានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo នៅ Real Madrid ប៉ុន្តែមិនអាចជួយក្រុមរហស្សនាមស្តេចសមួយនេះ ឈ្នះជើងឯកពានរង្វាន់ Copa del Rey រដូវកាល ២០២៤-២៥ បានឡើយ បន្ទាប់ពីចាញ់ក្រុមអ្នកមានបុណ្យ Barcelona នៅក្នុងលទ្ធផល ៣ទល់នឹង២ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។
ជំនួប El Clásico វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey រដូវកាល ២០២៤-២៥ ដែលធ្វើឡើងនៅកីឡដ្ឋាន La Cartuja ទីក្រុងសេវីល (Seville) បានបិទបញ្ចប់ទៅដោយក្រុម Barcelona គឺជាម្ចាស់ជើងឯក និងជាការឈ្នះលើកទី៣២របស់ខ្លួន ដើម្បីឈរជាក្រុមឈ្នះពានរង្វាន់នេះច្រើនជាងគេ បន្ទាប់យកឈ្នះក្រុម Real Madrid នៅក្នុងការប្រកួតដែលត្រូវបន្ថែមម៉ោង១៥នាទី២ដង ដោយលទ្ធផល ៣-២ ក្រោយចប់៩០នាទីស្មើនឹងគ្នាលទ្ធផល ២-២។ ជ័យជម្នះរបស់ក្រុមលោក Hansi Flick សម្រេចបានដោយកីឡាករ Pedri, Ferran Torres និង Jules Koundé ចំណែក២គ្រាប់របស់ក្រុមលោក Carlo Ancelotti រកបានដោយកីឡាករ Kylian Mbappé និង Aurélien Tchouaméni។
ដោយឡែក ខ្សែប្រយុទ្ធ Kylian Mbappé បានរកគ្រាប់បាល់បញ្ចូលទីតាមរយៈការទាត់ហ្វ្រីឃីកដោយផ្ទាល់មួយជើងបញ្ចូលទី ដែលភាសាបច្ចេកទេសហៅថា Direct Free-kick ជាលើកដំបូងក្នុងអាជីពរបស់ខ្លួននៅនាទី៧០ទល់នឹង Barcelona កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ ដ្បិតហ្វ្រីឃីកដោយផ្ទាល់១គ្រាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ គឺជាគ្រាប់បាល់ទី៣៤របស់គេចាប់តាំងពីផ្លាស់ពី PSG មកចូលរួមជាមួយ Real Madrid កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលជារដូវកាលដំបូងរបស់ខ្លួន ដោយបានបំបែកកំណត់ត្រាខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo និងខ្សែប្រយុទ្ធហូឡង់ Ruud van Nistelrooy ដែលរកបាន៣៣គ្រាប់ដូចគ្នា នៅរដូវកាលដំបូងជាមួយ Real Madrid។
ទោះយ៉ាងណាក៏ដោយ Mbappé ត្រូវការ៤គ្រាប់ថែមទៀត ដើម្បីអាចបំបែកកំណត់ត្រាលោក Iván Zamorano ខ្សែប្រយុទ្ធសញ្ជាតិស៊ីលី ដែលរកបាន៣៧គ្រាប់នៅរដូវកាលដំបូងរបស់លោក ១៩៩២-៩៣ ជាមួយ Real Madrid៕ ប្រភព ៖ Onefootball, Bleacher Report Football, LiveScore និង Znews
ចែករំលែកព័តមាននេះ