ក្រុមប្រជែងពានជាមួយព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់ចាញ់ ឬស្មើពានក្នុងស្រុកតាំងពីបង្កើតក្លិបមក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវតទល់ជាមួយក្រុម FK Arkadag មកពីតួកម៉េនីស្ថាន វគ្គផ្ដាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឡើងលើទឹកដីកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតតេជោ។
បើក្រឡេកទៅមើលសាវតារក្រុមត្រៀមប្រជែងតំណែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ គឺជាក្រុមដ៏ជោគជ័យមួយ បើទោះជាទើបតែបង្កើតឡើងបានត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះ ដោយអតីតប្រធានាធិបតីតួកម៉េនីស្ថាន។
ក្លិបបាល់ទាត់ FK Arkadag ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដោយលោក Gurbanguly Berdimuhamedow ប្រធានាធិបតីប្រទេសតួកម៉េនីស្ថាន អំឡុងឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២២ និងមានមូលដ្ឋាននៅក្នុងទីក្រុងអាកាដាក។ បើទោះបីជាក្រុមដ៏ក្មេងខ្ចីក៏ពិតមែន ប៉ុន្តែ FK Arkadag គឺជាក្រុមដ៏ជោគជ័យមួយ និងបានអុកឡុកលីគកំពូលតួកម៉េនីស្ថាន Yokary Liga ដោយឈ្នះគ្រប់ពានរង្វាន់គ្រប់ក្នុងស្រុកទាំងអស់ដែលពួកគេបានចូលរួម។
លើសពីនេះទៀត ចាប់តាំងពីបង្កើតឡើងដំបូងរហូតមកទល់ពេលនេះ FK Arkadag មិនទាន់ស្គាល់ ចាញ់ ឬ ស្មើ ការប្រកួតក្នុងស្រុកនៅឡើយទេ និងបានគ្រងជើងឯកក្របខណ្ឌ Yokary Liga រដូវកាលដំបូងរបស់ខ្លួន ហើយបន្តការពារជើងឯកដោយជោគជ័យសម្រាប់រដូវកាលបន្ទាប់។ បច្ចុប្បន្នលីគកំពូលតួកម៉េនីស្ថានរដូវកាល ២០២៥ កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញ ហើយ FK Arkadag ដែលគ្មានកីឡាករបរទេសសូម្បីតែម្នាក់ក្នុងចំណោមកីឡាករទាំង២៤រូបរបស់ខ្លួន និងភាគច្រើនជាប់ក្រុមជម្រើសជាតិនោះ កំពុងតែឈរនៅចំណាត់ថ្នាក់ទី៤។
ក្រៅពីគ្រងជើងឯកលីគកំពូលតួកម៉េនីស្ថាន២រដូវកាលជាប់គ្នា FK Arkadag ក៏ឈ្នះពានរង្វាន់ក្នុងស្រុកផ្សេងទៀតដែលខ្លួនចូលរួមមានដូចជា Turkmenistan Cup ២ដង Turkmenistan Super Cup ១ដង និង Turkmenistan Football Federation Cup ១ដងផងដែរ។
ដ្បិតមិនស្គាល់ចាញ់ ឬស្មើក្នុងស្រុកក៏ពិតមែន ប៉ុន្តែចាប់តាំងពីបង្កើតឡើងរហូតមកទល់ពេលនេះ FK Arkadag ស្គាល់បរាជ័យ៤លើក ដោយលើកដំបូង ក្រោយថ្វីជើងក្រុមខ្លាំងអ៊ុយក្រែន Shakhtar Donetsk ការប្រកួតមិត្តភាពអន្តរជាតិ លទ្ធផល ៤-១ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លើកទី២ចាញ់ក្រុម Dnipro-1 របស់អ៊ុយក្រែនជំនួបមិត្តភាពដូចគ្នា លទ្ធផល ១-០ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ លើកទី៣ចាញ់ក្រុម Al Arabi របស់គុយវ៉ែត ការប្រកួតជម្រុះក្នុងពូលពានរង្វាន់ AFC Challenge League លទ្ធផល ៣-២ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងចុងក្រោយចាញ់ក្រុម Al Arabi ដដែលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ លទ្ធផល ២-០ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
សូមជម្រាបថា ពានរង្វាន់ AFC Challenge League រដូវកាល ២០២៤-២៥ ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បែងចែកជា២តំបន់ តំបន់ខាងកើត និងតំបន់ខាងលិច ដោយប្រកួតវគ្គចែកពូលទៅតាមតំបន់រៀងខ្លួន ដើម្បីចម្រាញ់យកក្រុមបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយ រហូតដល់ទាល់តែរកឃើញមួយក្រុមពីតំបន់ខាងកើតគឺព្រះខ័នរាជស្វាយរៀង និងមួយក្រុមពីតំបន់ខាងលិចគឺ FK Arkadag ដើម្បីទូទាត់គ្នានៅវគ្គផ្ដាច់ព្រ័ត្រ៕ រូបភាព ៖ TFF និង Preah Khan Reach Svay Rieng FC




ចែករំលែកព័តមាននេះ