ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Championship 2022 ៖ ថៃ​បង្កើន​កំណត់​ត្រា​ឈ្នះ​ជើងឯក ក្រោយ​ផ្តួល​វៀតណាម

1 ឆ្នាំ មុន

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល លោក Alexandre

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល លោក Alexandre Polking បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់​ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាងត្បូង លោក Park Hang-seo នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅ​ឯ​កីឡដ្ឋាន Thammasat នៅ​ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​។ ខណៈ​ជើង​ទី​១ នៅ​ឯ​ទឹកដី​វៀតណាម បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ២-២ ដូច្នេះ​ថៃ​ឈ្នះ​ដោយ​លទ្ធផល ៣-២​។

១​គ្រាប់​ជ័យជម្នះ​របស់​ថៃ សម្រេច​បាន​ដោយ​ប្រធាន​ក្រុម Theerathon Bunmathan នៅ​នាទី​២៤ ក្នុង​វគ្គ​ទី​១ តាម​រយៈ​ការ​ស៊ុត​ពីលើ​ដំបូលទូក​បញ្ចូល​ទី​បាន​យ៉ាង​អស្ចារ្យ​កក្រើក​កីឡដ្ឋាន Thammasat ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត Pathum Thani ដើម្បី​នាំ​ក្រុម​រហស្សនាម «​ដំរី​សឹក​» មួយ​នេះ ឈ្នះ​ជើងឯក AFF Mitsubishi Electric Cup 2022 និង​ជា​លើក​ទី​៧ ដើម្បី​បន្ត​កំណត់​ត្រា​ជា​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ ច្រើន​ជាងគេ​បំផុត​។

ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda និង​ខ្សែប្រយុទ្ធ​វៀតណាម Nguyen Tien Linh បាន​ជាប់​ឈ្មោះ​ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 (Top Scorer) បន្ទាប់​ពី​បញ្ចប់​ទៅ​មាន ៦​គ្រាប់​ដូច​គ្នា ​។ ខណៈ​ដែល​ប្រធាន​ក្រុម​ថៃ Theerathon Bunmathan ឈ្នះ​ពានរង្វាន់​កិត្តិយស MVP ប្រចាំ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ផង​ដែរ​។

ជំនួប​កាលពី​ថ្ងៃ​ទី​១៦ ខែមករា គឺជា​ការ​ដឹកនាំ​លើក​ចុង​ក្រោយ​របស់​លោក Park Hang-seo ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម ដោយ​កុងត្រា​របស់​គាត់​នឹង​អស់​សុពលភាព នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣ ខាង​មុន​នេះ បន្ទាប់​ពី​ចំណាយពេល​៥​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម «​អ្នក​ចម្បាំង​ផ្កាយ​មាស​» មួយ​នេះ ដោយ​បាន​ឈ្នះ​ពានរង្វាន់ AFF Championship 2018 និង​មេដាយមាស​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម (Southeast Asian Games) ២​ដង (២០១៩,២០២១)​។

គួរ​បញ្ជាក់​ថា ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​តម្រូវ​ធ្វើការ​ប្រកួត​២​ឆ្នាំ​ម្តង​។ ចាប់ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ ២០២២ ពានរង្វាន់​នេះ បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ចំនួន​៣​ដង ដែល​រួម​មាន Tiger Cup, AFF Suzuki Cup និង​ចុង​ក្រោយ AFF Mitsubishi Electric Cup ដែល​ត្រូវ​បាន​ប្តូរ​នៅ​ក្នុង​ឆ្នាំ ២០២២​។ រយៈពេល​២៧​ឆ្នាំ​កន្លង​មកនេះ ថៃ គឺ​ក្រុម​ដែល​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​បំផុត ពោល​គឺ​ចំនួន ៧​ដង ចំណែក​សិង្ហ​បុរី​ឈ្នះ ៤​ដង វៀតណាម​ឈ្នះ ២​ដង និង​ម៉ា​ឡេ​ស៊ី​ល​ឈ្នះ ១​ដង ខណៈ​ដែល​ឥណ្ឌូ​ណេ​ស៊ី ជា​ក្រុម​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ជាងគេ ពោល​ចំនួន ៦​ដង ប៉ុន្តែ​ពុំដែល​ឈ្នះ​ជើងឯក​ឡើយ​៕ (​ដកស្រង់​ចេញពី ASEAN FOOTBALL)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ