ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Felix សាង​កំណត់​ត្រា​មិន​ធ្លាប់​មាននៅ Chelsea ក្រោយ​បង្ហាញខ្លួន​ប្រកួត​ដំបូង​បាន​កាត​ក្រហម

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Joao Felix ទទួល​បាន​កាត​ក្រហម​នៅ​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Joao Felix ទទួល​បាន​កាត​ក្រហម​នៅ​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម Chelsea ខណៈ​ដែល​ក្រុម​រហស្សនាម តោ​ខៀវ មួយ​នេះ រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Fulham នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣​។ គួររំលឹកថា Chelsea ខ្ចី​ជើង Joao Felix ពី AT Madrid ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ប្រយុទ្ធ

ខ្សែប្រយុទ្ធ Joao Felix ត្រូវ​បាន​លោក Graham Potter ដាក់​ជា​ជម្រើស​១១​នាក់​ដំបូង នៅ​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ Chelsea នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Fulham បន្ទាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​២៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លិប Chelsea ខ្ចី​ជើង​ពី​ក្លិប Atletico Madrid កាលពី​ថ្ងៃ​ទី​១១ ខែមករា កន្លង​ទៅ នៅ​ក្នុង​កិច្ចព្រមព្រៀង​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។

ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម Chelsea បើ​ទោះបីជា​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក៏​ពិតមែន ប៉ុន្តែ​សមាជិក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បែរជា​ទទួល​បាន​កាត​ក្រហម នៅ​ក្នុង​នាទី​៥៨ នៃ​វគ្គ​ទី​២ ក្រោយ​បង្កកំហុស​ឈូស​បើក​បាត​បំ​បុក​ខ្សែការពារ Kenny Tete របស់​ក្រុម Fulham​។ ការ​ប្រជែង​របស់ Felix ត្រូវ​បាន​ចាត់ទុកជា​សកម្មភាព​ដ៏​គ្រោះថ្នាក់ ដែល​មាន​ន័យ​ថា រូបគេ​នឹង​ត្រូវ​ខកខាន​៣​ប្រកួត​បន្ទាប់​សម្រាប់ Chelsea នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ។

Joao Felix ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​បាន​កាត​ក្រហម​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ Chelsea ក្នុង​ការ​ប្រកួត Premier League ហើយ​ក៏​ជា​កីឡាករ​ដំបូង​គេ ដែល​ទទួល​បាន​កាត​ក្រហម​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម​ថ្មី​របស់​ខ្លួន បន្ទាប់​កីឡាករ Federico Fazio អតីត​ខ្សែការពារ​ក្រុម Tottenham Hotspur ដែល​កើតឡើង​ក្នុង​ជំនួប​ទល់​នឹង​ក្រុម Manchester City កាលពី​ខែតុលា ឆ្នាំ ២០១៤ កន្លង​ទៅ​។

ជាមួយនឹង​ការ​បរាជ័យ​នេះ Chelsea កំពុង​ស្ថិត​ស្ថានភាព​គ្រោះថ្នាក់​មួយ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ មាន​២៥​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal រហូត​សល់​១៩​ពិន្ទុ និង ១០​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ Manchester United៕ (​ដកស្រង់​ចេញពី BBC និង Football London)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ