ម្ចាស់ផ្ទះបារាំងកំពុងធ្វើឱ្យប្រាកដថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ «គ្មានមូស»
ប្រទេសបារាំង ៖ ម្ចាស់ផ្ទះបារាំងកំពុងព្យាយាមធ្វើឱ្យប្រាកដថា មូសខ្លាផ្ទុកមេរោគ ដែលជាការគំរាម
ប្រទេសបារាំង ៖ ម្ចាស់ផ្ទះបារាំងកំពុងព្យាយាមធ្វើឱ្យប្រាកដថា មូសខ្លាផ្ទុកមេរោគ ដែលជាការគំរាម
ប្រទេសបារាំង ៖ ម្ចាស់ផ្ទះបារាំងកំពុងព្យាយាមធ្វើឱ្យប្រាកដថា មូសខ្លាផ្ទុកមេរោគ ដែលជាការគំរាមកំហែងកាន់តែខ្លាំងឡើងនៅអឺរ៉ុប នឹងមិនប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ សម្រាប់អត្តពលិក និងអ្នកគាំទ្រ ក៏ដូចជាភ្ញៀងទេសចររាប់លាននាក់ ដែលនឹងសម្រុកចូលមកលេងនៅក្នុងរដ្ឋធានីបេះដូងនៃប្រទេសបារាំងមួយនេះ។
នៅភាគខាងជើងទ្វីបអឺរ៉ុប រួមទាំងប្រទេសបារាំងផងដែរនោះ រងការវាយប្រហារយ៉ាងខ្លាំងដោយមូសខ្លាអាស៊ី ឬ Asian Tiger Mosquito ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានរីករាលដាលជំងឺដូចជា គ្រុនឈាម គ្រុនឈីក ឬ Chikungunya និងហ្ស៊ីកា ផងដែរ។ បម្រែបម្រួលអាកាសធាតុត្រូវបានអ្នកជំនាញអះអាងថា នៅពីក្រោយការរីករាលដាលសត្វមូស ដោយអាជ្ញាធរកាលពីពេលថ្មីៗនេះ បានប្រកាសថា Normandy ដែលជាតំបន់ភូមិសាស្ត្រ និងវប្បធម៌មួយនៅភាគពាយ័ព្យទ្វីបអឺរ៉ុប គឺជាតំបន់ចុងក្រោយបង្អស់ ដែលនៅសេសសល់គ្មានមូសនៅក្នុងប្រទេសបារាំង។
អាជ្ញាធរព្យាយាមធ្វើកិច្ចការជាច្រើនជាទីបំផុត ដើម្បីកម្ចាត់សត្វមូស និងសត្វល្អិត រួមទាំងការបាញ់ថ្នាំនៅផ្នែកខ្លះនៃទីក្រុងប៉ារីស ដែលជាបច្ចេកទេសប្រើប្រាស់ជាប្រចាំនៅក្នុងទីក្រុងត្រូពិចជាច្រើន។ ប៉ុន្តែជាមួយនឹងការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំនេះ ដែលសល់ប្រមាណ៤ខែទៀតប៉ុណ្ណោះ ដោយអ្នកជំនាញបានព្រមានថា មូសអាចនឹងបំផ្លាញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ក៏ដូចជាផ្តល់ផលគ្រោះថ្នាក់ដល់អត្តពលិកចូលរួមប្រកួតប្រជែង។
លោក Didier Fontenille អ្នកជំនាញខាងរោគវិទ្យា និងអ្នកជំនាញខាងជំងឺឆ្លង បានលើកឡើងថា នៅពេលដែលអ្នកឈឺដោយជំងឺគ្រុនឈាម អ្នកនឹងមិនអាចលោតរំលងឧបសគ្គណាមួយបានឡើយ។ ដូច្នេះក្នុងនាមទីក្រុងជាម្ចាស់ផ្ទះ និងជាពិសេសភូមិកីឡាអូឡាំពិកត្រូវតែប្រាកដថា គ្មានមូស។
អាជ្ញាធរសុខាភិបាលបារាំងបានសន្យាបង្កើនការឃ្លាំមើល នៃការគំរាមកំហែងពីសត្វមូស ដែលពិបាកនៅក្នុងការលុបបំបាត់។ ប្រទេសបារាំង កាលពីឆ្នាំមុន បានរាយការណ៍អំពីករណីជំងឺគ្រុនឈាមចំនួន ៤៥ករណី ដែលត្រូវបានសន្មតថា ករណីចម្លងមេរោគនៅក្នុងស្រុក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ដោយមានអត្តពលិក ១០,៥០០នាក់ចូលរួមធ្វើការប្រកួតប្រជែង មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕ (ប្រភព ៖ AFP)
ចែករំលែកព័តមាននេះ