អូឡាំពិកប៉ារីស ៖ ដកបម្រាមហាមអត្តពលិករួមភេ.ទ ខណៈស្រោមអនាម័យ៣០ម៉ឺនស្រោមផ្ដល់ជូន Free
ប្រទេសបារាំង ៖ ប្រធានកីឡាអូឡាំពិកបានប្រកាសអំពីការលុបចោលបម្រាមហាមអត្តពលិករួមភេទ
ប្រទេសបារាំង ៖ ប្រធានកីឡាអូឡាំពិកបានប្រកាសអំពីការលុបចោលបម្រាមហាមអត្តពលិករួមភេទ
ប្រទេសបារាំង ៖ ប្រធានកីឡាអូឡាំពិកបានប្រកាសអំពីការលុបចោលបម្រាមហាមអត្តពលិករួមភេទ មុនពេលការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ (Olympic Games Paris 2024 ) ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ នេះបើយោងតាមប្រភពពីកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
បម្រាមហាមអត្តពលិករួមភេទ ត្រូវបានដាក់ចេញមុនការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ ដែលត្រូវពន្យារពេលមករៀបចំនៅឆ្នាំ ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ការហាមប្រាម ត្រូវបានដាក់ចេញស្របតាមគោលបំណងឱ្យអត្តពលិករក្សាគម្លាតសុវត្ថិភាព អំឡុងពេលនៃទប់ស្កាត់ការឆ្លងកូវីដ-១៩។ លើសពីនេះទៀត អ្នករៀបចំជប៉ុនថែមទាំងរៀបចំគ្រែគេងធ្វើពីក្រដាសកាតុងប្រឆាំងនឹងការរួមភេទដែលហៅថា Anti-Sex Bed សម្រាប់អត្តពលិក នៅឯកន្លែងស្នាក់នៅក្នុងភូមិកីឡាអូឡាំពិកទីក្រុងតូក្យូ។
យ៉ាងណាមិញ ការហាមប្រាមនេះ ត្រូវបានដកចេញនៅមុនការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសចូលមកដល់។ ជាក់ស្តែង លោក Laurent Michaud នាយកភូមិកីឡាអូឡាំពិកក្រុងប៉ារីស បានលើកឡើងថា «វាមានសារសំខាន់ខ្លាំងណាស់ ដែលភាពរស់រវើកកើតមាននៅទីនេះ។ ដោយពួកយើងបានធ្វើការជាមួយនឹងគណៈកម្មាការអត្តពលិក ហើយយើងចង់បង្កើតកន្លែងមួយចំនួន ដែលអត្តពលិកមានអារម្មណ៍រីករាយ និងផាសុកភាព»។
ជាមួយគ្នានោះផងដែរ ប្រភពពី TMZ ក៏បានរាយការណ៍ថា ស្រោមអនាម័យផ្ដល់ជូនឥតគិតថ្លៃចំនួន៣០ម៉ឺនស្រោម នឹងត្រូវបញ្ជូនទៅស្តុកទុកនៅភូមិកីឡាអូឡាំពិកទីក្រុងប៉ារីស ដើម្បីសុវត្ថិភាពសម្រាប់អត្តពលិកទាំងអស់ អំឡុងពេលនៃការប្រកួតប្រជែង។
ទោះយ៉ាងណាក៏ដោយ អត្តពលិកទាំងអស់ នៅតែត្រូវហាមឃាត់មិនឱ្យទទួលទានគ្រឿងស្រវឹង អំឡុងពេលនៃការប្រកួតប្រជែង បើទោះបីជាពួកគេមានម្ហូបអាហារសម្បូរបែបពីជុំវិញពិភពលោក សម្រាប់ទទួលទានជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ដោយមានអត្តពលិក ១០,៥០០នាក់ចូលរួមធ្វើការប្រកួតប្រជែង មុនពេលដែលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕ (ប្រភព ៖ The Sun)
ចែករំលែកព័តមាននេះ