ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ប្រឈមជាប់ពន្ធនាគារ រឿងថើបមាត់កីឡាការិនីម្នាក់

4 អាទិត្យ មុន

ប្រទេសអេស្ប៉ាញ ៖ រដ្ឋអាជ្ញាប្រទេសអេស្ប៉ាញ ចង់ឱ្យអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក

ប្រទេសអេស្ប៉ាញ ៖ រដ្ឋអាជ្ញាប្រទេសអេស្ប៉ាញ ចង់ឱ្យអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ ជុំវិញការថើបរបស់គាត់លើកីឡាការិនីជម្រើស​ជាតិ​អេស្ប៉ាញ Jenni Hermoso ដោយគ្មានការយល់ព្រមពីនាង អំឡុងពេលពិធីបំពាក់មេដាយព្រឹត្តិ​ការណ៍ World Cup ឆ្នាំ ២០២៣ ដែលអេស្ប៉ាញជាម្ចាស់ជើងឯក។

ប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ រាយការណ៍ថា លោក Luis Rubiales កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងបង្ខិតបង្ខំ បន្ទាប់ពីបុរសវ័យ៤៦ឆ្នាំរូបនេះ បានចាប់ថើបមាត់កីឡាការិនី Jenni Hermoso កាលពីខែសីហា ឆ្នាំមុន ដែលក្រោយមក ខ្សែប្រយុទ្ធ Hermoso និងមិត្តរួមក្រុមរបស់នាងបានអះអាងថា ការថើបនោះ គឺពុំមានការយល់ព្រម និងជាការប្រមាថមួយ។ ដោយសារតែបញ្ហានេះហើយ លោក Rubiales ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ប៉ុន្តែគាត់នៅតែអះអាងថា ខ្លួនមិនបានធ្វើខុស។

យោងតាមឯកសាររបស់តុលាការអេស្ប៉ាញបង្ហាញថា លោកស្រីព្រះរាជអាជ្ញា Marta Durantez បាន​ចោទប្រកាន់លោក Rubiales ពីបទរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំ សម្រាប់សកម្មភាពដែលត្រូវបានចោទប្រកាន់បន្ទាប់ពីការថើបកីឡាការិនី Hermoso ។ ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារ១ឆ្នាំ១៨ខែ។ ទន្ទឹមជាមួយគ្នានោះ លោកស្រីព្រះរាជអាជ្ញា ក៏បានចោទប្រកាន់មនុស្ស៣នាក់ផ្សេងទៀត ដែលរួមមាន លោក Jorge Vilda អតីតគ្រូបង្វឹកក្រុមជម្រើសជាតិនារីអេស្ប៉ាញ លោក Albert Luque នាយកកីឡារបស់ក្រុមនារីអេស្ប៉ាញ និងលោក Ruben Rivera ប្រធានផ្នែកទីផ្សាររបស់សហព័ន្ធពីបទបង្ខិតបង្ខំកីឡាការិនី Hermoso ឱ្យនិយាយថា ការថើបនោះ គឺជាការយល់ព្រម។

ការចោទប្រកាន់បានអះអាងថា ពួកគេបានបៀតបៀននាងតាមរយៈការគាបសង្កត់ជាបន្តបន្ទាប់ និងម្ដងហើយម្ដងទៀត រួមទាំងតាមរយៈមិត្តភក្តិ និងក្រុមគ្រួសាររបស់នាងផងដែរ។ ទោះយ៉ាងណា នៅក្នុងតុលាការ អ្នកទាំង ៣ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយបើតាមច្បាប់ម្នាក់ៗ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៨ខែ ប្រសិនបើត្រូវបានកាត់ទោស។

លោកស្រីព្រះរាជអាជ្ញាក៏ចង់ឱ្យបុរសទាំង៤នាក់ សងការខូចខាតជាទឹកប្រាក់សរុប ១០ម៉ឺនអឺរ៉ូ ស្មើនឹង ១០៨,០០០ដុល្លារអាម៉េរិកដល់កីឡាការិនី Hermoso ហើយសម្រាប់លោក Rubiales ត្រូវបង់យ៉ាងហោចណាស់ពាក់កណ្ដាលនៃចំនួននេះ។ លោកស្រីព្រះរាជអាជ្ញាក៏បានស្នើសុំការហាមឃាត់ចំពោះលោក Rubiales ដោយត្រូវនៅឱ្យឆ្ងាយចម្ងាយ ២០០ម៉ែត្រពីកីឡាការិនី Hermoso និងពីការប្រាស្រ័យទាក់ទងជាមួយនាងសម្រាប់រយៈពេល៧ឆ្នាំកន្លះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ