ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ខ្ចី​ជើង Joao Felix ពី AT Madrid ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ប្រយុទ្ធ

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Joao Felix នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដើម្បី​ពិនិត្យ​សុខ

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Joao Felix នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដើម្បី​ពិនិត្យ​សុខភាព​ជាមួយ​ក្លិប Chelsea មុន​ពេល​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​ពី​ក្លិប Atletico Madrid នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង រហូត​ដល់​ចប់​រដូវ​កាល​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Sky Sports ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣​។

ក្រុម​តោ​ខៀវ Chelsea បាន​ប្រជែង​ឈ្នះ​គូប្រជែង​នៅ​ក្នុង​កំពូល​អង់គ្លេស Premier League គឺ​ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Joao Felix ពី​ក្រុម Atletico Madrid នៅ​ក្នុង​លក្ខខណ្ឌ ដោយ​ត្រូវ​បង់ថ្លៃ​លើ​កិច្ចព្រមព្រៀង ១១​លាន​អឺ​រ៉ូ បូក​រួម​នឹង​ថ្លៃ​នឿយហត់​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​២៣​ឆ្នាំ​រូប​នេះ ផង​ដែរ​។

Felix នឹង​ត្រូវ​បាន​ផ្តល់​នូវ​ការ​ជំរុញ​បន្ថែម​ទៀត សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម Chelsea ក្រោម​ការ​ដឹកនាំ​របស់​លោក Graham Potter ដែល​កំពុង​ត្រដាបត្រដួស​យ៉ាង​ខ្លាំង ជាមួយនឹង​វិ​ប​តិ្ត​កីឡាករ​ស្នូល​ជា​ច្រើន ដែល​កំពុង​រង​របួស ជា​ហេតុ​នាំ​ឱ្យ​ក្រុម​មួយ​នេះ ធ្លាក់​ទៅ​ឈរ​ចំណាត់ថ្នាក់​ទី​១០ នៃ​លី​គ​កំពូល​អង់គ្លេស ក្រោយ​ឆ្លងកាត់​១៧​ប្រកួត​កន្លង​មក​។

ទោះបីជា​ទីផ្សារ​ដោះ​ដូរ​កីឡាករ ទើបតែ​បើក​បាន​ជាង​មួ​យស​ប្តា​ហ៍​ក៏​ពិតមែន ប៉ុន្តែ​ក្រុម Chelsea បាន​ធ្វើ​សកម្មភាព​រួច​ហើយ នៅ​ក្នុង​ខែមករា​នេះ ដោយ​បាន​ចុះហត្ថលេខា​លើ​ខ្សែការពារ Benoit Badiashile ពី​ក្លិប Monaco, ខ្សែប្រយុទ្ធ David Datro Fofana ពី​ក្លិប Molde និង​ខ្សែបម្រើ Andrey Santos ពី​ក្លិប Vasco da Gama​។ លោក Potter សង្ឃឹមថា ការ​មក​ដល់​របស់​កីឡាករ​ទាំងនេះ នឹង​អាច​ជួយ​កែ​លម្អ​ទម្រង់​ក្រុម​របស់​គាត់​នា​ពេល​បច្ចុប្បន្ន ដែល​កំពុង​មាន​បញ្ហា​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ Joao Felix បាន​ផ្លាស់​ពី​ក្លិប Benfica នៃ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ (Primeira Liga) មក​ចូលរួម​ជាមួយនឹង​ក្លិប Atletico Madrid នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ (La Liga) នៅ​ក្នុង​តម្លៃ ១២៦​លាន​អឺ​រ៉ូ កាលពី​ក្នុង​ឆ្នាំ ២០១៩​។

ជាមួយ Atletico Madrid ខ្សែប្រយុទ្ធ​កម្ពស់ ១,៨១​សង់ទីម៉ែត្រ​រូប​នេះ ស៊ុត​បញ្ចូល​ទី​សរុប​បាន ៣៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ១៣១​ប្រកួត ដោយ​បាន​ឈ្នះ​ជើងឯក La Liga ១​លើក កាលពី​រដូវ​កាល ២០២០-២១៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ