ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តពលិកអព្យាក្រិតរុស្ស៊ី-បេឡារុស មិនត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីបើកអូឡាំពិកក្រុងប៉ារីស

6 ខែ មុន

ប្រទេសបារាំង ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC កាលពីថ្ងៃទី១៩ ខែមីនា

ប្រទេសបារាំង ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសជាផ្លូវការថា អត្តពលិករុស្ស៊ី និងបេឡារុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងក្បួនដង្ហែពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ នៅពេលខាងមុខនេះទេ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងឃើញអត្តពលិករាប់ពាន់នាក់ធ្វើដំណើរដោយទូកតាមដងទន្លេសេន (Seine) ជាច្រើនគីឡូម៉ែត្រ ឆ្ពោះទៅកាន់ប៉មទួអេហ្វែល (Eiffel Tower) ជំនួសឱ្យក្បួនដង្ហែប្រពៃណី ដែលយើងតែងតែបានឃើញធ្វើឡើងនៅក្នុងកីឡដ្ឋានមួយរបស់ប្រទេសម្ចាស់ផ្ទះ។

IOC បានប្រកាសថា រាល់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ដែលត្រូវបានអនុម័តមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះ ក្នុងជានាមអត្តពលិកអព្យាក្រិត មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងក្បួនដង្ហែពិធីបើកនោះ ដោយពួកគេមានឱកាសទទួលបានបទពិសោធពីពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅជិតដងទន្លេសេន នៃទីក្រុងប៉ារីស។

ការសម្រេចចិត្តរបស់ IOC ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IPC កាលពីពីរសប្តាហ៍មុន បានប្រកាសហាមឃាត់អត្តពលិកអព្យាក្រិតមកពីរុស្ស៊ី និងបេឡារុស សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

ប្រទេសរុស្សី និងបេឡារុស ត្រូវបានហាមប្រាមការលេងជាក្រុមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយសារតែសង្រ្គាមឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយ IOC បានដាក់ចេញនូវនីតិវិធីពិនិត្យចំនួនពីរជំហាន សម្រាប់អត្តពលិកម្នាក់ៗមកពីប្រទេសទាំងនោះ ដើម្បីទទួលសិទ្ធិជាអត្តពលិកអព្យាក្រិត ដោយស្ថាប័នគ្រប់គ្រងកីឡាប្រទេសពួកគេ និងក្រុមត្រួតពិនិត្យដែលតែងតាំងដោយ IOC ។

លក្ខខណ្ឌនៃការដាក់បញ្ចូលពួកគេរួមមាន រាល់អត្តពលិកអព្យាក្រិត មិនត្រូវបង្ហាញការគាំទ្រជាសាធារណៈចំពោះការឈ្លានពានអ៊ុយក្រែន ឬមានទំនាក់ទំនងជាមួយភ្នាក់ងារសន្តិសុខយោធា ឬរដ្ឋរបស់ប្រទេសពួកគេ។ ពួកគេធ្វើការប្រកួតប្រជែងដោយគ្មានឈ្មោះ និងទង់ជាតិប្រទេសកំណើត ក៏ដូចជានិមិត្តសញ្ញា ឬក៏ភ្លេងជាតិប្រទេសរបស់ពួកគេ ហើយការឈ្នះមេដាយទៀតសោត អត្តពលិកអព្យាក្រិតនឹងមិនត្រូវរាប់បញ្ចូលទៅជាក្រុមប្រទេស នៅក្នុងតារាងមេដាយសរុបនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ