ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៤ថ្ងៃ! ចិនកា.ត់ទោសអតីតបុគ្គលជាន់ខ្ពស់វិស័យបាល់ទាត់​៤រូបពីបទពុករលួ.យ

6 ថ្ងៃ មុន

ប្រទេសចិន ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ នៅព្រឹកនេះ បានឱ្យដឹងថា លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ផ្នែកបុរសជម្រើសជាតិចិន…

ប្រទេសចិន ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ នៅព្រឹកនេះ បានឱ្យដឹងថា លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ផ្នែកបុរសជម្រើសជាតិចិន ហើយក៏ជាអតីតខ្សែបម្រើក្លិប Everton នៅលីគកំពូលអង់គ្លេស Premier League ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទស៊ីសំណូក និងសូកប៉ាន់។ ការកាត់ទោសនេះត្រូវបានកាត់ចេញដោយតុលាការប្រជាជនកម្រិតមធ្យមទីក្រុងសៀននីង (Xianning) ខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នៅថ្ងៃទី១៣ ខែធ្នូ។

លោក Li Tie អតីតខ្សែបម្រើក្រុមស្ករគ្រាប់ Everton ចន្លោះឆ្នាំ ២០០៣ ដល់ ២០០៦ ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំក្រុមជម្រើសជាតិចិន ចន្លោះឆ្នាំ ២០១៩-២០២១។របាយការណ៍ពី ស៊ីនហួ កើតឡើងយ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានរាយការណ៍ផងដែរថា សេចក្តីថ្លែងការណ៍តុលាការចិន កាលពីថ្ងៃពុធកន្លងទៅ បានឱ្យដឹងថា ប្រទេសចិនបានកាត់ទោសអតីតមន្ត្រីជាន់ខ្ពស់សមាគមកីឡាបាល់ទាត់ចិនចំនួនពីររូបផ្សេងទៀតពីបទស៊ីសំណូក បន្ទាប់ពីមានការបង្រ្កាបយ៉ាងខ្លាំងក្លាលើអំពើពុករលួយការប្រកួតក្នុងស្រុក។

ប្រភពដដែលបន្តថា តុលាការមួយស្ថិតក្នុងខេត្តហ៊ូប៉ីបានឱ្យដឹងថា លោក Liu Yi អតីតអគ្គលេខាធិការសមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ និងពិន័យជាប្រាក់ ៣.៦លានយ័ន ឬ ៤៩៧,០០០ដុល្លារពីបទទទួលសំណូក។ តុលាការដាច់ដោយឡែក ប៉ុន្តែស្ថិតក្នុងខេត្តតែមួយ ក៏បានឱ្យដឹងថា លោក Tan Hai អតីតប្រធានការិយាល័យគ្រប់គ្រងអាជ្ញាកណ្តាលសមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំកន្លះ និងពិន័យជាប្រាក់ ២០ម៉ឺនយ័ន ឬ ២៧,៥០០ដុល្លារផងដែរ។

សេចក្តីថ្លែងការណ៍រួមនៃតុលាការទាំងពីរបានឱ្យដឹងថា សំណូកដែលអតីតមន្ត្រីទាំងពីររូបទទួលបាននឹងត្រូវតម្កល់ ហើយប្រគល់ទៅរតនាគាររដ្ឋវិញ។ មុនការកាត់ទោសមន្ត្រីទាំងពីរខាងលើកាលពីថ្ងៃពុធ តុលាការចិនមួយផ្សេងទៀត កាលពីថ្ងៃអង្គារ ពោលនៅមុនមួយថ្ងៃ ក៏បានកាត់ទោស លោក Qi Jun អតីតប្រធានផ្នែកផែនការយុទ្ធសាស្រ្តសមាគមបាល់ទាត់ចិនឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់ ៦០ម៉ឺនយ័នពីបទស៊ីសំណូកផងដែរ។

គួរឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានដាក់ចេញយុទ្ធនាការមិនឈប់ឈរប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីឡើងកាន់អំណាចជាងមួយទសវត្សរ៍មុន។ អាជ្ញាធរប្រឆាំងនឹងអំពើពុករលួយចិន ជំហានដំបូងបានបើកយុទ្ធនាការរបស់ខ្លួនលើកីឡាបាល់ទាត់នៅចុងឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃការទប់ស្កាត់យ៉ាងទូលំទូលាយលើឧស្សាហកម្មកីឡា។

ជាលទ្ធផលអតីតប្រធានសមាគមកីឡាបាល់ទាត់ចិន លោក Chen Xuyuan ត្រូវបានរកឃើញប្រព្រឹត្តកំហុសពីបទទទួលសំណូក និងត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែមីនាកន្លងទៅ ហើយក្នុងខែដដែលនោះ លោក Li Tie បានសារភាពកំហុសចំពោះបទឧក្រិដ្ឋដូចគ្នាផង​ដែរ។

លោក ស៊ី គឺជាអ្នកគាំទ្របាល់ទាត់ស្មោះស្ម័គ្រម្នាក់ និងធ្លាប់បានប្រកាសដោយខ្លួនឯងថា ចង់ឃើញប្រទេសចិនធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃណាមួយ ប៉ុន្តែក្រុមជម្រើសជាតិផ្នែកបុរសរបស់ប្រទេសមហាសេដ្ឋកិច្ចទី២ ពិភពលោកមួយនេះ បានបរាជ័យម្តងហើយម្តងទៀត។ បច្ចុប្បន្នចំណាត់ថ្នាក់ FIFA របស់ប្រទេសចិនស្ថិតនៅទី ៩០ ពិភពលោក៕ ប្រភព ៖ Xinhua, AFP និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ