AFF Cup ៖ សិង្ហបុរីបើកទ្វារកីឡដ្ឋានតម្លៃជាង១ពាន់លានដុល្លារស្វាគមន៍កម្ពុជា នៅល្ងាចនេះ
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិងបុរី នឹងបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួន (Singapore National Stadium) នៅវេលម៉ោង ០៦:០០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)…
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិងបុរី នឹងបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួន (Singapore National Stadium) នៅវេលម៉ោង ០៦:០០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)…
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិងបុរី នឹងបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួន (Singapore National Stadium) នៅវេលម៉ោង ០៦:០០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវកម្ពុជា សម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ឬ AFF Championship 2024។
ជំនួបនាល្ងាចនេះ គឺជាការប្រកួតដំបូងរបស់សិង្ហបុរីក្នុងពូល A ប៉ុន្តែជាប្រកួតទី២ របស់កម្ពុជា បន្ទាប់ពីស្មើជំនួបបើកឆាកជាមួយក្រុមភ្ញៀវម៉ាឡេស៊ីក្នុងលទ្ធផល ២-២ នៅពុហកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ។ ពូល A រួមមាន កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ថៃ និងទីម័រខាងកើត។
មុនឈានដល់ជំនួបដណ្តើម៣ពិន្ទុនាល្ងាចនេះ មហាជន ជាពិសេសអ្នកគាំទ្រនៅកម្ពុជាលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពហុកីឡដ្ឋានជាតិរបស់សិង្ហបុរី ដែលទំនងនឹងលេងបិទដំបូលតទល់នឹងកម្ពុជា។ ហើយអ្វីដែលគួរភ្ញាក់ផ្អើលពីកីឡដ្ឋានដ៏ទំនើបមួយនេះ គឺមានតម្លៃរហូតដល់ ១.៣១ពាន់លានដុល្លារអាមេរិក គឺជាកីឡដ្ឋានតម្លៃថ្លៃបំផុតលំដាប់ទី៩ លើពិភពលោក នាពេលបច្ចុប្បន្ន។
ពហុកីឡដ្ឋានជាតិសិង្ហបុរី មានទីតាំងនៅតំបន់កាឡាំង (Kallang) បម្រើដល់ការប្រកួតកីឡាច្រើនប្រភេទរបស់ប្រទេសសិង្ហបុរី។ កីឡដ្ឋាននេះ បើកដំណើរការជាផ្លូវការ កាលពីឆ្នាំ ២០១៤ ខណៈត្រូវបានសាងសង់លើទីតាំងពហុកីឡដ្ឋានជាតិចាស់ ដែលមានតាំងពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០១០។
ពហុកីឡដ្ឋានជាតិសិង្ហបុរីមានកៅអីផ្ទុកអ្នកទស្សនាចំនួន ៥៥,០០០នាក់។ ក្រៅអំពីបើកទ្វារទទួលរៀបចំប្រកួតកីឡាជាច្រើនប្រភេទដូចជា អត្តពលកម្ម បាល់ទាត់ បាល់ឱប និងគ្រីឃីតហើយនោះ កីឡដ្ឋាននេះ ជារឿយៗក៏ត្រូវបានរៀបចំការប្រគំតន្រ្តីទាំងជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ធំៗរបស់ជាតិផងដែរ។ ហើយកាលពីដើមខែមីនាកន្លងទៅ កីឡដ្ឋានបិទបើកដំបូលនេះ បានទទួលរៀបចំការប្រកួតប្រគំតន្ត្រីទេសចរណ៍ខា្នតយក្ស «The Eras Tour» របស់កំពូលតារាចម្រៀងស្រី Taylor Swift ដោយទទួលអ្នកទស្សនាច្រើនបំផុតជាកំណត់ត្រាចំនួន ៦៣,០០០នាក់ បំបែកកំណត់ត្រាចាស់ ៥២,៨៩៧នាក់ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិរវាងក្រុម Manchester United យកឈ្នះ Inter Milan លទ្ធផល ១-០ កាលពីឆ្នាំ ២០១៩។
សំណង់កីឡដ្ឋានបិទបើកដំបូលដ៏ធំបំផុតមួយនៅក្នុងពិភពលោកមួយនេះ មានផ្ទៃក្រឡាសរុប ៧៥,០០០ម៉ែត្រការ៉េ និងកម្ពស់ ៨៣ម៉ែត្រ ដោយការរចនាម៉ូដចន្លោះខ្យល់ចេញចូលតាមបែបធម្មជាតិ ជាមួយដំបូលបិទបើកដ៏ទំនើប និងមានការកំណត់រចនាសម្ព័ន្ធសម្រាប់កីឡាបាល់ទាត់ បាល់ឱប អត្តពលកម្ម និងគ្រីឃីត។
ដំបូលទៀតសោតត្រូវបានផលិតឡើងពីលោហៈអ៊ីសូឡង់។ ដោយសារតែអាកាសធាតុត្រូពិចរបស់សិង្ហបុរី ដូច្នេះដំបូលកីឡដ្ឋានត្រូវរចនាឡើងដើម្បីឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យ ការពារផ្នែកខាងក្នុងកីឡដ្ឋាន ខណៈចន្លោះលំហូរខ្យល់ធម្មជាតិនៃកីឡដ្ឋាន ត្រូវបានប្រើធ្វើឱ្យត្រជាក់ដល់តំបន់អ្នកទស្សនា ជាមួយនឹងការប្រើប្រាស់ថាមពលតិចជាងកីឡដ្ឋានផ្សេងទៀត ដែលមានទំហំប្រហាក់ប្រហែលគ្នា។
កីឡដ្ឋាននេះ បម្រើជាទឹកដីរបស់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីដ៏សំខាន់ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០១៥ និងបានរៀបចំប្រកួតពានរង្វាន់ជើងឯកអាស៊ាន AFF Championship ឆ្នាំ ២០១៤, ២០១៨, ២០២០ និង ២០២២។
កីឡដ្ឋានថ្លៃបំផុតទាំង ១០ នៅលើពិភពលោក ៖
១.កីឡាដ្ឋាន SoFi សហរដ្ឋអាមេរិក តម្លៃ ៥.៥ពាន់លានដុល្លារ
២.កីឡាដ្ឋាន Yankee សហរដ្ឋអាមេរិក តម្លៃ ២.៣ពាន់លានដុល្លារ
៣.កីឡាដ្ឋាន Allegiant សហរដ្ឋអាមេរិក តម្លៃ ១.៩ពាន់លានដុល្លារ
៤.កីឡាដ្ឋាន MetLife សហរដ្ឋអាមេរិក តម្លៃ ១.៧ពាន់លានដុល្លារ
៥.កីឡាដ្ឋាន Mercedes-Benz សហរដ្ឋអាមេរិក តម្លៃ ១.៥ពាន់លានដុល្លារ
៦.កីឡាដ្ឋាន Wembley ចក្រភពអង់គ្លេស តម្លៃ ១.៥ពាន់លានដុល្លារ
៧.កីឡាដ្ឋាន AT&T សហរដ្ឋអាមេរិក តម្លៃ ១.៤៨ពាន់លានដុល្លារ
៨.កីឡាដ្ឋាន Tottenham Hotspur ចក្រភពអង់គ្លេស តម្លៃ ១.៣៣ពាន់លានដុល្លារ
៩.កីឡាដ្ឋានជាតិសិង្ហបុរី (Singapore National) តម្លៃ ១.៣១ពាន់លានដុល្លារ
១០.កីឡាដ្ឋាន Levi’s សហរដ្ឋអាមេរិក តម្លៃ ១.៣ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស ។ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, Football Association of Singapore, Singapore Sports Hub និង ASEAN United FC)
ចែករំលែកព័តមាននេះ