រាជធានីភ្នំពេញ ៖ ជោគជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានក្លាយជាឆ្នួនបំផ្ទុះការគាំទ្របាល់ទាត់កម្ពុជាឡើងវិញដែលនេះជាសញ្ញាគួរជាទីមោទនៈសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដើម្បីសាងប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសជាតិ។
ប្រទេសក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្រុមបាល់ទាត់នារីកម្ពុជា ឡើង
ដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Women’s Cup 2024 នៅប្រទេសឡាវ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមនារីកម្ពុជា និងក្រុមនារីឥណ្ឌូណេស៊ីកាលពីរាត្រីថ្ងៃទី៥ ធ្នូ មានការផ្សាយបន្តផ្ទាល់ជាច្រើននៅទីសាធារណៈមានដូចជា ខេត្តតាកែវ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដែលបានប្រមូលផ្តុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងកងរំពង។
ការប្រកួតនេះ ក្រុមបាល់ទាត់នារីកម្ពុជាគ្រប់គ្រងបាល់មិនសូវបានល្អ ទើបឱកាសក្នុងការបញ្ចប់ទីមានការលំបាក ។ ជាក់ស្ដែងពេលក្រុមនារីឥណ្ឌូណេស៊ី រកបានគ្រាប់បាល់នាំមុខនៅនាទីទី១៩ កីឡាការិនី ហុក សៅឌី របស់កម្ពុជារកបានគ្រាប់តាមស្មើ នៅនាទីទី៣២ ។ ប៉ុន្ដែ ៣នាទីក្រោយមកឥណ្ឌូណេស៊ី ក៏បានបន្ថែមគ្រាប់នាំមុខជាថ្មី មុនពួកគេរកបានគ្រាប់ទី៣ នៅនាទីទី៥៨ ហើយបានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតពេញម៉ោង ។
ទោះបីទទួលបានត្រឹមរងជើងឯក ក៏អ្នកគាំទ្រនៅតែកោតសរសើរសមិទ្ធផលដែលក្រុមបាល់ទាត់នារីកម្ពុជាបង្កើតប្រវត្តិសាស្រ្តថ្មីលើឆាកអន្តរជាតិ តាមរយៈការខិតខំប្រឹងប្រែងរហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងនៃពានរង្វាន់កម្រិតតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ។ រីឯក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ីបានគ្រងជើងឯក AFF Women’s Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។
តាមរយៈលទ្ធផលនេះ ឥណ្ឌូណេស៊ី កម្ពុជា និងសិង្ហបុរី ទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ។
សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុង
ពានរង្វាន់ក្រោយៗ និងសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជានាពេលអនាគត ៕
ចែករំលែកព័តមាននេះ