កម្ពុជា បានត្រឹមរងជើងឯកពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤
ប្រទេសឡាវ ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមរងជើងឯកពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ ក្រោយចាញ់ក្រុមនារីឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល…
ប្រទេសឡាវ ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមរងជើងឯកពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ ក្រោយចាញ់ក្រុមនារីឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល…
ប្រទេសឡាវ ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមរងជើងឯកពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ ក្រោយចាញ់ក្រុមនារីឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ៣ទល់នឹង១ នៅឯកីឡដ្ឋាន New Laos National នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ ស្របពេលដែលក្រុមនារីសិង្ហបុរី បានយកឈ្នះក្រុមនារីទីម័រខាងកើត នៅក្នុងលទ្ធផល ១-០ នៅជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣។
តាមរយៈលទ្ធផលខាងលើ ឥណ្ឌូណេស៊ី កម្ពុជា និងសិង្ហបុរី បានកៅអីទៅព្រឹត្តិការណ៍ ASEAN Women’s Championship ឆ្នាំ ២០២៥ ដែលមាន ថៃ វៀតណាម មីយ៉ាន់ម៉ា និងក្រុមការពារតំណែងជើងហ្វីលីពីន រង់ចាំរួចជាស្រេច។
បើទោះបានត្រឹមរងជើងឯក ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក ឃួន ឡាបូរ៉ាវី បានបង្កើតប្រវត្តិសាស្ត្រថ្មី ឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងពានរង្វាន់ AFF Women’s Cup 2024 បន្ទាប់ពីបញ្ចប់នៅកំពូលតារាងពូល B ក្រោយស្មើឥណ្ឌូណេស៊ី ០ទល់នឹង០ និងឈ្នះម៉ាឡេស៊ី ២ទល់នឹង០ មុនពេលបន្តឈ្នះទីម័រខាងកើត ក្រុមលេខ២ ពូល A លទ្ធផល ៣ទល់នឹង០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែក ប្រភពពីសារព័ត៌មាន The Jakarta Post របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថាក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Satoru Mochizuki បានបង្កើតប្រវត្តិសាស្ត្រថ្មី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ព្រមទាំងឈ្នះជើងឯកពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៤ ជាលើកដំបូង ក្រោយបញ្ចប់នៅលេខ២ ពូល B ដោយស្មើកម្ពុជា ០ទល់នឹង០ ហើយបានបន្តយកឈ្នះម៉ាឡេស៊ី ១ទល់នឹង០ មុនយកឈ្នះសិង្ហបុរី ក្រុមកំពូលតារាងពូល A លទ្ធផល ៣ទល់នឹង០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយឈ្នះកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រោយចប់ព្រឹត្តិការណ៍ AFF Women’s Cup 2024 កីឡាការិនីកម្ពុជា ពឿន គន្ធា រួមនឹងកីឡាការិនីឥណ្ឌូណេស៊ី Reva Octaviani ឈ្នះពានរង្វាន់កីឡាការិនីស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ ក្រោយរកបាន៣គ្រាប់ដូចគ្នា តាមពីក្រោយដោយកីឡាការិនីឥណ្ឌូណេស៊ី Claudia Scheunemann ដែលរកបាន២គ្រាប់។ លើសពីនេះទៀត Reva Octaviani ក៏ឈ្នះពានរង្វាន់កីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ផងដែរ ស្របពេលកីឡាការិនីឥណ្ឌូណេស៊ី Laita Roati ឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំព្រឹត្តិការណ៍។ ក្រៅពី កីឡាការិនី ពឿន គន្ធា កីឡាការិនីកម្ពុជា៣រូបទៀតរួមមាន ឈិត សាភឿន សឿន វីផា និង ហុក សៅឌី ក៏រកបានម្នាក់មួយគ្រាប់នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ មាន៦ក្រុមចូលរួម ចែកចេញជា២ពូល ដោយពូល A មាន ម្ចាស់ផ្ទះឡាវ ទីម័រខាងកើត និងសិង្ហបុរី។ ពូល B មាន កម្ពុជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ហើយជាលទ្ធផល ម្ចាស់ផ្ទះឡាវ និងម៉ាឡេស៊ី ហាលអាវត្រឹមវគ្គចែកពូល៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ