ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបដឹង! កិច្ចសន្យា Neymar នៅ PSG រាល់ពេលដើរទៅទះដៃដាក់អ្នកគាំទ្របាន២០ម៉ឺនអឺរ៉ូ

1 អាទិត្យ មុន

អន្តរជាតិ ៖ ដូចដឹងស្រាប់ហើយថា រហូតមកទល់ពេលបច្ចុប្បន្ន នៅពុំទាន់មានក្លិបបាល់ទាត់ណាមួយបំបែកកំណត់ត្រាក្លិបអ្នកមានបារាំង PSG លើទីផ្សារដោះដូរកីឡាករនៅឡើយទេ ចាប់តាំងពីពួកគេបានចាយប្រាក់ដ៏មហាសាល ២២២លានអឺរ៉ូ ស្មើនឹង…

អន្តរជាតិ ៖ ដូចដឹងស្រាប់ហើយថា រហូតមកទល់ពេលបច្ចុប្បន្ន នៅពុំទាន់មានក្លិបបាល់ទាត់ណាមួយបំបែកកំណត់ត្រាក្លិបអ្នកមានបារាំង PSG លើទីផ្សារដោះដូរកីឡាករនៅឡើយទេ ចាប់តាំងពីពួកគេបានចាយប្រាក់ដ៏មហាសាល ២២២លានអឺរ៉ូ ស្មើនឹង ២៣៣លានដុល្លារអាមេរិក នាំយកកីឡាករឆ្នើម Neymar Jr. ពីក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ ២០១៧។

ពិភពបាល់ទាត់ទាំងមូលបានភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចទៅហើយ ជាមួយនឹងការចំណាយដ៏មហាសាលនេះ ដែលធ្វើឱ្យខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ក្លាយជាកីឡាករមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជុំវិញពិភពលោក កាន់តែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពីលោក Lewis Bryon បច្ចុប្បន្នជាគ្រូបង្វឹកថ្នាលរបស់ក្លិបអង់គ្លេស Crystal Palace បានទម្លាយថា ការផ្ទេរ Neymar កាលពីឆ្នាំ ២០១៧ មិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងរវាង PSG និងខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលរូបនេះ គឺរឹតតែភ្ញាក់ផ្អើលមួយកម្រិតថែមទៀត ដោយហៅថា «ទះដៃទៅកាន់អ្នកគាំទ្របានប្រាក់រង្វាន់បន្ថែម»។

យោងតាមប្រភពពីសារព័ត៌មាន GiveMeSport របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានស្រង់សម្តីលោក Lewis Bryon ដោយបានអះអាងយ៉ាងដូច្នេះថា «រឿងដ៏ហួសចិត្តបំផុតដែលខ្ញុំបានឮពី Neymar នៅ PSG! ដោយនៅពេលស្ថិតក្នុងវគ្គបង្វឹក ខ្ញុំបាននៅជាមួយនឹងសមាជិកម្នាក់របស់ក្លិប PSG ហើយគេបានប្រាប់ខ្ញុំថា នៅក្នុងកិច្ចសន្យារបស់ Neymar ជាមួយ PSG មានឃ្លាមួយបញ្ជាក់ច្បាស់ៗថា រាល់ពេល Neymar ដើរទៅទះដៃដាក់ហ្វូងអ្នកគាំទ្របន្ទាប់ពីចប់ការប្រកួត ខ្សែប្រយុទ្ធរូបនេះនឹងទទួលបានប្រាក់រង្វាន់បន្ថែម ឬ Bonus ចំនួន ២០ម៉ឺនអឺរ៉ូ!»។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Neymar Jr. ដែលដុះចេញពីយុវជនថ្នាលក្លិប Santos នៃលីគកំពូលប្រេស៊ីលតាំងពីឆ្នាំ ២០០៣ នោះ បានសម្រេចផ្លាស់ចេញពីក្លិប PSG កាលពីឆ្នាំ ២០២៣ ហើយមកចូលរួមជាមួយក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត នៅក្នុងតម្លៃផ្ទេរ ៩០លានអឺរ៉ូ ជាមួយកុងត្រារយៈពេល២ឆ្នាំ។ ហើយការមកប្រកបអាជីពលើទឹកដីប្រទេសអាស៊ីខាងលិចមួយនេះ Neymar ទទួលបានថ្លៃពលកម្មរហូតដល់ ១៥០លានអឺរ៉ូក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ចាប់តាំងផ្លាស់មកកាលពីខែសីហា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ Neymar បង្ហាញខ្លួនប្រកួតផ្លូវការឱ្យ Al Hilal បានត្រឹមតែ៧ប្រកួតប៉ុណ្ណោះ ដោយសារតែបញ្ហារបួសពេលកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីល ហើយរបួសបន្តធ្វើទុក្ខម្តងហើយម្តងទៀត។

នៅខែមករា ឆ្នាំ ២០២៤ ក្លិប Al Hilal បានលុបឈ្មោះ Neymar ចេញពីបញ្ជីដោយសាររបួសរើឡើងដល់បញ្ចប់រដូវកាល ដើម្បីនាំយកកីឡាករបរទេសម្នាក់មកជំនួសគឺខ្សែការពារ Renan Lodi បំពេញកូតាកំណត់កីឡាករបរទេស៨នាក់ នៃលីគកំពូលអារ៉ាប៊ីសាអូឌីត។ ស្របពេលដំណឹងនៃការចាកចេញរបស់កីឡាកររូបនេះ ក៏ផ្ទុះឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕ ដកស្រង់ ៖ GiveMeSport

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ