ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះកម្ពុជា ឬភ្ញៀវម៉ាឡេស៊ី យកបាន៣ពិន្ទុពីជំនួបបើកឆាកពានរង្វាន់អាស៊ានឆ្នាំ ២០២៤?

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) នៅវេលម៉ោង ០៥:៤៥នាទីល្ងាចនេះ ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់ជំនួបបើកឆាកពូល A…

0:00
0:00

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) នៅវេលម៉ោង ០៥:៤៥នាទីល្ងាចនេះ ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់ជំនួបបើកឆាកពូល A នៃពានរង្វាន់អាស៊ាន ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤។

មុនពេលដល់ការប្រកួតកក្រើករាជធានីភ្នំពេញនៅល្ងាចនេះ លោក Pau Marti Vicente គ្រូបង្វឹកក្រុមម៉ាឡេស៊ី បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែធ្នូ ថា ការប្រកួតនៅថ្ងៃស្អែកជាមួយកម្ពុជា នឹងមិនងាយស្រួលទេ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបន្តថា កម្ពុជាមានការគាំទ្រច្រើន និងមានកីឡាករល្អៗជាច្រើននាក់ ក្នុងនោះមានកីឡាករចូលសញ្ជាតិផងដែរ។ ទោះយ៉ាងណាក្រុមលោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ជាមួយនឹងការរំពឹងថានឹងធ្វើបានល្អ។

ដោយឡែក លោក Koji Gyotoku គ្រូបង្គោលក្រុមកម្ពុជាបានឱ្យដឹងថា នេះគឺជាលើកដំបូងដែលលោកកាន់ក្រុមឈុតធំ ក្រោយទទួលបានតំណែងជាគ្រូបង្គោល។ លោកគិតថា អ្នកគាំទ្រនឹងរំពឹងច្រើនលើលទ្ធផលពីការប្រកួតនេះ ដូច្នេះលោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អ។

កត់សម្គាល់សមាសភាពកីឡាករទាំង២៦រូបរបស់ក្រុមខ្លាដំបងម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក Pau Martí Vicente មានទាំងកីឡាករបទពិសោធន៍ និងកីឡាករថ្មីៗរួមបញ្ចូលគ្នា។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះ កីឡាករសំខាន់ៗរបស់ក្លិប Johor Darul Ta’zim (JDT) ត្រូវក្លិបនៅលីគកំពូលម៉ាឡេស៊ីមួយនេះ មិនអនុញ្ញាតឱ្យចូលរួមជាមួយនឹងក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup ឆ្នាំ 2024 នោះទេ ដោយអនុញ្ញាតតែកីឡាករយុវជនពួកគេប៉ុណ្ណោះ។ ក្នុងចំណោមកីឡាករទាំង២៦រូបខាងលើ ក៏មានកីឡាករកូនកាត់ និងកីឡាករចូលសញ្ជាតិសរុប ៩នាក់។

កីឡាករកូនកាត់រួមមាន ៖
-ខ្សែបម្រើកូនកាត់ម៉ាឡេស៊ី-ហ្វីលីពីន Daryl Sham កើតនៅម៉ាឡេស៊ី
-ខ្សែប្រយុទ្ធកូនកាត់ម៉ាឡេស៊ី-អង់គ្លេស Darren Lok កើតនៅអង់គ្លេស
-ខ្សែការពារកូនកាត់ម៉ាឡេស៊ី-អង់គ្លេស Daniel Ting កើតនៅអង់គ្លេស
-ខ្សែការពារកូនកាត់ម៉ាឡេស៊ី-អង់គ្លេស Declan Lambert កើតនៅម៉ាឡេស៊ី
-ខ្សែបម្រើកូនកាត់ម៉ាឡេស៊ី-អង់គ្លេស Stuart Wilkin កើតនៅអង់គ្លេស

ចំណែកកីឡាករចូលសញ្ជាតិរួមមាន ៖
-ខ្សែបម្រើ Ezequiel Agüero សញ្ជាតិដើមអាហ្សង់ទីន
-ខ្សែប្រយុទ្ធ Fergus Tierney សញ្ជាតិដើមស្កុតឡែន
-ខ្សែបម្រើ Endrick Santos សញ្ជាតិដើមប្រេស៊ីល
-ខ្សែប្រយុទ្ធ Paulo Josué សញ្ជាតិដើមប្រេស៊ីល

ដោយឡែក ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku បានបន្ថែមសមាសភាពកីឡាករចូលសញ្ជាតិ៣រូប រួមមាន ខ្សែការពារ អូសិ តាកាកិ (Takaki Ose) សញ្ជាតិដើមជប៉ុន រួមជាមួយខ្សែប្រយុទ្ធ នេតូ រ៉ុនដុន (Andrés Nieto) សញ្ជាតិដើមកូឡុំប៊ីរបស់ក្រុមភ្នំពេញក្រោន និងខ្សែប្រយុទ្ធ ឃូលីបាលី អាបឌែល (Abdel Kader Coulibaly) សញ្ជាតិដើមកូដឌីវ័ររបស់ក្រុមអាយអេសអាយដង្កោសែនជ័យ។

ដូច្នេះសមាសភាពកីឡាករចូលសញ្ជាតិរបស់កម្ពុជាបានកើនដល់៦រូបហើយ រួមទាំង ខ្សែការពារ មីហ្ស៊ូណូ ហ៊ីការ៉ុ សញ្ជាតិដើមជប៉ុនរបស់ក្រុមព្រះខ័នរាជស្វាយរៀង ខ្សែការពារ កាន់ ម៉ូ សញ្ជាតិដើមអាហ្វ្រិកខាងត្បូងរបស់ក្រុមវិសាខា និងខ្សែបម្រើ យូឌៃ អូកាវ៉ា សញ្ជាតិដើមជប៉ុនរបស់ក្រុមភ្នំពេញក្រោន ដែលមានស្រាប់។ រួមជាមួយកីឡាករកូនកាត់២រូប ខ្សែការពារ ឡេង ណូរ៉ា របស់ក្លិបវិសាខា មានឪពុកជាជនជាតិហ្គាណា និងម្តាយជាជនជាតិខ្មែរ កើតនៅកម្ពុជា និងខ្សែបម្រើ ថេឡរ នីកូឡាស់ (Nick Taylor) របស់ក្លិបព្រះខ័នរាជស្វាយរៀង មានឪពុកជាជនជាតិអាមេរិក និងម្តាយជាជនជាតិខ្មែរ កើតនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មាន១០ប្រទេសចូលរួម ដោយចែកចេញជា២ពូល ពូល A រួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ទីម័រខាងកើត។ ចំណែកពូល B រួមមាន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ឡាវ។

កាលវិភាគប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ៖
-ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤៥នាទីល្ងាច កម្ពុជា ប៉ះ ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
-ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីល្ងាច សិង្ហបុរី ប៉ះ កម្ពុជា នៅកីឡដ្ឋានជាតិសិង្ហបុរី (National Stadium) តំបន់កាឡាំង

-ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤៥នាទីល្ងាច កម្ពុជា ប៉ះ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
-ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីយប់ ថៃ ប៉ះ កម្ពុជា នៅឯកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, Football Association of Malaysia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ