រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ទាំងបរិមាណចូលរួម គុណផលបច្ចេកទេស និងមូលនិធិសប្បុរសធម៌។ ខណៈសមាគមកីឡាក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា ការប្រកួតឆ្នាំនេះ កើនទាំងបរិមាណកីឡាករ-កីឡាការិនី និងសមាគម/ក្លិបចូលរួម បើទោះបីមានកីឡាករ-កីឡាការិនី និងក្លិបមួយចំនួន នៅតាមព្រំដែន បានខកខានការចូលរួម ព្រោះត្រូវភៀសសឹក ដោយសារសង្គ្រាមថៃឈ្លានពាន យ៉ាងណាក្ដី។ ទោះជា បែបនេះក្ដី លោកសង្ឃឹមថា ពួកគេនឹងសុខសុវត្ថិភាព ហើយបន្ដសកម្មភាពកីឡា ដើម្បីត្រៀមការប្រកួតនាឆ្នាំក្រោយទៀតផងដែរ ។
លោកបន្ដទៀតថា «ចំពោះគុណភាពការប្រកួតឆ្នាំនេះ យើងសង្កេតឃើញថា កីឡាករ-កីឡាការិនី ទាំងអស់ បានបង្ហាញនូវគុណផលយ៉ាងល្អ និងមានការរីកចម្រើន បើយើងធៀបនឹងឆ្នាំមុន ក្នុងនោះតាមរយៈការទស្សនាវគ្គផ្ដាច់ព្រ័ត្រ ពួកគាត់មានការប្រកួតស្វិតស្វាញមែនទែន មិនមែនជម្រើសជាតិទេ ដែលឈ្នះមេដាយ គឺកីឡាករតាមបណ្ដាក្លិប ក៏ឈ្នះមេដាយផងដែរ ដែលនេះសបញ្ជាក់ពីសមិទ្ធផលរីកចម្រើន នៃការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា» ។
អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ គឺការបញ្ជូលវិញ្ញាសាថ្នាល លើកដំបូង មិនត្រឹមមានការចូលរួមយ៉ាងផុលផុលនោះទេ កីឡាករថ្នាល ក៏បានបង្ហាញសមត្ថភាព និងបច្ចេកទេសដ៏ទាក់ទាញផងដែរ ។ ដូច្នេះ ស្របតាមគោលការណ៍របស់សហព័ន្ធ និងក្រសួងអប់រំ ម្ចាស់ជ័យលាភីពីលេខ១ ដល់លេខ៣ សហព័ន្ធនឹងធ្វើការប្រជុំ ដើម្បីពិនិត្យបេក្ខភាពប្រមូលផ្ដុំជម្រើសជាតិនាឆ្នាំក្រោយ ហើយលោកសង្ឃឹមថា ម្ចាស់មេដាយទាំងអស់ នឹងក្លាយជាធនធានជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិ ពិសេសការប្រកួតកីឡាអាស៊ី និងកីឡាក្នុងសាលអាស៊ី នាឆ្នាំ២០២៦។
ដោយឡែក មូលនិធិប្រដាល់សកល ដែលសហព័ន្ធបានបង្កើតសម្រាប់ជួយជនភៀសសឹក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយគិតត្រឹមថ្ងៃបិទបញ្ចប់កាលពីម្សិលមិញ សហព័ន្ធកៀរគរ បានថវិកាសរុប ១២លានរៀល ពីមូលនិធិ និងការលក់អាវ។ នេះគឺជាចំនួនលើសពីការរំពឹងទុក ដែលសហព័ន្ធគ្រោងត្រឹម ១០លានរៀល ហើយសហព័ន្ធនឹងប្រើមូលនិធិនេះ រៀបចំជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈគណៈគ្រប់គ្រងខេត្ដឧត្តរមានជ័យ និងមួយផ្នែកសម្រាប់ជួយដល់វីរកងទ័ពជួរមុខ នាពេលឆាប់ៗខាងមុខ ។
គួរដឹងថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនី ១៤២នាក់ មកពី ២៣សមាគម/ក្លិបចូលរួម ដោយប្រកួតលើ ១៣ប្រភេទទម្ងន់។ ជាលទ្ធផលក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេសរុប ៦គ្រឿង(មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១), ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៤ និងសំរឹទ្ធ ៣), ក្លិបតាឡីដំរីមានរិទ្ធ ឈរលេខ៣ ឈ្នះមេដាយ ៣គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ១), ក្លិបតាអាសំអុន និងក្លិបពន្លឺថ្មីកីឡា ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ដូចគ្នា គ្រាដែលក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ និងក្លិបបញ្ជាការដ្ឋានកាំភ្លើងធំឈ្នះមេដាយមាស ១គ្រឿងដូចគ្នា។ ក្រៅពីនេះ ក្លិបជាច្រើនទៀត ក៏បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ផងដែរ៕



ចែករំលែកព័តមាននេះ