រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥បានចាប់ផ្ដើមជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ នៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះក្រៅពីដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងជួបការលំបាកដោយសារសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ក៏ដូចជាជួយទៅដល់វីរៈកងទ័ពកម្ពុជាដែលកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅឯសមរភូមិមុខ សហព័ន្ធក៏បានគិតគូរក្នុងត្រៀមយុវជនថ្នាលសម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លោកប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៥ និងផ្ដោតសំខាន់ទៅលើយុវជនថ្នាល និងប្រភេទទម្ងន់ចាប់ពីអាយុ១៦ឆ្នាំចុះ។ ការប្រកួតនេះទៀតក៏មានការប្រកួតលើអាយុ១៩ឆ្នាំផងដែរប៉ុន្តែមានចំនួនតិច ។ ចំណែកអាយុក្រោម១៦ឆ្នាំដែលសហព័ន្ធទើបតែបានដាក់បញ្ចូលនៅក្នុងឆ្នាំនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែមសម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះមានផ្នែកនារីផងដែរ ប៉ុន្តែមិនកំណត់ប្រភេទអាយុនោះទេ ។
លោកប៊ុយ សុភ័ណ្ឌ បានឱ្យដឹងបន្តថា ការប្រកួតក្នុងថ្ងៃដំបូងមានរហូតដល់ទៅជាង៤០គូ ដោយកីឡាករ កីឡាការិនីទាំងអស់មកពីគ្រប់បណ្ដាខេត្តក្រុង សមាគមក្លិបនានានៅទូទាំងប្រទេស។ ទោះបីជាយ៉ាងណា ការប្រកួតឆ្នាំនេះចំនួននៃការចុះឈ្មោះចូលរួមប្រកួតមានការកើនឡើងខ្លាំង។
លោកក៏បានសំដែងនូវការសោកស្ដាយផងដែរចំពោះបណ្ដាខេត្តចំនួន៥នៅតាមជាយដែនកម្ពុជាថៃ ដែលគ្រោងចុះឈ្មោះចូលរួមប្រកួតដែរតែបែរជាមានការអាក់ខានទៅវិញ។ប្រសិនបើពុំមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃកើតឡើងនោះទេ លោកសង្ឃឹមថាអាចនឹងមានកីឡាករកីឡាការិនីចុះឈ្មោះប្រកួតក្នុងចំនួនច្រើនលើសលប់ ។
ជាក់ស្ដែងនៅពេលនេះ យើងទទួលបានការចុះឈ្មោះត្រឹមតែជាង១៤០នាក់ប៉ុណ្ណោះ។ ហើយអ្វីដែលយើងមានការសប្បាយចិត្តនោះ គឺយុវជនថ្នាលមានកម្រិតបច្ចេកទេសល្អ ដែលមានខ្លះអាចប្រកួតឈ្នះកីឡាករជើងចាស់ទៀតផង។ សម្រាប់ការប្រកួតឆ្នាំនេះ អត់មានការបែងចែកជាពូលនោះទេគឺចាប់គូប្រកួតតែម្ដង ដោយប្រើរូបមន្តចាញ់ធ្លាក់ៗ ៕



ចែករំលែកព័តមាននេះ