ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក

5 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន Trong Dong ជា​ផ្លូវការ ដែល​នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ជាមួយនឹង​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ ១៣៥ ០០០​នាក់…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន Trong Dong ជា​ផ្លូវការ ដែល​នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ជាមួយនឹង​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ ១៣៥ ០០០​នាក់ ដែល​នឹង​ត្រូវ​បាន​អភិវឌ្ឍ​លើ​ផ្ទៃដី ៧៣,៣ ហិ​កតា និង​មា​នទី​តាំងនៅ​ក្នុង​ទីក្រុង​ហាណូយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Seasia goal, Asia News Network និង Football Tribe បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

គម្រោង​ដ៏​ធំ​សម្បើម​នេះ ត្រូវ​បាន​កំណត់​គោលដៅ​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០២៨ ដោយ​វា​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ និង​សាងសង់​តំបន់​ទីក្រុង​កីឡា​អូ​ឡាំ​ពិ​ក (The Olympic Sports Urban Area) ដែល​គ្របដណ្តប់​នៅ​លើ​ផ្ទៃដី​ជាង ៩ ១៧១ ហិ​កតា ជាមួយ​ការ​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ ៩២៥ ទ្រី​លាន​ដុ​ង ឬ ៣៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ពេល​សាងសង់​រួច ពហុ​កីឡដ្ឋាន​នេះ នឹង​វ៉ា​ដាច់​ពហុ​កីឡដ្ឋាន Rungrado 1st of May របស់​កូរ៉េ​ខាងជើង ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​បាន ១១៤ ០០០​នាក់ ព្រមទាំង​កីឡដ្ឋាន​កីឡា​គ្រី​ឃី​ត Narendra Modi របស់​ឥណ្ឌា ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​បាន ១៣២ ០០០ នាក់ ដើម្បី​ដណ្តើម​តំណែង​ជា​ពហុ​កីឡដ្ឋាន​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​។

តាម​រយៈ​គម្រោង​មួយ​នេះ វៀតណាម​មាន​គោលបំណង​លើកកម្ពស់​កម្រិត​កីឡា​ជាតិ និង​ពង្រឹង​ឱកាស​របស់​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ធំ​ៗ​ជាស​កល​។ បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ពហុ​កីឡដ្ឋាន Trong Dong បាន​បង្ហាញ​ថា គម្រោង​នេះ ត្រូវ​បាន​ស្រាវជ្រាវ និង​រចនា​ឡើង​ស្រប​តាម​ស្តង់ដារ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី និង​អង្គការ​កីឡា​អន្តរជាតិ​ដទៃ​ទៀត ដោយ​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដូច​ជា កីឡា​អាស៊ី កីឡា​អូ​ឡាំ​ពិ​ក និង​សូ​ម្បី​តែ​បាល់ទាត់​ពិភពលោក (FIFA World Cup) ជាដើម​។

ពហុ​កីឡដ្ឋាន Trong Dong ត្រូវ​បាន​រចនា​ឡើង​ពិសេស​ដោយ​មាន​ភាព​បត់បែន​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​កីឡា​ក្រៅ​ស្រុក ការ​សម្តែង​សិល្បៈ ពិធីបុណ្យ ព្រឹត្តិការណ៍​សហគមន៍ និង​សកម្មភាព​ទ្រង់ទ្រាយ​ធំ​។ រចនាបថ «​ស្គរ​សំ​រិ​ទ្ធ​ដុ​ង​សឺ​ន​» (Dong Son Bronze Drum) ត្រូវ​បាន​ជ្រើសរើស​សម្រាប់​រចនា​ការ​សាងសង់ ដើម្បី​ជា​ការ​បំផុសគំនិត​រចនា​ចម្បង ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​សុខដុមរមនា​នៃ​បេតិកភណ្ឌ​វប្បធម៌​វៀតណាម និង​ភាសា​ស្ថាបត្យកម្ម​សហ​សម័យ​។

គម្រោង​នេះ​ផ្តល់​អាទិភាព​ដល់​ដំណោះស្រាយ​នៃ​ការ​សន្សំ​សំចៃ​ថាមពល ការ​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ការ​បង្កើន​ទំហំ​បរិស្ថាន​បៃតង និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ស្រប​ទៅ​តាម​និន្នាការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ