រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់រវាងក្លិបបឹងកេតនិងក្លិបព្រះខ័នរាជស្វាយរៀងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីព្រលប់ថ្ងៃទី២៧ ខែធ្នូ កន្លងមកនេះ បានក្លាយជារឿងប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន ។ អ្នកទស្សនារហូតដល់ទៅ២០០០៥នាក់បានបង្ហាញនូវក្ដីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅទៅដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលកំពុងស្ថិតក្នុងជំរំភៀសសឹករត់គេចពីសង្គ្រាមឈ្លានពានរបស់ក្រុមទាហានថៃអស់រយៈពេលជិត១ខែមកហើយតាមរយៈការ
បរិច្ចាគតុក្កតាខ្ទង់ម៉ឺនជូនដល់កុមារភៀសសឹក ដើម្បីផ្ដល់នូវភាពកក់ក្ដៅ និងក្ដីស្រឡាញ់ដល់ពួកគេ។
ក្នុងសំណេររបស់អ្នកស្រីពុធ ធីតា ប្រធានក្លិបបឹងកេតដែលបានសរសេរបង្ហោះបានឱ្យដឹងថា ក្លិបបានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា និងបរិច្ចាគដោយយកការប្រកួតបាល់ទាត់ធ្វើជាវេទិកាគាំទ្រសង្គមជាតិក្នុងគ្រាប្រឈមនៅកម្ពុជា។
ទាំងនេះគឺជាគំនិតផ្ដួចផ្ដើមដោយខ្សែបម្រើអង់គ្លេសCharilie Scottដែលមានគោលបំណងជួយដល់គ្រួសារនិងកុមារដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិសង្គ្រាម ។ ក្លិបបាននិងកំពុងរៃអង្គាស
ថវិការៀងរាល់ថ្ងៃ និងចែលរំលែកស្បៀងអាហារដល់ជនស៊ីវិល កងទ័ព និងជនរងគ្រោះដទៃទៀត។
លោក Charlie Scott បានសរសើរពីការសាមគ្គីដ៏រឹងមាំដែលបានបង្ហាញដោយអ្នកគាំទ្រដោយ
លើកទឹកចិត្តឱ្យបន្តបរិច្ចាគដើម្បីជួយផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមដល់កុមាររងគ្រោះ។
ជាក់ស្ដែងអំឡុងពេលប្រកួតក្រុមលីគកំពូលបឹងកេតប៉ះព្រះខ័នរាជស្វាយរៀងនៅពហុកីឡដ្ឋាន
ជាតិអូឡាំពិកកាលពីថ្ងៃទី២៧ ខែធ្នូ អ្នកគាំទ្របានបរិច្ចាគតុក្កតាខ្ទង់មុឺនដល់កុមារដែលកំពុង
ស្ថិតនៅក្នុងជំរំភៀសសឹក។ លើសពីនេះទៀតមួយដុល្លារអាមេរិកពីសំបុត្រនីមួយៗដែលបានលក់
ត្រូវបរិច្ចាគដល់មូលនិធិជួយដល់ប្រជាជនរងគ្រោះ។
លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេតក៏បានបង្ហោះសារឱ្យដឹងដែរថា៖«ក្នុងបទពិសោធន៍ការងារបាល់ទាត់ជិត២០ឆ្នាំកន្លងមកនេះ ថ្ងៃនេះជាពេលវេលាដ៏មហស្ចារ្យដែលខ្ញុំពុំដែលជួបទាល់តែសោះ នៅក្នុងការប្រកួតលីគកំពូលកម្ពុជាដែលមានទស្សនិកជនដល់ទៅជាង២០០០០នាក់។ ពួកគាត់មិនត្រឹមតែមកទស្សនាការប្រកួតរវាងក្លិបបឹងកេតនិងព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះនោះទេ ថែមទាំងបានបង្ហាញនូវក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅជូនដល់កុមារកម្ពុជាដែលកំពុងជួបការលំបាកនៅក្នុងកាលៈទេសៈនេះ ។ ខ្ញុំមានតែម្រាមដៃដប់លើកឡើងដើម្បីថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិប ភាគីពាក់ព័ន្ធដែលញ៉ាំងឱ្យមានកម្មវិធីដ៏វិសេសមិនធ្លាប់មាននេះកើតឡើងនៅក្នុងCambodian Premier Leaque»។
ចំពោះលទ្ធផលនៃការប្រកួត ក្រុមបឹងកេតបានយកឈ្នះព្រះខ័នរាជស្វាយរៀង២-១៕




ចែករំលែកព័តមាននេះ