ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ ឡាវលក់សំបុត្រថោកជាងគេ ខណៈ​ទីម័រខាងកើត Free សំបុត្រដល់អ្នកគាំទ្រ

1 អាទិត្យ មុន

អន្តរជាតិ ៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានកំណត់តម្លៃសំបុត្រការប្រកួតរបស់ខ្លួនក្នុងវគ្គចែកពូល ពានរង្វាន់ ASEAN Championship ឆ្នាំ ២០២៤…

អន្តរជាតិ ៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានកំណត់តម្លៃសំបុត្រការប្រកួតរបស់ខ្លួនក្នុងវគ្គចែកពូល ពានរង្វាន់ ASEAN Championship ឆ្នាំ ២០២៤ នៅក្នុងតម្លៃតិចជាង១ដុល្លារអាមេរិក ដែលជាតម្លៃថោកជាងគេប្រចាំព្រឹត្តិការណ៍។

សហព័ន្ធបាល់ទាត់ឡាវ កាលពីថ្ងៃទី៣ ខែធ្នូ បានប្រកាសតម្លៃសំបុត្រសម្រាប់ការប្រកួតក្នុងផ្ទះពីរប្រកួតរបស់ខ្លួនក្នុងពូល B ទល់នឹងវៀតណាម នៅថ្ងៃទី៩ ខែធ្នូ និងហ្វីលីពីននៅថ្ងៃទី១៥ ខែធ្នូ នៅពហុកីឡដ្ឋានជាតិថ្មី New Laos National ដោយសំបុត្រតម្លៃត្រឹមតែ ២ម៉ឺនគីបឡាវ ឬ ៣,៧០០រៀលកម្ពុជា។ ដូច្នេះការលក់សំបុត្ររបស់ម្ចាស់ផ្ទះឡាវមានតម្លៃថោកជាងគេ។

ក្រឡេកទៅប្រទេសផ្សេងទៀត ការលក់សំបុត្រចូលទស្សនាការប្រកួតរបស់ម្ចាស់ផ្ទះវៀតណាម ប៉ះ ឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ ខែធ្នូ និងមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែធ្នូ នៅកីឡដ្ឋាន Viet Trr សំបុត្រចែកជា៣ប្រភេទ គឺទីមួយ ៣០ម៉ឺនដុង ឬ ៤៧,៨០០រៀល ទីពីរ ២០ម៉ឺនដុង ឬ ៣២,០០០រៀល និងទីបី ១០ម៉ឺនដុង ឬ ១៥,៩០០រៀល។

ការលក់សំបុត្ររបស់ម្ចាស់ផ្ទះហ្វីលីពីន នៅកីឡដ្ឋាន Rizal Memorial ដោយត្រូវប៉ះវៀតណាម និងមីយ៉ាន់ម៉ា ក៏មានតម្លៃធូរថ្លៃផងដែរ ដោយសំបុត្រចែកជា៤ប្រភេទ។ ទីមួយ ១២០ប៉េសូ ឬ ៨,៤០០រៀល ទីពីរ ៣២០ប៉េសូ ឬ ២២,០០០រៀល ទីបី ៥៣០ប៉េសូ ឬ ៣៧,០០០រៀល និងទីបួន ៧៤០ប៉េសូ ឬ ៥១,៥០០រៀល។

ការសំបុត្ររបស់ម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយត្រូវមាន២ប្រកួតប៉ះនឹងម៉ាឡេស៊ី និងទីម័រខាងកើត ដោយសំបុត្រចែកជា២ប្រភេទ ទី១ ៣០,០០០រៀល និងទីពីរ ១៥,០០០រៀល។ ការលក់សំបុត្ររបស់ម្ចាស់ផ្ទះថៃ នៅកីឡដ្ឋានជាតិ Rajamangala ដោយប៉ះជាមួយម៉ាឡេស៊ី និងកម្ពុជា ចែកជា៥ប្រភេទ ទីមួយ ២០០បាត ឬ ២៣,០០០រៀល ទីពីរ ២៥០បាត ឬ ២៩,០០០រៀល ទីបី ៣០០បាត ឬ ៣៥,០០០រៀល ទីបួន ៤០០បាត ឬ ៤៧,០០០រៀល និងទីប្រាំ ៥០០បាត ឬ ៥៩,០០០រៀល។

ការលក់សំបុត្ររបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅពហុកីឡដ្ឋាន Manahan ដោយប៉ះឡាវ និងហ្វីលីពីន ចែកជា៥ប្រភេទ ទីមួយ តម្លៃស្មើនឹង ៣២,០០០រៀល ទីពីរ ស្មើនឹង ៣៨,០០០រៀល ទីបី ស្មើនឹង ៥ម៉ឺនរៀល ទីបួន ស្មើនឹង ៦៣,០០០រៀល និងទីប្រាំ ស្មើនឹង ៧៦,០០០រៀល។ ចំណែកការលក់ម្ចាស់ផ្ទះសិង្ហបុរី នៅកីឡដ្ឋានជាតិរបស់ខ្លួន ដោយតត្រូវប៉ះកម្ពុជា និងថៃ រាប់ចាប់ពីសំបុត្រធម្មតា រហូតដល់ VIP តម្លៃទាបបំផុតស្មើនឹង ២៤,០០០រៀល និងខ្ពស់បំផុតតម្លៃ ៤៥ម៉ឺនរៀល។

ដោយឡែក ទីម័រខាងកើត សហព័ន្ធកីឡាបាល់ទាត់ប្រទេសនេះ សម្រេចចែកសំបុត្រឥតគិតថ្លៃដល់អ្នកគាំទ្រទស្សនាការប្រកួតពួកគេជាមួយថៃ កាលពីថ្ងៃទី ៨ ខែធ្នូ នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយ ប្រទេសវៀតណាម។ ដោយសារតែពុំមានកីឡដ្ឋានសមស្របតាមស្តង់ដារសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ទើបសហព័ន្ធបាល់ទាត់ទីម័រខាងកើត សម្រេចប្រើប្រាស់កីឡដ្ឋានវៀតណាម ដើម្បីប្រកួតក្នុងផ្ទះខ្លួនឯងក្នុងវគ្គចែកពូល ដោយប៉ះថៃ និងសិង្ហបុរី។

ពានរង្វាន់ ASEAN Championship 2024 ចាប់ផ្តើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មាន១០ប្រទេសចូលរួម ដោយចែក ជា២ពូល ពូល A រួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ទីម័រខាងកើត។ ចំណែកពូល B រួមមាន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ឡាវ។ ក្រុមលេខ១ និងលេខ២ នៃពូលទាំងពីរបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ដោយសារម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់ក្រុមបុរសនៅអាស៊ីអាគ្នេយ៍។ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេ ពោលគឺ៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល។ ដកស្រង់ ៖ សហព័ន្ធបាល់ទាត់កម្ពុជា, Lao Football Federation, ASEAN FOOTBALL, VnExpress, Khaosod, Tempo និង Ticketmaster

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ