គ្រូបង្វឹក និងកីឡាករសិង្ហបុរីមិនសប្បាយចិត្ត ទោះបាន៣ពិន្ទុពីជំនួបទល់នឹងក្រុមគោព្រៃកម្ពុជា
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ពានរង្វាន់អាស៊ាន AFF…
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ពានរង្វាន់អាស៊ាន AFF…
ប្រទេសសិង្ហបុរី ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ពានរង្វាន់អាស៊ាន AFF Championship ឆ្នាំ ២០២៤ (ASEAN Mitsubishi Electric Cup 2024) នៅឯពហុកីឡដ្ឋានជាតិតម្លៃ១.៣១ពាន់លានដុល្លារអាមេរិករបស់ខ្លួន ស្ថិតនៅតំបន់កាឡាំង កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។ ដែលនេះគឺជាការប្រកួតដំបូងរបស់សិង្ហបុរីក្នុងពូល ប៉ុន្តែជាប្រកួតទី២ របស់កម្ពុជា បន្ទាប់ពីស្មើជំនួបបើកឆាកជាមួយភ្ញៀវម៉ាឡេស៊ី លទ្ធផល ២-២ នៅពុហកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
បើទោះបីជាយកបាន៣ពិន្ទុក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក និងកីឡាករសិង្ហបុរីក្នុងនាមម្ចាស់ផ្ទះមិនសប្បាយចិត្តជាមួយទម្រង់លេងទល់នឹងក្រុមគោព្រៃកម្ពុជានោះទេ។ គ្រូបង្វឹកសិង្ហបុរី លោក Tsutomu Ogura បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា «ខ្ញុំមិនពេញចិត្តជាមួយទម្រង់លេងកូនក្រុមនៅថ្ងៃនេះទេ។ យើងបានពង្រឹងការលេង និងរបៀងលេងជាច្រើនក្នុងការហ្វឹកហាត់ ប៉ុន្តែមិនអាចអនុវត្តបាននៅក្នុងការប្រកួត ដោយសារតែយើងលេងបាល់វែងច្រើនពេក បន្ទាប់ពីនាំមុខគូប្រកួត។ វាជាការប្រកួតដ៏ល្អមួយពីកីឡាកររបស់ខ្ញុំ ប៉ុន្តែមានផ្នែកជាច្រើនទៀតដែលត្រូវកែលម្អ។ ខ្ញុំទទួលខុសត្រូវចំពោះការហ្វឹកហាត់ និងការប្រមូលផ្តុំក្រុមទាំងអស់ ដូច្នេះប្រហែលជានេះជាកំហុសរបស់ខ្ញុំ។ យើងទាំងអស់គ្នាត្រូវតែមានភាពល្អប្រសើរជារួម»។
គ្រូបង្វឹកជនជាតិជប៉ុនវ័យ៦១ឆ្នាំរូបនេះ បានបន្តថា «ខ្ញុំបានប្រាប់កីឡាករអំពីរឿងដែលបានកើតឡើងក្នុងការប្រកួតដំបូងរបស់កម្ពុជា ដែលពួកគេត្រូវម៉ាឡេស៊ីនាំមុខ ប៉ុន្តែបែរជាបង្កើតទម្រង់ល្អត្រឡប់មកវិញយ៉ាងខ្លាំងក្នុងវគ្គទីពីរ។ កីឡាករទាំងអស់សុទ្ធតែបានដឹងពីគ្រោះថ្នាក់នេះ ប៉ុន្តែការអនុវត្តលើទីលានគឺផ្ទុយស្រឡះទាំងស្រុង។ ប្រសិនបើយើងជាប់គាំងទម្រង់លេងរបស់យើង ហើយផ្លាស់ប្តូរមកល្អវិញ យើងនឹងធ្វើឱ្យពួកគេនៅឆ្ងាយពីតំបន់គ្រោះថ្នាក់យើង ហើយបង្កើតឱកាសកាន់តែច្រើន តែជាអកុសល យើងមិនអាចធ្វើបានដូច្នេះទេ»។
ដោយឡែក ខ្សែប្រយុទ្ធសង្ហបុរី Faris Ramli ដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួត (Man Of The Match) ក៏មើលឃើញអំពីការកែលម្អរបស់ក្រុមផងដែរ ដោយរូបគេបានលើកឡើងថា «៣ពិន្ទុគឺមានសារៈសំខាន់ ប៉ុន្តែគ្រាន់តែមើលការប្រកួតមួយគឺមិនគ្រប់គ្រាន់ទេ យើងត្រូវផ្តោតលើការប្រកួតទាំងមូល។ អ្វីគ្រប់យ៉ាងជាប់ពាក់ព័ន្ធនៅទីនេះ ដូច្នេះគ្មានជម្រើសទីពីរនោះទេ។ យើងត្រូវរៀបចំក្រុមឡើងវិញឱ្យបានឆាប់ ហើយផ្តោតលើការប្រកួតបន្ទាប់។ ប្រសិនបើយើងចង់ធ្វើវាឱ្យបានល្អគ្រប់ជ្រុងជ្រោយ របៀបដែលយើងកែលម្អ និងស្តារក្រុមឡើងវិញ គឺជារឿងដ៏សំខាន់»។
ការនាំមុខមុន២គ្រាប់របស់ម្ចាស់ផ្ទះសិង្ហបុរី នៅវគ្គទី១ កើតឡើងដោយសារតែកំហុសអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា ប៉ុន្តែក្រុមគោព្រៃកម្ពុជាមិនបោះបង់ការខំប្រឹងប្រែងរបស់ខ្លួននោះទេ ជាមួយការគ្រប់គ្រងបាល់ភាគច្រើននៃការប្រកួត ជាពិសេសក្នុងវគ្គទី២ តាមរយៈការវាយសម្រុកជាច្រើននៅតំបន់គ្រោះថ្នាក់សិង្ហបុរី ប៉ុន្តែពុំមានសំណាង ដ្បិត១គ្រាប់របស់កម្ពុជារកបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទី៥៩។
ការបរាជ័យកាលពីយប់មិញ ធ្វើឱ្យឱកាសបន្តឡើងទៅវគ្គបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា កាន់តែខើច ដោយបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ខណៈនៅសល់២ប្រកួតទៀតក្នុងដៃ។ ថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង ០៥:៤៥នាទីល្ងាច កម្ពុជា ត្រូវប៉ះ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ហើយថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ០៨:០០នាទីយប់ ថៃ ត្រូវប៉ះ កម្ពុជា នៅឯកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, Football Association of Singapore និង ASEAN United FC
ចែករំលែកព័តមាននេះ