រាជធានីភ្នំពេញ ៖ កំហុសរបស់អ្នកចាំទីក្រុមគោព្រៃកម្ពុជាដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះការរិះគន់ និងដាក់ការសង្ស័យយ៉ាងខ្លាំងជុំវិញការធ្វេសប្រហែសធ្វើឱ្យរបូតគ្រាប់បាល់២គ្រាប់ផ្ទួនៗបណ្ដាលឱ្យចាញ់ក្រុមតោសមុទ្រសិង្ហបុរី១-២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ មកដល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបើកការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីខុសពីធម្មតារបស់ក្រុមគោព្រៃកម្ពុជាតាមសំណូមពរអ្នកគាំទ្រហើយដើម្បីជម្រះនូវមន្ទិលសង្ស័យដែលកើតមាន។ គួររំលឹកថា អ្នកគាំទ្រស្នើសុំសហព័ន្ធបាល់ទាត់បើកការស៊ើបអង្កេតទៅលើកំហុសអ្នកចាំទីក្រុមគោព្រៃកម្ពុជាជាបន្ទាន់
ការប្រកាសបើកការសុើបអង្កេតជុំវិញភាពមិនប្រក្រតីខុសពីធម្មតារបស់ក្រុមគោព្រៃកម្ពុជា
ធ្វើឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពិធីជួបសំណះសំណាលជាមួយមន្ត្រី និងក្រុមជម្រើសជាតិកម្ពុជា (ក្រុមគោព្រៃកម្ពុជា)កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ខ្លឹមសារ ស្មារតីនៃជំនួបសំណេះសំណាលមានដូចខាងក្រោម៖
១-ក្រុមជម្រើសជាតិកម្ពុជានៅសល់ពីរប្រកួតទៀតនៅក្នុងពូលរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024។ ហើយឱកាសសម្រាប់ឡើងទៅវគ្គបន្ត គឺយើងនៅមាននៅឡើយ ដូច្នេះឆន្ទៈនៅក្នុងការត្រៀមហ្វឹកហ្វឺនសម្រាប់ការប្រកួតដណ្តើមយកលទ្ធផលល្អ និងជ័យជម្នះជូនជាតិ ភារកិច្ចនេះក្រុមជម្រើសជាតិកម្ពុជា នៅតែមានឆន្ទៈមោះមុតបន្ត។
២-ជាមួយនឹងការបន្តទៅមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ដោយបញ្ហារបួស កីឡាករ ២នាក់នឹងត្រូវអវត្តមាន
-កីឡាករ កាន់ ម៉ូ ក្រោយពីទទួលបានការព្យាបាល ឥឡូវកំពុងស្ថិតនៅក្រោមការតាមដានស្ថានភាពបន្តចំនួន ១សប្ដាហ៍ទៀត នៅប្រទេសសិង្ហបុរី។
-កីឡាករ គឹម សុខយុទ្ធ ស្ថានភាពរបួសសរសៃពួរ ត្រូវការពេលសម្រាកព្យាបាលចំនួន ៣ខែ និងត្រូវត្រលប់ទៅក្លិបបាល់ទាត់ខ្លួនវិញសម្រាប់ការព្យាបាលបន្ត។
៣-ចំពោះករណីដែលបានកើតឡើង ហើយមើលទៅមានភាពមិនប្រក្រតីខុសពីធម្មតា សម្រាប់ការប្រកួតកន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតអំពីករណីនោះហើយ ដើម្បីជម្រះនូវមន្ទិលសង្ស័យដែលមាន។ ចំពោះមន្ត្រី និងកីឡាករទាំងអស់ ដែលស្មោះត្រង់ និងមិនពាក់ព័ន្ធ គឺគ្មានអ្វីត្រូវព្រួយបារម្ភចំពោះសុច្ចរិតភាពរបស់ខ្លួនឡើយ។
៤-ដើម្បីប្រមូលផ្ដុំ និងប្រមូលអារម្មណ៍ឡើងវិញជាធ្លុងមួយ ដោយមិនមានការរំខានពីកត្តាខាងក្រៅ ក្រុមជម្រើសជាតិកម្ពុជានឹងបន្តហ្វឹកហាត់ដោយបិទទ្វារ រហូតដល់ការហ្វឹកហាត់ផ្លូវការ និងការប្រកួតតែម្ដង។
គួរឱ្យដឹងផងដែរថា តាមប្រវត្តិជួបគ្នាចំនួន១៤លើក តាំងពីឆ្នាំ១៩៥៧មក ក្រុមជម្រើសជាតិកម្ពុជា បានស្មើក្រុមជម្រើសជាតិសិង្ហបុរី ១-១ តែម្តងគត់ សម្រាប់ការប្រកួតពានរង្វាន់ Merdeka Tournament កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៥៧ ប៉ុន្តែការជួបគ្នាចំនួន១៣ដងក្រោយមកទៀត ក្រុមកម្ពុជា បានចាញ់រហូត ខណៈការប្រកួតមិត្តភាពចុងក្រោយរវាងក្រុមទាំង២ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ គឺក្រុមកម្ពុជាបានចាញ់ក្រុមសិង្ហបុរី ២-១ ។
ចំណែកការជួបគ្នាជាថ្មី កាលពីល្ងាចថ្ងៃទី១១ ធ្នូ ក្រុមគោព្រៃកម្ពុជាត្រូវអ្នកគាំទ្រមើលឃើញថាមានប្រៀបជាងក្រុមម្ចាស់ផ្ទះសិង្ហបុរី ទាំងការគ្រប់គ្រងបាល់ ទាំងឱកាសស៊ុតបញ្ចូលទី និងបាល់ទាត់ជ្រុងជាដើមគឺមានប្រៀបជាងទាំងអស់ ។ អ្នកគាំទ្រថា បើអ្នកចាំទីក្រុមគោព្រៃកម្ពុជាមិនបង្កកំហុសដូចរៀបរាប់ខាងលើទេគឺច្បាស់ណាស់ក្រុមកម្ពុជានឹងឈ្នះឬស្មើមិនខាន ។ ជាក់ស្ដែងសូម្បីតែអ្នកគាំទ្រក្រុមសិង្ហបុរីក៏និយាយថា ក្រុមរបស់គេបើលេងរបៀបនេះមិនឈ្នះកម្ពុជាទេ ។
តាមរយៈលទ្ធផលខកចិត្តនេះធ្វើឲ្យក្រុមគោព្រៃកម្ពុជាមានសង្ឃឹមតិចតួចក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារការប្រកួត២លើកចុងក្រោយគឺប៉ះទីម័រខាងកើតនិង
ប៉ះក្រុមខ្លាំងថៃដែលពិបាករកពិន្ទុ ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)










ចែករំលែកព័តមាននេះ