ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូវ យុនហ្វាត ចង់បញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ា​តុង​ប្រើពេលក្រោម២ម៉ោង មុនឈានដល់អាយុ​៨០​ឆ្នាំ

7 ខែ មុន

ទីក្រុងហុងកុង ៖ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ហុងកុង លោក ចូវ យុនហ្វាត (Chow Yun-fat) ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែងអាចែ»…

ទីក្រុងហុងកុង ៖ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ហុងកុង លោក ចូវ យុនហ្វាត (Chow Yun-fat) ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែងអាចែ» កាលពីពេលថ្មីៗនេះ បានបង្ហាញបំណងបញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ាតុង ដោយប្រើពេលក្រោម២ម៉ោង មុនពេលលោកឈានដល់អាយុ៨០ឆ្នាំ។ នេះបើតាមប្រភពពីកាសែត South China Morning Post បានចេញផ្សាយ។

តារាសម្ដែងជើងចាស់ដ៏ល្បីហុងកុងវ័យ៦៩ឆ្នាំរូបនេះ ទើបតែបញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ាតុងដោយប្រើថិរវេលាច្រើនជាង២ម៉ោង ពោលគឺ ២ម៉ោង ២៤នាទី និង៣៣វិនាទីនៅឯព្រឹត្តិការណ៍ Standard Chartered Hong Kong Marathon កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ចូវ យុនហ្វាត ដែលនឹងឈានដល់វ័យ៧០ឆ្នាំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លេចធ្លោខ្លាំង ពោលខ្លាំងជាអត្តពលិកល្បីឈ្មោះ ដែលបានចូលរួមព្រឹត្តិការណ៍រត់កាលពីពេលថ្មីៗនេះទៅទៀត ដោយអ្នកគ្រប់គ្នាបានសម្រុកទៅសុំថតរូបជាមួយ ហើយបណ្តាអ្នកសារព័ត៌មាននាំគ្នាទៅចោមរោម ដើម្បីធ្វើបទសម្ភាសន៍។
អំឡុងពេលនោះ លោក ចូវ យុនហ្វាត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនប្រញាប់ប្រញាល់រត់ Full Marathon នោះទេ។ ប្រសិនបើខ្ញុំអាចបញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ាតុងដោយប្រើរយៈពេលក្រោម២ម៉ោង មុនពេលអាយុ៨០ឆ្នាំនោះ ខ្ញុំនឹងពេញចិត្តរត់ Full Marathon»។

លោក ចូវ យុនហ្វាត ដែលជាតួឯកក្នុងភាពយន្តហុងកុងតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ និងល្បីល្បាញខ្លាំងបំផុត សម្រាប់ការសម្តែងតួអង្គឯកនៅក្នុងរឿង ស្តេចល្បែងអាចែ ឬ God of Gamblers រួមទាំងរឿង Crouching Tiger, Hidden Dragon, និង The Legend of Fuyao ផងដែរ។ លោកបានចាប់ផ្តើមរត់នៅអាយុ៦០ឆ្នាំ ដើម្បីកាត់បន្ថយការឈឺខ្នងបណ្តាលមកពីការងារសិល្បៈអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ លោកជឿជាក់ថាការរត់ និងដើរជួយដល់សុខភាព និងធ្វើឱ្យរាងកាយរឹងមាំ ហើយលោកតែងតែរក្សាការហាត់ប្រាណប្រចាំថ្ងៃកន្លះម៉ោង ចាប់តាំងពីពេលនោះមក។ ដើម្បីបង្កើនលំហាត់ប្រាណឱ្យបានត្រឹមត្រូវ លោក ចូវ យុនហ្វាត បានជួលលោក Su Kai-nam ដែលជាគ្រូបង្វឹករត់ប្រណាំងដ៏ល្បីនៅហុងកុង និងជាអតីតម្ចាស់កំណត់ត្រារត់ចម្ងាយឆ្ងាយ ដោយធ្លាប់បង្វឹកតារាហុងកុងល្បីៗជាច្រើននាក់ផងនោះ ដើម្បីមកបង្ហាត់ការរត់របស់លោក។

លោក ចូវ យុនហ្វាត បានចាប់ផ្តើមរត់ពាក់កណ្តាលម៉ារ៉ាតុងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលដែលលោកបានបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Hong Kong-Zhuhai-Macau Bridge ដោយបញ្ចប់នៅក្នុងថិរវេលា ២ម៉ោង ២៧នាទី និង ៥៦វិនាទី។ ការរត់ឆ្នាំនេះបាននាំមកនូវការលើកទឹកចិត្តកាន់តែខ្លាំងដល់លោក ចូវ យុនហ្វាត ដោយភរិយាជាទីស្រលាញ់ អ្នកស្រី ចាស្មីន តាន់ (Jasmine Tan) រង់ចាំស្វាមីនៅកន្លែងបញ្ចប់ទី។

លោក ចូវ យុនហ្វាត កាលពីចុងឆ្នាំ ២០២៤ ទើបតែបានបង្កការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមរួចទៅហើយ ខណៈលោកនៅតែប្រើទូរស័ព្ទ Nokia ស៊េរីចាស់មិនអាចភ្ជាប់អ៊ីនធឺណិតបាន ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានបណ្តាញសង្គម Instagram ឬគណនីបណ្តាញសង្គមណាមួយនោះទេ ព្រោះលោកនៅតែប្រើទូរស័ព្ទ Nokia ស៊េរីចាស់មិនអាចភ្ជាប់អ៊ីនធឺណិតបាន។

ការលើកឡើងនេះធ្វើឱ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៨ លោកស្រី ចាស្មីន តាន់ ដែលជាភរិយាបានឱ្យដឹងថា ទ្រព្យសម្បត្តិស្វាមីអ្នកស្រីសរុបមានចំនួនរហូតដល់ ៥,៦ពាន់លានដុល្លារហុងកុង ឬស្មើនឹង ៧២០លានដុល្លារអាមេរិក បើទោះបីជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយភាគីទី៣ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ