Man City បណ្តេញបុគ្គលិកម្នាក់ ដោយសារពាក់អាវ Man Utd ពេលកំពុងបំពេញការងារ
ចក្រភពអង់គ្លេស ៖ បើតាមកាសែត The Times, Daily Mail និង The Sun…
ចក្រភពអង់គ្លេស ៖ បើតាមកាសែត The Times, Daily Mail និង The Sun…
ចក្រភពអង់គ្លេស ៖ បើតាមកាសែត The Times, Daily Mail និង The Sun របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្លិប Manchester City បានបណ្តេញបុគ្គលិកបម្រើភេសជ្ជៈក្នុងបាររបស់ខ្លួនម្នាក់ចេញពីការងារ ដោយសារតែបុគ្គលិករូបនោះ បានពាក់អាវក្លិបជាគូប្រជែង Manchester United ពេលកំពុងបំពេញម៉ោងការងារនៅកីឡដ្ឋាន Etihad អំឡុងជំនួប Manchester Derby កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ។
ក្លិបបានដឹងអំពីបញ្ហានេះ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X ចេញពីគណនីឈ្មោះ @Mataniels ដោយការបង្ហោះនោះអមជាមួយរូបបុរសចាក់ស្រាបៀរជាបុគ្គលរបស់ក្លិប Man City ម្នាក់ បែរជាពាក់អាវពណ៌ខ្មៅមានស្លាកសញ្ញាក្លិប Man Utd ពេលបំពេញការងារទៅវិញ។ រូបនេះហើយបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Man City ដោយអ្នកខ្លះបានលើកឡើងថា ជារឿងអស់សំណើចណាស់ ដែលក្លិបអនុញ្ញាតឱ្យអ្នកចាក់ស្រាបៀរខ្លួនពាក់អាវ Man Utd បំពេញការងារនៅចំថ្ងៃប្រកួត Manchester Derby បែបនេះ។
បន្ទាប់ពីរូបនោះ ត្រូវបានចែកចាយបន្តលើបណ្តាលសង្គមរួចមក គណនីក្លិប Man City បានឆ្លើយតបភ្លាមៗយ៉ាងដូច្នេះថា «សូមអរគុណសម្រាប់ការធ្វើឱ្យយើងដឹងពីរឿងនេះ។ យើងអាចបញ្ជាក់បានថា បុគ្គលនេះ ត្រូវបានដកចេញពីការងារហើយ»។ ការសម្រេចចិត្តនេះ ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសលើបណ្តាញសង្គម ហើយក្រោយគណនីឈ្មោះ @Mataniels ត្រូវបានលុបគណនីចេញ។ កាសែត The Times រាយការណ៍ថា Man City មិនបានផ្តល់ការអត្ថាធិប្បាយបន្ថែមណាមួយលើបញ្ហានេះទេ។
សូមជម្រាបថា នៅក្នុងការប្រកួតរវាងក្រុមត្រកូល Manchester ទាំងពីរ ឬត្រូវបានស្គាល់ថា Manchester Derby កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ ដែលជាការប្រកួតសប្តាហ៍ទី៤ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នោះ ម្ចាស់ផ្ទះ Man City បានយកឈ្នះលើ Man Utd លទ្ធផល ៣-០ សម្រេចបានដោយកីឡាករ Phil Foden និងកីឡាករ Erling Haaland ២គ្រាប់ម្នាក់ឯង។ ជ័យជម្នះនេះជួយក្រុមរបស់លោក Pep Guardiola រំកិលខ្លួនឡើងមកឈរចំណាត់ថ្នាក់ទី៨ ដោយមាន៦ពិន្ទុ ខណៈដែល Man Utd ធ្លាក់ទៅចំណាត់ថ្នាក់ទី១៤ ដែលកំពុងធ្វើឱ្យកៅអីរបស់លោក Ruben Amorim ក្តៅកាន់តែខ្លាំងឡើង ហើយប្រសិនបើលទ្ធផលមិនប្រសើរឡើងនោះទេ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងត្រូវបណ្តេញចេញពីតំណែង៕
ចែករំលែកព័តមាននេះ