រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកីឡាកាយសម្ព័ន្ធកម្រិត១ ដែលបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង អស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ បានប្រកាសបិទជាផ្លូវការ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ណូយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាកាយសម្ព័ន្ធនេះ ទទួលបានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួមចំនួន ២២នាក់ ក្នុងនោះមានស្រីចំនួន ៨នាក់ មកពីតាមបណ្តាក្លិបចំណុះឲ្យសហព័ន្ធ ។
លោកអគ្គលេខាធិការរូបនេះ បានឲ្យដឹងទៀតថា វគ្គនេះទទួលបានកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងជំរុញបន្ថែមទៅលើជំនាញបច្ចេកទេសដល់គ្រូបង្វឹក ដែលមានស្រាប់ ដើម្បីអភិវឌ្ឍធនធានបច្ចេកទេសឲ្យកាន់តែប្រសើរ និងដើរឲ្យទាន់សម័យទំនើប ជាពិសេសចង់ជំរុញបន្ថែមទៅតាមកម្រិតស្តង់ដារអន្តរជាតិ ទាំងបរិមាណ និងគុណភាព ។
លោកក៏បានបន្តឲ្យដឹងទៀតថា ឆ្លងតាមការសិក្សាអស់រយៈពេល៥ថ្ងៃមកនេះ សង្កេតឃើញថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តបន្តបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ ក្នុងចំណោមសិក្ខាកាមទាំង ២២នាក់ ទទួលបាននិទ្ទេសល្អ ១៤នាក់ ល្អបង្គួរ៤នាក់ និងល្អមធ្យម ៤នាក់ ៕

ចែករំលែកព័តមាននេះ