បរទេស ៖ កីឡាករប្រដាល់គុនចម្រុះ UFC ដ៏ឆ្នើម Conor McGregor បានងាកទៅរកការគាំទ្រពីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក សញ្ជាតិអាមេរិក លោក Elon Musk ដើម្បីជួយដល់យុទ្ធនាការឈានទៅសម្រេចគោលដៅដ៏មានមហិច្ឆតាបំផុតរបស់ខ្លួនក្នុងការក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសអៀរឡង់។
កីឡាករគុនចម្រុះឆ្នើមជនជាតិអៀរឡង់វ័យ៣៧ឆ្នាំ McGregor អតីតម្ចាស់ក្រវាត់កំពូលស្ថាប័ន UFC បានចាប់ផ្តើមប្រកាសអំពីគោលដៅដ៏ភ្ញាក់ផ្អើលរបស់ខ្លួន កាលពីសប្តាហ៍មុន ដើម្បីប្រជែងតំណែងប្រធានាធិបតីអៀរឡង់ និងជាមហិច្ឆតាដ៏ធំបំផុតដែលកីឡាករកំពូលឌឺរូបនេះ ធ្លាប់បង្ហើបអស់ជាច្រើនខែមកហើយ មុនធ្វើការប្រកាសជាផ្លូវការ នៅក្នុងការបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន។
McGregor កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ បានបញ្ជាក់នៅក្នុងការបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនថា ការស្នើសាធារណជនអៀរឡង់ឱ្យទាក់ទងសមាជិកក្រុមប្រឹក្សានៅក្នុងតំបន់របស់ពួកគេ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ខ្លួននោះ មិនទាន់គ្រប់គ្រាន់ឈានដល់កម្រិត ឬ ចំនួនគាំទ្រដែលអាចឱ្យរូបគេត្រូវបានជ្រើសតាំងឈរឈ្មោះបាននៅឡើយទេ ដោយសារច្បាប់បោះឆ្នោតបច្ចុប្បន្នរបស់ប្រទេសអៀរឡង់។
McGregor ហាក់ដូចជា ពិបាកទទួលបានសិទ្ធិឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ព្រោះតែរាល់បេក្ខជនដែលជាពលរដ្ឋអៀរឡង់ត្រូវមានអាយុចាប់៣៥ឆ្នាំ ឬចាស់ជាងនេះ ហើយត្រូវបានតែងតាំងដោយសមាជិកយ៉ាងហោចណាស់ ២០នាក់នៃសភាអៀរឡង់ (Oireachtas) ឬអាជ្ញាធរមូលដ្ឋានយ៉ាងហោចណាស់៤នាក់ ដើម្បីអាចទទួលបានសិទ្ធិបញ្ចូលឈ្មោះបេក្ខជនរូបនោះទៅក្នុងសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយ Daily Mail និង USA Today។
យ៉ាងណាមិញ ក្រោយមក McGregor បានបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមសាជាថ្មីម្តងទៀត ដើម្បីចែករំលែករូបថតរបស់គេហៅទូរស័ព្ទជាវីដេអូខល (FaceTime) ជាមួយលោក Elon Musk មហាសេដ្ឋីមានបំផុតលើពិភពលោកពេលបច្ចុប្បន្ន និងធ្លាប់ចំណាយពេល១៣០ថ្ងៃនៃតួនាទីសំខាន់ក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៤ឆ្នាំ ដែលទ្រព្យសុទ្ធបច្ចុប្បន្នកើនដល់ ៤៣៥,៣ពាន់លានដុល្លាររូបនេះ ក្រោយមកក៏បានបង្ហាញសារគាំទ្រជាសាធារណៈ ចំពោះការប្រជែងតំណែងជាប្រធានាធិបតីរបស់ McGregor។ លោកបានសរសេរលើបណ្តាញសង្គម X ដូច្នេះថា «គ្មាននរណាម្នាក់នឹងតស៊ូដើម្បីប្រជាជនអៀរឡង់ជាង Conor McGregor ឡើយ!» ខណៈសារដ៏សំខាន់នេះ ត្រូវបានគេមើលឃើញថាជាការជំរុញមួយផ្នែកដល់ប្រជាប្រិយភាពរបស់ McGregor ក៏ដូចជាអំពាវនាវដល់អ្នកគាំទ្ររបស់គេស្រុះគ្នាជួយដល់កីឡាកររូបនេះ។
កន្លងមក McGregor បានបង្ហោះវីដេអូឈរនៅក្រៅអគាររដ្ឋាភិបាលអៀរឡង់ នៅទីក្រុង Dublin ដែលមានរយៈពេល២នាទី ដោយនៅក្នុងនោះ McGrego បានបញ្ជាក់ឡើងវិញនូវទស្សនៈ និងគោលជំហរប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ចប់ការដឹកនាំនាពេលបច្ចុប្បន្ន។ McGregor បានថ្លែងក្នុងវីដេអូថា «ប្រសិនបើអ្នកជាក្រុមប្រឹក្សាមានអារម្មណ៍ថាសំឡេងអ្នកត្រូវបានគេព្រងើយកន្តើយ ដៃអ្នកត្រូវបានគេចង ហើយសហគមន៍អ្នកមើលរំលង នោះខ្ញុំស្នើសុំឱ្យអ្នកឈរជាមួយខ្ញុំ។ តែងតាំងខ្ញុំ ហើយខ្ញុំនឹងផ្តល់ឱ្យអ្នកនូវវេទិកា និងអំណាចដើម្បីឱ្យសំឡេងអ្នកត្រូវបានស្តាប់យ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកចង់បោះឆ្នោតឱ្យ McGregor វាចាប់ផ្តើមឥឡូវនេះ។ ទូរស័ព្ទទៅក្រុមប្រឹក្សាមូលដ្ឋានរបស់អ្នកនៅថ្ងៃនេះ ហើយទាមទារការផ្លាស់ប្តូរ»។
បើតាមប្រភពពី BBC បានឱ្យដឹងថា McGregor ដើមឡើយបានប្រកាសពីផែនការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអៀរឡង់ កាលពីខែមីនាកន្លងទៅ ពោលពីរទៅបីថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់គេនៅសេតវិមានជាមួយលោកប្រធានាធិបតី ត្រាំ។ ការបោះឆ្នោតប្រធានាធិបតីអៀរឡង់ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដូច្នេះ McGregor ចាំបាច់ត្រូវទទួលបានការគាំទ្រពេញលេញ ដើម្បីអាចឈានដល់ការបញ្ចូលឈ្មោះទៅក្នុងសន្លឹកឆ្នោតឱ្យបានមុនថ្ងៃទី២៤ ខែកញ្ញា។
បច្ចុប្បន្ននេះ McGregor គ្មានទំនាក់ទំនងជាមួយគណបក្សនយោបាយណាមួយឡើយ ហើយក៏គ្មានបទពិសោធន៍ក្នុងកិច្ចការរបស់ការិយាល័យជាប់ឆ្នោតផងដែរ។ ក្រៅពីនោះ រឿងអាស្រូវរបស់កីឡាកររូបនេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់ករណីរំលោភសេពសន្ថវៈកាលឆ្នាំ២០១៨ និងបន្តប្តឹងផ្តល់គ្នាជាបន្តបន្ទាប់ ព្រមទាំងរឿងអាស្រូវផ្សេងទៀត ក៏នឹងក្លាយជាឧបសគ្គសម្រាប់រូបគេ ដើម្បីសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន។ ដកស្រង់ ៖ Daily Mail, BBC, USA Today និង Forbes



ចែករំលែកព័តមាននេះ