ទីក្រុងប្រាយ៉ា ៖ កាប់វែរបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសន្លាំង ដោយបានកៅអីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ជាលើកដំបូងបង្អស់។
កាប់វែរ ប្រទេសកោះដ៏តូចមួយ ដែលមានផ្ទៃដីត្រឹម ៤ ០៣៣គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៥២៧ ០០០នាក់ប៉ុណ្ណោះ បានកក់កៅអីទៅកាន់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលជ័យជម្នះនៅក្នុងផ្ទះដោយលទ្ធផល ៣-០ លើក្រុមភ្ញៀវអេស្វាទីនី (Eswatini) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅឯកីឡដ្ឋានជាតិកាប់វែរ នៅទីក្រុងប្រាយ៉ា ដើម្បីបញ្ចប់នៅកំពូលតារាងពូល D នៃការប្រកួតជម្រុះជុំទី ១ ទ្វីបអាហ្វ្រីក។
ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pedro Leitao Brito កាប់វែរឆ្លងកាត់ ១០ ប្រកួត ឈ្នះ ៧ ស្មើ ២ និងចាញ់ ១ ឈ្នះកៅអីស្វ័យប្រវត្តិទៅកាន់ World Cup ឆ្នាំ២០២៦។ ការប្រកួតជម្រុះជុំទី ១ ទ្វីបអាហ្វ្រីក ត្រូវបានបែងចែកជា ៩ ពូល ១ ពូលមាន ៦ ក្រុម។ ក្រុមកំពូលទាំង ៩ នឹងបានកៅអីស្វ័យប្រវត្តិ ខណៈដែលក្រុមលេខ ២ ល្អ ៤ ក្រុម បន្តទៅទៅកាន់ការប្រកួតជម្រុះជុំទី ២។
ក្រៅពីកាប់វែរ អ៊ូសបេគីស្ថាន និងហ្ស៊កដានី ក៏ជាប្រទេសបានកៅអីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ បន្ទាប់ពីប្រទេសទាំងពីរធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតជម្រុះជុំទី ៣ ទ្វីបអាស៊ី។
អ៊ូសបេគីស្ថានបានបញ្ចប់នៅលេខ ២ ពូល A និងអ៊ីរ៉ង់នៅកំពូលតារាង។ រីឯហ្ស៊កដានីក៏បញ្ចប់នៅលេខ ២ ពូល B និងកូរ៉េខាងត្បូងឈរនៅកំពូលតារាង។ ការប្រកួតជម្រុះជុំទី ៣ ទ្វីបអាស៊ី ត្រូវបានបែងចែកជា ៣ ពូល ១ ពូលមាន ៦ ក្រុម។ ក្រុមកំពូលទាំង ២ តាមពូលនីមួយៗ ឈ្នះកៅអីទៅកាន់ World Cup ឆ្នាំ២០២៦ ដោយស្វ័យប្រវត្តិ ខណៈដែលក្រុមលេខ ៣ និង ៤ បន្តទៅកាន់ការប្រកួតជម្រុះជុំទី ៤។
គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ប្រទេសចំនួន ១៩ បានកក់កៅអីពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ រួមជាមួយម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ីក ប្រទេសទាំងនោះរួមមាន ៖ ជប៉ុន នូវែលសេឡង់ អ៊ីរ៉ង់ អាហ្សង់ទីន អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី អូស្ត្រាលី ប្រេស៊ីល អេក្វាឌ័រ អ៊ុយរ៉ាហ្គាយ កូឡុំប៊ី ប៉ារ៉ាហ្គាយ ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្សេរី ហ្គាណា និងកាប់វែរ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយបន្ថែមក្រុមចូលរួមដល់ ៤៨ ខុសពីការប្រកួតមុនៗ ដែលមានត្រឹម ៣២ ក្រុមប៉ុណ្ណោះ៕ រូបភាព ៖ FIFA
ចែករំលែកព័តមាននេះ