រាជធានីភ្នំពេញ ៖ កីឡាករ ដែលមានរហ័ស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ ពិតជាធ្វើបានល្អមែនទែន ដោយគេបានបញ្ចេញកណ្ដាប់ដៃដែកវាយបំបាក់អំនួតកីឡាករម្ចាស់ផ្ទះ ខា ឡូសូ ធ្វើឱ្យផ្អើលសង្វៀនស្រុកចិន និងមិននឹកស្មានដល់ព្រោះគេដឹងថា អ្នកប្រដាល់រូបនេះ គឺជាជើងខ្លាំងមួយរូបប្រចាំបប្រទេសចិន ហើយក៏ជាម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថាប័នផងដែរ ឱ្យចាញ់ពិន្ទុដាច់ទាំង៣ទឹក ក្នុងដំណើរបេសកកម្មទៅប្រកួតផ្សព្វក្បាច់គុនបូរាណខ្មែរ នៅប្រទេសចិនរបស់ក្រុមកីឡាករ កីឡាការិនី ប្រដាល់គុនខ្មែរ ចំនួន៦រូបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។
កីឡាករ ពេជ្រ សម្បត្តិ ពិតជាធ្វើបានល្អខ្លាំងណាស់ និងមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ ទោះបីជាការប្រកួតបានអូសបន្លាយរហូតទៅដល់៣ទឹកពេញ ក៏ពិតមែន ប៉ុន្តែគេបានធ្វើឱ្យអ្នកប្រដាល់ល្បីឈ្មោះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប្រចាំប្រទេសចិនឈ្មោះ ខា ឡូសូ ដែលជាម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថាប័ន និងជាម្ចាស់ពានរង្វាន់ ក្នុងនោះក៏ជាម្ចាស់ខ្សែក្រវាត់ WBC ផងដែរ ឱ្យចាញ់យ៉ាងដំណំ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើសង្វៀនប្រទេសចិន។ ហើយអ្វី ដែលកើតឡើងនៅពេលនោះ សក្តិសមបំផុតទៅនឹងរហ័សនាម ដែលប្រជាជនខ្មែរដាក់ថា ជាក្របីព្រៃ ទៀតផង។ ព្រោះតែការប្រកួតចាប់ពីទឹកទី១ ដល់ទឹកទី៣ គេបានសម្រុកដើរចូលប្រើស្នៀតកណ្ដាប់ដៃ វាយសន្ធាប់ទៅលើកីឡាករ ខា ឡូសូ ដូចក្របីឡើង.ក ធ្វើឱ្យកីឡាករចិនរូបនេះ រកឱកាសតដៃសឹងតែមិនបាន ។
កីឡាករ ពេជ្រ សម្បត្តិ ការមកប៉ះជាមួយកីឡាករចិន ខា ឡូសូ លើកនេះ គ្រាន់តែនៅត្រឹមដើមទឹកទី១ ប្រកួតមិនទាន់បាន១នាទីស្រួលបួលផងនោះ គេបានម៉ាត់ចូលមុខកីឡាករ ខា ឡូសូ ពេញៗជាច្រើនដៃ រហូតដល់ថ្នាក់បែកឈាមចេញតាមច្រមុះ ដួលអុកគូថទៅលើតាគី ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួច ឃើញថា មិនអី កីឡាករ ខា ឡូសូ ត្រូវបានអនុញ្ញាតឱ្យប្រកួតបន្ត។ ប៉ុន្តែចូលដល់ទឹកទី២ និងទី៣ កីឡាករ ពេជ្រ សម្បត្តិ មិនបន្ធូរដៃទេ នៅតែបង្កើនការវាយសម្រុកកាន់តែខ្លាំងលើសដើម។ និយាយរួម ទំនងមិនចង់ឱ្យគូប្រកួតរបស់គេ ឆ្លងផុតពីទឹកទី៣នោះទេ។ តែទោះជាយ៉ាងណា កីឡាករចិនម្នាក់នេះអាចតស៊ូ ប្រកួតរហូតដល់ចប់ទឹកទី៣ និងបានប្ដូកណ្ដាប់ដៃវាយបកសងមកវិញ ជាការសងសឹក មិនព្រមចុះចាញ់ដោយងាយនោះឡើយ ក្នុងនាមជាអ្នកប្រដាល់ជើងខ្លាំង ល្បីឈ្មោះម្នាក់ ដែលធ្លាប់គេកោតក្រែងគ្រប់ៗគ្នា។ តែទីបំផុត ត្រូវបានលោកអាជ្ញាកណ្ដាលប្រកាសឱ្យចាញ់កីឡាករ ពេជ្រ សម្បត្តិ ត្រឹមតែពិន្ទុ ទាំងមិនអស់ចិត្ត ក្រោយចប់ការប្រកួត ។
កីឡាករចិន ខា ឡូសូ បើតាមស្ដាប់ប្រវត្តិគេជាអ្នកប្រដាល់មួយរូប ដែលធ្លាប់ហ្វឹកហាត់នៅប្រទេសថៃ ហើយក៏ជាជើងខ្លាំងម្នាក់ ធ្លាប់ធ្វើព្យុះភ្លៀងនៅប្រទេសថៃ យូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ កីឡាករចិនម្នាក់នេះ ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនគ្រឿងថែមទៀតផង ក្នុងនោះមានទាំងខ្សែក្រវាត់ពិភពលោក WBC ទៀតផង។ ប៉ុន្តែទីបំផុត បែរជាមកចាញ់ក្រោមកណ្ដាប់ដៃក្របីព្រៃ ពេជ្រ សម្បត្តិ ទាំងមិនអស់ចិត្តទៅវិញ ។
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរទៅផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរ ដែលដឹកនាំដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅប្រទេសចិន លើកនេះ គឺធ្វើនៅខេត្តស៊ីឆ័ន ទីក្រុងឆឹងទូ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ចំណែកក្រុមប្រតិភូកីឡាប្រដាល់គុនខ្មែរ ដែលធ្វើដំណើរទៅចូលរួមប្រកួតលើកនេះ មានចំនួន៦នាក់។ ជាលទ្ធផលឈ្នះ២នាក់ ស្មើ១នាក់ ចាញ់៣នាក់ ។ អ្នកដែលឈ្នះ មានកីឡាករ ពេជ្រ សម្បត្តិ កីឡាការិនី រិទ្ធី វ៉ានិច្ច ចំណែកីឡាករ ឡៅ ចិត្រា ស្មើពិន្ទុ។ ដោយឡែកអ្នក ដែលប្រកួតចាញ់ទាំង៣នាក់ មានកីឡាករិនី អេ យ៉ានុត កីឡាករ មឿន សុខហ៊ុច និងកីឡាករ ពេជ្រ អទិទេព ៕



ចែករំលែកព័តមាននេះ