ប្រទេសព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo បានសម្រេចបានជោគជ័យដ៏ធំសម្បើមមួយទៀតនៅក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួន ដោយក្លាយជាកីឡាករបាល់ទាត់ដំបូងគេបង្អស់ មានងារជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិក។
យោងតាមការធ្វើបច្ចុប្បន្នភាពនៃបញ្ជីបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោករបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញថា ទ្រព្យសុទ្ធរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al-Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) វ័យ៤០ឆ្នាំរូបនេះ សរុបចំនួន ១,៤ ពាន់លានដុល្លារអាមេរិក។ នេះក៏ជាលើកដំបូងផងដែរ ដែលទ្រព្យរបស់ Ronaldo ត្រូវបានទទួលស្គាល់ដោយ Bloomberg ហើយបានធ្វើឱ្យរូបគេក្លាយជាកីឡាករបាល់ទាត់ដំបូងគេលើពិភពលោក ដែលសម្រេចបានងារជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ។
របាយការណ៍ពី Bloomberg ដដែលក៏បានឱ្យដឹងថា Ronaldo រកចំណូលបានច្រើនជាង ៥៥០លានដុល្លារពីថ្លៃពលកម្មនៃអាជីពបាល់ទាត់របស់ខ្លួន នៅចន្លោះឆ្នាំ ២០០២ ដល់ឆ្នាំ ២០២៣ ជាមួយប្រាក់ចំណូលដ៏មហាសាលផ្សេងទៀត តាមរយៈកិច្ចព្រមព្រៀង និងនៃគូសហការឧបត្ថម្ភ រួមទាំងកិច្ចសន្យារយៈពេល១០ឆ្នាំជាមួយក្រុមហ៊ុនផលិតសម្ភារកីឡាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nike តម្លៃជិត ១៨លានដុល្លារក្នុង១ឆ្នាំ។
លើសពីនេះទៀត នៅពេលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមជាមួយក្លិប Al-Nassr ក្នុងឆ្នាំ ២០២២ រូបគេត្រូវបានរាយការណ៍ថា ក្លាយជាកីឡាករ មានថ្លៃពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលចំនួន ២០០លានអឺរ៉ូក្នុង១ឆ្នាំ ឬ ២៣២ដុល្លារអាមេរិក។ កុងត្រារបស់កីឡាកររូបនេះ នឹងត្រូវអសពុលភាពនៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែបានសម្រេចចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល២ឆ្នាំទៀត ដែលមានតម្លៃជាង ៤០០លានដុល្លារអាមេរិក។
ក្រឡេកទៅខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក (MLS) កីឡាករ Lionel Messi ជាគូប្រជែងដ៏ស្វិតស្វាញជាមួយនឹង Ronaldo អស់ជាច្រើនឆ្នាំហើយនោះ ក៏ត្រូវបានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបមានចំនួន ៦០០លានដុល្លារអាមេរិក៕ ដកស្រង់ ៖ BBC


ចែករំលែកព័តមាននេះ