រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២៥ ជាផ្លវការ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីលានពហុកីឡដ្ឋានជាតិ ។
លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន១១ ដើម្បីឱ្យកីឡាករ កីឡាការិនី ប្រកួតប្រជែងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ទើបបញ្ចប់ការប្រកួតជាផ្លូវការ ។
លោកស្រី បានឲ្យដឹងទៀតថា វិញ្ញាសា១១ ដែលដាក់ឱ្យប្រកួតប្រជែងនេះ រួមមាន ៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ(ក)វាយគូបុរស អក្សរ(ខ) វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារី ក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី ។
លោកស្រី អគ្គលេខាធិការរង បានលើកឡើងថា ក្នុងចំណោម១១វិញ្ញសានេះ .វិញ្ញាសាប្រកួតជាក្រុមចម្រុះបុរស និងនារី គឺជាវិញ្ញាសាថ្មី ដែលទើបបានដាក់បញ្ចូលជាលើកដំបូង បន្ទាប់ពីមើលឃើញថា ជាវិញ្ញាសា ដែលមានសក្កានុពល សម្រាប់ក្រុមកីឡាសហ្វតិន្នីសកម្ពុជា ក្នុងការត្រៀមលក្ខណៈប្រកួតប្រជែងដណ្តើមមេដាយ ក្នុងការប្រកួតកម្រិតអន្តរជាតិ ។
ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥នេះ ដែលមានក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា ៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន៩១រូប។ ការប្រកួតនេះ ទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ ធ្វើការប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឲ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីស នាពេលអនាគត ៕



ចែករំលែកព័តមាននេះ