កីឡាករ ឡុង អាឆើត ឈ្នះកីឡាករថៃ នៅប្រទេសម៉ាឡេស៊ី នាំយកខ្សែក្រវាត់១គ្រឿងត្រឡប់មកវិញ
រាជធានីភ្នំពេញ ៖ ពិតជាមោទនភាពណាស់ សម្រាប់កីឡាករកម្ពុជា ឡុង អាឆើត ដែលបានប្រកួតយកឈ្នះកីឡាករថៃ ឈ្មោះ NUNG ដោយពិន្ទុ…
រាជធានីភ្នំពេញ ៖ ពិតជាមោទនភាពណាស់ សម្រាប់កីឡាករកម្ពុជា ឡុង អាឆើត ដែលបានប្រកួតយកឈ្នះកីឡាករថៃ ឈ្មោះ NUNG ដោយពិន្ទុ…
រាជធានីភ្នំពេញ ៖ ពិតជាមោទនភាពណាស់ សម្រាប់កីឡាករកម្ពុជា ឡុង អាឆើត ដែលបានប្រកួតយកឈ្នះកីឡាករថៃ ឈ្មោះ NUNG ដោយពិន្ទុ កាលពីយប់ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដោយបានយកខ្សែក្រវាត់ ១គ្រឿង ត្រឡប់មកវិញ ។
សម្រាប់ការប្រកួតរវាងកីឡាករ ឡុង អាឆើត ជាមួយកីឡាករថៃ ឈ្មោះ NUNG គឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតនេះធ្វើឡើងរយៈពេល៥ទឹកពេញ ។ ទោះជាយ៉ាងណា គេសង្កេតឃើញកីឡាករ ឡុង អាឆើត ធ្វើបានល្អមែនទែន ក្នុងការប្រកួតទាំង៥ទឹក។
កីឡាករថៃម្នាក់នេះ បើតាមការឲ្យដឹងពីលោក រី គី គេមានប្រវត្តិប្រកួតមិនធម្មតានោះទេ។ នៅមុនពេលប្រកួត សូម្បីតែអ្នកគាំទ្រកីឡាករ ឡុង អាឆើត ភាគច្រើន ក៏គេមិនសូវជាទុកចិត្តលើ ឡុង អាឆើត នោះដែរ ។
ទោះបីជាមានប្រវត្តិមិនធ្លាប់ជួបគ្នាពីមុនមកមែន ប៉ុន្តែការប៉ះកីឡាករថៃលើកនេះ ឡុង អាឆើត ហាក់បីដូចជាមានជំនឿចិត្តយ៉ាងខ្លាំង ព្រោះគេសង្កេតឃើញថា គ្រាន់តែចាប់ផ្តើមប្រកួត នៅទឹកទី១ ប៉ុណ្ណោះ ឡុង អាឆើត សម្រុកចូលវាយគ្មានញញើតអ្វីបន្តិចសោះ។ សរុបសេចក្តីទៅ គេទាំងពីរ វាយបកសងទៅសងមកយ៉ាងខ្លាំងក្លាបំផុត។ ចូលដល់ទឹកទី២ និងទី៣ ឡុង អាឆើត និងកីឡាករថៃ NUNG បានប្រើស្នៀតជើងទាត់សម្រុកគ្នាយ៉ាងចាស់ដៃ។ ប៉ុន្តែសម្រាប់ការប្រកួតទាំង៣ទឹក មកនេះ តាមការកត់សម្គាល់ គេសង្កេតឃើញ ឡុង អាឆើត មានប្រៀបជាង ខណៈដែលកីឡាករថៃ ព្យាយាមដកថយ សឹងតែមិនទាន់។ ជាពិសេស ចូលដល់ទឹកទី៤ និងទី៥ ឡុង អាឆើត មានឱកាសចូលវាយសន្ធាប់ទៅលើកីឡាករថៃ ក្នុងគោលបំណងចង់ផ្ដួល NUNG មិនឲ្យឆ្លងផុតពីទឹកទី៥នោះទេ ។
ក្នុងការប្រកួតទាំង៥ទឹក ឡុង អាឆើត រក្សាគោលជំហរវាយបានល្អមែនទែន បានយកប្រៀបទៅលើកីឡាករថៃទាំងស្រុងតែម្តង។ ជាមួយនឹងជ័យជម្នះរបស់កីឡាករ ឡុង អាឆើត នាពេលនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសការដណ្ដើមបានខ្សែក្រវាត់១គ្រឿងត្រឡប់មកវិញ ។
តាមការលើកឡើងរបស់មិត្តរួមអាជីពរបស់គេ ក្នុងរយៈពេលមួយខែនេះ កីឡាករ ឡុង អាឆើត បាននាំយកខ្សែក្រវាត់ចំនួន ២គ្រឿង ពីក្រៅប្រទេសត្រឡប់មកវិញ។ កាលពីប៉ុន្មានសប្តាហ៍មុន គេឈ្នះខ្សែក្រវាត់ ១គ្រឿង មកពីប្រទេសចិន លើកនេះ ឈ្នះខ្សែក្រវាត់ ១គ្រឿងទៀត ពីការប្រកួតជាមួយកីឡាករថៃ ឈ្មោះ NUNG នៅប្រទេសម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ