សហរដ្ឋអាមេរិក ៖ កញ្ញា Maria Sharapova នៅតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីសំណាក់មហាជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក បន្ទាប់ពីអតីតកីឡាការិនីវាយតេនី្នសលំដាប់លេខ ១ ពិភពលោក ជនជាតិរុស្ស៊ី កាលពីពេលថ្មីនេះ បានបង្ហាញវត្តមានជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតស្ថិតនៅក្នុងវ័យ៣៨ឆ្នាំ ដើម្បីចូលរួមនៅក្នុងពិធីជប់លៀងដ៏ប្រណិតមួយ នៅឯទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ជាមួយអតីតកីឡាករបាល់ទាត់ឆ្នើមអង់គ្លេស លោក David Beckham និងកីឡាការិនីវាយតេនី្នសសញ្ជាតិបេឡារុស Aryna Sabalenka ម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ២០២៥។
ជាការកត់សម្គាល់ បន្ទាប់ពីផ្តួលកីឡាការិនីអាមេរិក Amanda Anisimova ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open ឆ្នាំ២០២៥នោះ កីឡាការិនី Aryna Sabalenka បានចូលរួមកម្មវិធីជប់លៀងជាច្រើន និងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីៗជាច្រើននៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ នៅក្នុងពិធីជប់លៀងដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា អ្នកគ្រប់គ្នាហាក់បង្វែរការចាប់អារ្មណ៍យ៉ាងខ្លាំងបំផុតទៅលើកញ្ញា Maria Sharapova។
អតីតកីឡាការិនីចាយសម្រស់ ដែលត្រូវបានអ្នកគាំទ្រហៅថា «កូនក្រមុំតុក្កតារុស្ស៊ី» នោះ បានធ្វើឱ្យមហាជនជាច្រើន ពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបរាង និងសម្រស់ស្រស់របស់នាង រហូតអ្នកខ្លះលើកឡើង Sharapova កាន់តែចម្រើនវ័យកាន់តែស្រស់ស្អាត។
នៅក្នុងរូបជាច្រើនដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនផងនោះ Sharapova ដែលត្រូវបានចាត់ទុកជាកីឡាការិនីវាយតេនី្នសលំដាប់ពិភពលោក និងឆ្នើមបំផុតគ្រប់ពេលនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ីនោះ បានបង្ហាញសា្នមញញឹមយ៉ាងស្រស់ស្អាត និងកាយវិការយ៉ាងជិតស្និទ្ធពេលថតរូបជាមួយនឹងលោក David Beckham ដោយរូប១សន្លឹកនោះ ទទួលបានការចែករំលែក និងការបញ្ចេញមតិកោតសរសើរជាច្រើន ដ្បិតស្ថិតក្នុងវ័យ៣៨ឆ្នាំ នៅតែរក្សារូបរាងក្មេងជាងវ័យ និងទាក់ទាញរបស់នាង ហើយរូបផ្សេងទៀតរបស់នាងដែលបានថតជាមួយបុគ្គលល្បីៗ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។
គួររំលឹកថា Maria Sharapova ដែលបានចូលនិវត្តន៍ពីអាជីពនៅក្នុងឆ្នាំ ២០២០ បានជាប់ចំណាត់ថ្នាក់លេខ១ពិភពលោក លើវិញ្ញាសាឯកត្តជននារី ដោយសមាគមកីឡាវាយតេនី្នស (WTA) រយៈពេល២១សប្តាហ៍។ នាងបានឈ្នះពានរង្វាន់ឯកត្តជនកម្រិត WTA Tour ចំនួន ៣៦ រួមទាំងពានរង្វាន់ធំ Grand Slam ចំនួន ៥ លើកផងដែរ។ ទោះយ៉ាងណាក៏ដោយ អាជីពរបស់នាងបានជួបព្យុះភ្លៀងយ៉ាងខ្លាំង ដោយសារតែរឿងអាស្រូវប្រើប្រាស់សារធាតុជំនួយកម្លាំងខុសច្បាប់កាលពីឆ្នាំ ២០១៧ បណ្តាលឱ្យនាងធ្លាក់ចំណាត់ថ្នាក់មកនៅលំដាប់ទី ៣៧៣ ពិភពលោក។
Sharapova ទទួលបានរហស្សនាមថា «អត្តពលិកសិចស៊ីបំផុតលើពិភពលោក» ដោយទស្សនាវដ្តី Maxim អស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយក៏ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes បុគ្គលល្បីល្បាញបំផុតទាំង១០០នាក់របស់ពិភពលោក ពីឆ្នាំ ២០០៥ ដល់ ២០១១។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ម៉ូដែលសម្រាប់ទស្សនាវដ្តី Sports Illustrated ផងដែរ។
ចាប់តាំងពីឆ្នាំ២០១៨ Sharapova មានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញជនជាតិអង់គ្លេស លោក Alexander Gilkes។ នៅខែធ្នូ ឆ្នាំ២០២០ អ្នកទាំងពីរបានប្រកាសពីការភ្ជាប់ពាក្យជាផ្លូវការ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់៕ ដកស្រង់ ៖ The Sun និង Znews






ចែករំលែកព័តមាននេះ