ទីក្រុងបាងកក ៖ ប្រទេសថៃកំពុងតែប្រឈមមុខនឹងការខ្វះខាតថវិកាចំនួន ៤៥៩លានបាត ឬស្មើនឹង ១៤,៤លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិពេញលេញដល់ការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នៅចុងឆ្នាំ ២០២៥។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress បានចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
កាលពីខែមិថុនាកន្លងទៅ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន ៦៤,៦លានដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ (ASEAN Para Games)។ លើសពីនេះ បណ្តាអង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀត តាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ៩០ថ្ងៃទៀតប៉ុណ្ណោះ ប្រធានអាជ្ញាធរកីឡារបស់ប្រទេសថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ការផ្តល់ប្រាក់មូលនិធិមិនទាន់បានបញ្ចប់នៅឡើយទេ។ លោកបានប្រាប់សារព័ត៌មានក្នុងស្រុកថា «ថវិកាចំណាយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅតែខ្វះចំនួន ៤៥៩លានបាតទៀត ហើយផ្នែកនេះ គឺដោយសារតែការកាត់បន្ថយដោយនាយកដ្ឋានថវិកាជាតិ។ យើងបានស្នើសុំចំនួនបន្ថែមនេះ ដើម្បីរ៉ាប់រងលើចំនួនកីឡាប្រកួត អត្តពលិក និងតម្លៃប្រតិបត្តិការខ្ពស់ជាងនេះ»។
ការពន្យារពេលទម្លាក់ថវិកានេះ អាចជាប់ទាក់ទងនឹងអស្ថិរភាពនយោបាយនាពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong កាលពីថ្ងៃទី៨ កញ្ញា កន្លងទៅ។ ទាក់ទងបញ្ហានឹងនេះ លោក Kongsak Yodmanee បានបង្ហាញការជឿជាក់ថា អ្នកមកជំនួសលោក Thienthong នឹងផ្តល់អាទិភាពដល់កីឡាស៊ីហ្គេម។
អាជ្ញាធរកីឡាថៃបានរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ណាមួយ ដោយធានាថា ផែនការទាំងមូលនៅតែមានទៅតាមកាលវិភាគ។ ការរៀបចំទាំងអស់ត្រូវបានសម្របសម្រួលជាមួយនាយកដ្ឋានថវិកាជាតិ រួមទាំងការកែសម្រួលទាក់ទងនឹងការបង្កើតគណៈកម្មាធិការរៀបចំថ្មី ចំពេលមានការផ្លាស់ប្តូររដ្ឋាភិបាល។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣៣ តាមការគ្រោងទុកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន៣ របស់ប្រទេសថៃ រួមមាន ៖ ទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ ១២,៥០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ត្រូវបានរំពឹងថានឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៥៧៤ ចេញពីកីឡាសរុបចំនួន ៥០ ប្រភេទ៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ